គណបក្សកុម្មុនីស្តវៀតណាម កាលពីថ្ងៃអាទិត្យម្សិលមិញ បានបណ្តេញមន្ត្រីខ្ពស់ជាករណីកម្រមួយ ដោយចោទថា លោកកាន់មុខតំណែងគោលនយោបាយរដ្ឋ ហើយធ្លាប់ដឹកនាំក្រុមហ៊ុន ធ្វើឲ្យការងារចុះខ្សោយហើយក៏បានបំពានការងារមន្ត្រីផ្សេងៗ។
កាលពីម្សិលមិញបក្សកុម្មុនីស្តវៀតណាម បានបោះឆ្នោតដកតំណែងលោក Dinh La Thang អាយុ៥៦ឆ្នាំ ជាសមាជិកម្នាក់ក្នុងចំណោម១៩នាក់ ជាមុខតំណែងដែលមានអំណាចខ្លាំងក្នុងប្រទេស ដែលជាករណីកម្រមួយដមានការបោះឆ្នោតដកតំណែងមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបែបនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
នៅក្នុងសេចក្តីថ្លែងការណ៍ តាមអនឡាញ៍របស់បក្ស បានថ្លែងថា លោក Dinh La Thang បានធ្វើជាប្រធានក្រុមហ៊ុនប្រេង និង ឧស្ម័ន របស់រដ្ឋឈ្មោះ PetroVietnam ចន្លោះឆ្នាំ២០០៩ ដល់ ២០១១ បានធ្វើឲ្យការងាររដ្ឋនោះចុះខ្សោយ ហើយមានការបំពានដល់មន្ត្រីដែលធ្វើការងារជាមួយ នាំឲ្យមានការមិនពេញចិត្តពីមន្ត្រីថ្នាក់ក្រោម។
កាលពីថ្ងៃទី២៧ខែមេសា ក្រុមអធិការកិច្ចគណបក្សបានថ្លែងថា លោក Thang ត្រូវទទួលខុសត្រូវចំពោះគម្រោងខុសច្បាប់ និង ការបាត់បង់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PetroVietnam។ ការបណ្តេញមន្ត្រីជាន់ខ្ពស់ចេញនេះ ស្របពេលដែលរដ្ឋអំណាចវៀតណាមកំពុងតែ ធ្វើយុទ្ធនាការបោសសំអាតមន្ត្រីពុករលួយក្នុងក្រុមហ៊ុនរដ្ឋមួយនេះ ដោយមានមន្ត្រីជាច្រើនទៀត ត្រូវបានបណ្តេញចេញ និង ចាប់ខ្លួន។