សាលារាជធានីភ្នំពេញឲ្យដឹងថា មហាវិថីមួយចំនួននៅក្នុងរាជធានីភ្នំពេញ នឹងមិនត្រូវបានអនុញ្ញាត្តិឲ្យធ្វើការឃោសនាបោះឆ្នោតនោះទេ ដោយថា ការឃោសនាទាំងនោះ អាចនាំឲ្យមានការកកស្ទះចរាចរណ៍នៅពេលហែក្បូន។
លិខិតចុះថ្ងៃទី២៨មេសាឆ្នាំ២០១៧ សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ផ្លូវ និងផ្សារមួយចំនួន រួមទាំងទីកន្លែងប្រជុំជនខ្លះ ត្រូវបានសាលារាជធានីស្នើសុំដល់គ.ជ.ប ដើម្បីសុំការអនុញ្ញាតិ្តហាមឃាត់មិនឲ្យមានការឃោសនាបោះឆ្នោតលើមហាវិថីទាំងនោះ។
បើតាមលិខិតដដែល តំបន់នឹងត្រូវហាមឃាត់ទាំងនោះរួមមាន កំណាត់មហាវិថីព្រះនរោត្តម មហាវិធីសហព័ន្ធរុស្ស៊ី កំណាត់ផ្លូវមហាវិថីព្រះមុនីវង្ស កំណាត់មហាវិថីម៉ៅសេទុង កំណត់មហាវិថីទេពផន មហាវិថីព្រះសុរាម្រិត និងផ្លូវជុំវិញព្រះបរមរាជវាំង។ ផ្លូវជុំវិញផ្សារធំថ្មី ផ្លូវជុំវិញផ្សារអូរឫស្សី ផ្លូវជុំវិញផ្សារអូឡាំពិក ផ្លូវជុំវិញផ្សារទួលទំពួង ផ្លូវជុំវិញផ្សារដេប៉ូ និងផ្លូវជុំវិញ ផ្សារដើមគរ។ ចំពោះទីធ្លាសាធារណៈមានដូចជា សួនព្រះបរមរាជវាំង ទីធ្លាមេរុ កន្លែងខ្លះនៃសួនមុខវត្តបទុមវត្តី ទីតាំងវិមានឯករាជ្យ ទីធ្លារូបសំណាកលោកយាយពេញ សួនច្បារអ្នកភិរម្យអ៊ូ ហៅង៉ុយ និងសួនច្បារសម្តេចតេជោ ហ៊ុន សែន។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានឲ្យវីអូឌីដឹងនៅរសៀលថ្ងៃទី៤ខែឧសភានេះថា សាលារាជធានីភ្នំពេញបានដាក់លិខិតស្នើទៅកាន់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីសុំឲ្យគោលការណ៍ពីគណកម្មាធិការជាតិ ដើម្បីហាមមិនឲ្យមានការឃោសនាបោះឆ្នោតនៅលើមហាវិថីសំខាន់ៗ និងផ្លូវមួយចំនួនដើម្បីបញ្ជៀលនូវការកកស្ទះចរាចរណ៍។
លោកបានឲ្យដឹងថា មហាវិថីមួយចំនួននោះមានដូចជា មហាវិថីនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជុំវិញផ្សារនានានៅរាជធានីភ្នំពេញ។
លោកថា៖ «ព្រោះយើងដឹងហើយថាទោះបីជាមិនមានក្បូននៃយុទ្ធនាការឃោសនាបោះឆ្នោត យើងទទួលស្គាល់ថាក្រុងភ្នំពេញរបស់យើងនេះកំពុងប្រឈមនឹងការកកស្ទះចរាចរណ៍ថ្ងៃធម្មតាយើងគ្រាន់តែជិះចូលទៅក្នុងផ្សារតំបន់ដែលខ្ញុំនិយាយអំបាញ់មិញនេះក៏វាមានការកកស្ទះរួចទៅហើយ »។
ទោះជាយ៉ាងណាលោកថា ការស្នើនេះ នៅមិនទាន់មានការឆ្លើយតបជាយ៉ាងណានោះទេពីគ.ជ.ប។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ប្រាប់វីអូឌីនៅថ្ងៃនេះថា លោកនៅមិនទាន់ឃើញ និងទទួលបានលិខិតស្នើសុំរបស់សាលារាជធានីនៅឡើយទេ តែលោកថានឹងព្យាយាមទាក់ទងទៅផ្នែករដ្ឋបាលដើម្បីយកករណីនេះ មកពិភាក្សា។
លោកថា៖ «ខ្ញុំគិតថា យើងត្រូវពិនិត្យទៅលើភាពចាំបាច់នៃដំណើរការទូទៅក្នុងនោះយើងឃើញថាមានទិដ្ឋភាពពីរ ទិដ្ឋភាពមួយ គឺទាក់ទងនឹងការគ្រប់ដែនដីរបស់អាជ្ញាធរ ហើយទិដ្ឋភាពទីពីរគឺទាក់ទងនឹងច្បាប់ស្តីពីក្រុមប្រឹក្សាឃុំសង្កាត់។ […] គ.ជ.ប ត្រូវមើលឲ្យឃើញថា តើការស្នើសុំកុំឲ្យមានការហែក្បួនទៅលើផ្លូវមួយចំនួននោះ វាផ្តោតទៅលើផ្លូវទាំងមូលរបស់រាជធានី ឬក៏អត់ទេ។ អញ្ចឹងទេប្រសិនជាការហាមនៅផ្តោតទៅលើសង្កាត់ទាំងមូលតែម្តងនោះប្រាកដជាមានការលំបាក »។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាគាំទ្រចំពោះចំណាត់ការរបស់សាលារាជធានីនេះ។
លោកថា៖ «ទោះបីជាការបិទនេះ ផ្លូវតូច ផ្លូវធំក្តី ថាវាអាចផ្តល់ឲ្យមានការកកស្ទះចរាចរណ៍ហ្នឹង ហើយបានជារាជធានីភ្នំពេញ គាត់យកចិត្តទុកដាក់ ដើម្បីស្នើសុំគ.ជ.ប ដើម្បីកុំឲ្យគណបក្សឃោសនាឆ្លងពីសង្កាត់មួយទៅសង្កាត់មួយឲ្យវាស្របតាមខ្លឹមនៃច្បាប់ ហើយម្យ៉ាងឲ្យវាស្របទៅនឹងច្បាប់ផង »។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក សុន ឆ័យ ចាត់ទុកគំរោងការហាមឃាត់នេះ ថាទំនងជាចេតនានយោបាយច្រើនជាង ដើម្បីខិតខំបិទសំឡេងគណបក្សដទៃ ខណៈបក្សកាន់អំណាចអាចមានលទ្ធភាព និងមធ្យោបាយផ្សព្វផ្សាយផ្សេងពីការឃោសនា ដោយហែក្បូនច្រើនជាងបក្សដទៃ។
លោកថា៖ «គួរតែគ.ជ.ប ពិចារណាឲ្យបានជ្រៅជ្រះមុននឹងសម្រេចយ៉ាងណា។ ព្រោះនៅក្នុងប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យដទៃទៀត ដូចជា មិនមានប្រទេសណាគេហាមឃាត់មិនឲ្យឃោសនានៅក្នុងតំបន់ ដែលមានពលរដ្ឋច្រើននោះទេ គឺយើងធ្វើការឃោសនា គឺដើម្បីបញ្ជូនសារនេះទៅពលរដ្ឋ ហើយបើទីប្រជុំជនមិនឲ្យឃោសនា ឲ្យយើងទៅឃោសនានៅទីណា! នេះជាការបង្ហាញនូវការខ្វះការទទួលខុសត្រូវ របស់អាជ្ញាធរដែលតែងតែបង្កការលំបាកដល់សិទ្ធិរបស់ពលរដ្ឋ សិទ្ធិរបស់គណបក្សនយោបាយដោយលំអៀង ដោយច្រើនតែប្រើតួនាទីលំអៀងទៅកាន់គណបក្សរបស់ខ្លួននោះ »។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា នីចហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថា បំរាមទៅលើមហាវិថីមួយចំនួននោះ វាមិនសូវចោទជាបញ្ហានោះទេ តែលោកថា ការហាមឃាត់ទៅដល់ទីប្រជុំជន និងផ្លូវជុំវិញផ្សារនោះ គឺវាបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិក្នុងការឃោសនាដោយសេរីរបស់គណបក្សនយោបាយ។
លោកថា៖ «ប៉ុន្តែផ្លូវដែលមានទីប្រជុំជនដែលក្បែៗផ្សារ ដែលមានមនុស្សកុះករហ្នឹងមិនគួរបិទទេ ព្រោះអីគណបក្សនយោបាយគាត់ត្រូវទីជួបសាធារណៈ […]គាត់ត្រូវផ្ញើរសារនយោបាយកម្មិវធីគោលនយោបាយគាត់នៅហ្នឹង ហើយបើគាត់បិទមិនឲ្យមានការផ្សព្វផ្សាយនៅតាមផ្សារថ្មី ផ្សារអូឡាំពិច ផ្សារចាស់អីហ្នឹង វាជាទីកន្លែងដែលត្រូវផ្សព្វផ្សាយគោលនយោបាយបក្ស កម្មវិធីគោលនយោបាយរបស់គាត់ […]»។
ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អណត្តិទី៤ឆ្នាំ២០១៧ នេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ឧសភា ដល់ថ្ងៃទី២មិថុនាឆ្នាំ២០១៧។ ចំណែកឯការបោះឆ្នោតនឹងប្រព្រឹត្តទៅថ្ងៃទី៤មិថុនាឆ្នាំ២០១៧៕