ប្រទេសកូរ៉េខាងត្បូង ក្លាយទៅជាប្រទេសដែលដឹកនាំតាមបែបប្រជាធិបតេយ្យ បានជាង៣០ឆ្នាំមកនេះ ចំណែកយុវជនជំនាន់ក្រោយដែលកើតនៅក្នុងអំឡុងពេលនេះ ទៅបោះឆ្នោតនៅថ្ងៃស្អែកពួកគេចង់ឲ្យមានការផ្លាស់ប្តូរដោយសារអត្រាកំណើនសេដ្ឋកិច្ចបច្ចុប្បន្នកើនឡើងយឺត ហើយអត្រាការងារបម្រុងទុកក៏មានការថយចុះដែរ។
កូរ៉េខាងត្បូងគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី៤នៅទ្វីអាស៊ី ឬ ហៅកូននាគនៅអាស៊ី ដែលបច្ចុប្បន្នប្រទេសនេះ មានប្រជាពលរដ្ឋជាង ៥០លាននាក់។
នៅថ្ងៃអង្គារទី៩ខែឧសភាស្អែកនេះ ប្រជាពលរដ្ឋកូរ៉េខាងត្បូង នឹងទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី១៩ បន្ទាប់ពីប្រធានាធិបតី ទី១៨លោកស្រី ប៉ាក ឃឿនហេ ត្រូវបានបណ្តេញចេញពីតំណែងដោយចោទថា ជាប់ពាក់ព័ន្ធរឿងអាស្រូវនយោបាយ និង ពុករលួយ។
តាមទីភ្នាក់ងារព័ត៌មានAFP គឺយុវជនដែលកើតនៅក្នុងអំឡុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ ពួកគេចង់ឲ្យមានការផ្លាស់ប្តូរ រកមេដឹកនាំដែលអាចជំរុញឲ្យអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ និង មានការងារច្រើនសម្រាប់ពលរដ្ឋ៕