តើអ្នកបោះឆ្នោតគាំទ្រលោក សម រង្ស៊ី ឬក៏ចង់បានការផ្លាស់ប្ដូរ? សំណួរនេះ ត្រូវបានលើកឡើងនៅពេលមានការជជែកគ្នារឿងនយោបាយ នៅតុកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ។ គេបាននិយាយថា នៅមុនពេលការឃោសនាបោះឆ្នោតខិតជិតមកដល់ ពួកទេវតាបានដើរឃោសនារកការគាំទ្រ ដោយវាយប្រហារទៅឋានព្រះអាទិត្យ។ ការវាយប្រហារនោះមានពីរគឺ៖
ទី១ គឺសម្ដេចម្នាក់របស់ឋានទេវតា បានកោះហៅគ្រូបង្រៀនទៅជួបជុំនៅក្នុងកម្មវិធីសំណេះសំណាល ហើយចែកលុយឲ្យគ្រូៗចាយម្នាក់ប្រាំម៉ឺនរៀល។ ក្នុងពិធីនោះ សម្ដេចបាននិយាយដោយមានទំនុកចិត្តថា លោកគ្រូ អ្នកគ្រូដែលចូលទៅស្ដាប់គាត់និយាយនោះ សុទ្ធតែជាមនុស្សរបស់ឋានទេវតាទាំងអស់។ គាត់ថា ឥឡូវនេះ យើងកម្ទេចបានអ្នកកាន់កាំភ្លើងធំរបស់ឋានព្រះអាទិត្យហើយ ចំណែកឯអ្នកថ្មីដែលឡើងមកកាន់កាំភ្លើងធំនេះ មិនប្រាកដថាជាមនុស្សរបស់អ្នកកាន់កាំភ្លើងធំចាស់នោះទេ។ ដូច្នេះ ចូរយើងទាំងអស់គ្នាខំប្រឹងឡើង ធ្វើយ៉ាងម៉េចកុំឲ្យព្រះអាទិត្យឈ្នះឆ្នោត ចូលមកកាន់អំណាចបាន ព្រោះវាជាគ្រោះថ្នាក់របស់ឋានទេវតា។
ទី២ គឺមនុស្សនៅឋានទេវតា បានចុះទៅតាមផ្ទះប្រជាពលរដ្ឋ ដែលគេដឹងថាជាមនុស្សមិនច្បាស់លាស់ ឬមិនប្រាកដប្រជាថាគាំទ្រខាងទេវតា ឬគាំទ្រខាងព្រះអាទិត្យ។ ពេលចុះទៅនោះក្រៅពីសំណេះសំណាល គេក៏ចែកលុយឲ្យប្រាំម៉ឺនរៀលដែរ ហើយគេឲ្យជាគំនិតថា តើទៅបោះឆ្នោតឲ្យបក្សព្រះអាទិត្យធ្វើអីបើលោក សម រង្ស៊ី ឈប់ធ្វើជាប្រធានបក្សហើយហ្នឹង? បើបោះឆ្នោតឲ្យព្រះអាទិត្យ ដូចគាំទ្រលោក កឹម សុខាទៅវិញទេ។
ក្រោយពីបានស្ដាប់នូវការវាយប្រហារទាំងពីរនេះ មានបុរសម្នាក់បានលើកឡើងនូវពាក្យមួយឃ្លា ដែលជាចំណងជើងនៃអត្ថបទនេះថា “តើអ្នកបោះឆ្នោតគាំទ្របុគ្គលសម រង្ស៊ី ឬក៏ចង់បានការផ្លាស់ប្ដូរ?” គាត់បាននិយាយដោយច្បាស់ៗ ហើយសង្កត់ធ្ងន់ថា គាត់មិនមែនគាំទ្រឋានព្រះអាទិត្យ ដោយហេតុថាគាត់ស្រឡាញ់ជាប់ចិត្តនឹងបុគ្គលណាម្នាក់ទេ បំណងធំរបស់គាត់គឺចង់បានការផ្លាស់ប្ដូរ។ គាត់ថា គាត់ឆ្អែតនឹងពួកទេវតាអស់នោះហើយ ពួកនោះកាន់អំណាចជិតសែសិបឆ្នាំ ធ្វើមានបាន និងសប្បាយតែបក្សពួក និងកូនចៅទេវតាប៉ុណ្ណោះ ចំណែកឯរាស្ត្រវេទនាហួសនឹងថ្លែង ខ្លះចេញទៅស៊ីឈ្នួលគេនៅក្រៅប្រទេស និរាស្ត្រព្រាត់ប្រាស់ប្ដីប្រពន្ធកូនចៅឪពុកម្ដាយ សូម្បីរដូវចូលឆ្នាំក៏គ្មានលុយមកលេងផ្ទះផង ចំណែកកសិករ ធ្វើស្រែ ធ្វើចម្ការ ចិញ្ចឹមសត្វ គ្មានទីផ្សារសម្រាប់លក់ លក់មិនឈ្នះផលិតផលមកពីបរទេស ធ្វើការមួយឆ្នាំទល់មួយឆ្នាំមានតែជំពាក់បំណុលគេ។
បុរសម្នាក់នេះ បានលើកជាសំណួរទៅដល់អ្នកអង្គុយនៅតុកាហ្វេនោះថា តើអ្នកទាំងអស់គ្នាស្រឡាញ់ព្រៃឈើទេ? អ្នកផ្សេងឆ្លើយថា “ស្រឡាញ់!” គាត់ថា បើស្រឡាញ់ព្រៃឈើ តើអ្នកនឹងបោះឆ្នោតគាំទ្រពួកទេវតាទៀតទេ? ម្នាក់ៗគ្រវីក្បាល។ គាត់ក៏សួរមួយសំនួរទៀត តើស្រឡាញ់យុត្តិធម៌ទេ? ចម្លើយដូចមុនដែរ គឺស្រឡាញ់។ គាត់ថា បើស្រឡាញ់យុត្តិធម៌ តើអ្នកនឹងបោះឆ្នោតគាំទ្រទេវតា ឲ្យបន្តចាប់មនុស្សដាក់គុកតាមតែអំណាចខ្លួនដូចករណី គឹម សុខ និងមន្ត្រីសិទ្ធិមនុស្សអាដហុកនោះទៀតទេ? ម្នាក់ៗគ្រវីក្បាលដូចសំណួរមុនដែរ។ ជាចុងក្រោយ គាត់ក៏លើកសំណួរក្នុងប្រធានបទនេះមកសួរឡើងវិញ “តើបងប្អូនបោះឆ្នោតគាំទ្របុគ្គលសម រង្ស៊ី ឬក៏ចង់បានការផ្លាស់ប្ដូរ?” ម្នាក់ៗឆ្លើយស្របគ្នាជាឯកច្ឆន្ទថា “ចង់បានការផ្លាស់ប្ដូរ”។
តាមរយៈការសន្ទនារបស់អ្នកផឹកកាហ្វេនេះ វាអាចជាសារនយោបាយមួយដល់បក្សទាំងពីរ។ ទី១ ជាសារទៅដល់បក្សទេវតា គឺថា វាដល់ដំណាក់កាលដែលត្រូវផ្លាស់ប្ដូរហើយ គេធុញ គេទ្រាន់នឹងអ្វីៗ ដែលមានក្នុងរយៈពេលជិតសែសិបឆ្នាំនេះហើយ។ ទី២ ជាសារទៅដល់ឋានព្រះអាទិត្យ ឲ្យដឹងថា ដៃគូរប្រកួតកំពុងតែបើកយុទ្ធនាការណ៍វាយប្រហារណ៍ពីក្រោយខ្នង តើមានអ្វីត្រូវទប់ទល់ទេ?