សហភាពអឺរ៉ុប នៅថ្ងៃនេះបានគាំទ្រជាសាធារណៈចំពោះក្រុមបេសកកម្មអន្តរជាតិសម្រាប់ស៊ើបអង្កេតទៅលើការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសភូមា ចំពេលដែលមេដឹកនាំភូមាអ្នកស្រី អ៊ុងសាន ស៊ូជី កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅតំបន់អឺរ៉ុប។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលមើលឃើញថា វាគឺជាការថ្លែងរិះគន់ទៅលើជយលាភីពានរង្វាន់ណូបែលសន្តិភាពរូបនេះ ចំពោះបញ្ហារំលោភសិទ្ធិមនុស្សជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។
ប្រមុខការបរទេសសហភាពអឺរ៉ុប អ្នកស្រី Federica Mogherini ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអ្នកស្រី ស៊ូជី នោះ បានលើកឡើងថា ការសម្រេចរួមរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នឹងជួយជម្រះភាពមិនច្បាស់លាស់អំពីការចោទថា មានការសម្លាប់មនុស្ស ការធ្វើទារុណកម្ម និងការរំលោភផ្លូវភេទទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
ផ្អែកតាមសេចក្ដីសម្រេចនោះ ស្ថានប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នឹងបញ្ជូនក្រុមបេសកជនអន្តរជាតិមួយក្រុម ឲ្យទៅស្វែងរកការពិតនៅក្នុងប្រទេសភូមា បើទោះបីជាអ្នកស្រី ស៊ូជី បានច្រានចោលការចោទថាមានការរំលោភសិទ្ធិមនុស្សក៏ដោយ។
អ្នកស្រី Mogherini បានថ្លែងថា បេសកកម្មស្វែងរកការពិត នឹងផ្ដោតទៅលើការរកឲ្យឃើញការពិតអំពីអតីតកាល ដោយអ្នកស្រីថា ក្រុមបេសកកម្មនេះ អាចចូលរួមចំណែកក្នុងការស្វែងរកការពិត៕