ពលរដ្ឋកូរ៉េខាងត្បូង បានចេញទៅបោះឆ្នោតនៅថ្ងៃនេះ ដើម្បីជ្រើសរើសមេដឹកនាំថ្មី ដោយរំពឹងចាកចេញពីរឿងអាស្រូវពុករលួយ ដែលបានទាញទម្លាក់អតីតប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ ឲ្យចុះចេញពីអំណាច និងបានធ្វើឲ្យរង្វង់នយោបាយ និងពាណិជ្ជកម្មកូរ៉េខាងត្បូងរំជើបរំជួល។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រសិនបើមិនមានអ្វីផ្លាស់ប្ដូរធំដុំទេ បេក្ខជនសេរីនិយម លោក មូន ជែអ៊ីន នឹងត្រូវបានជ្រើសរើសជាប្រធានាធិបតីថ្មី។ លោក មូន ចង់កែទម្រង់ក្រុមហ៊ុនធំៗដែលគ្រប់គ្រងដោយគ្រួសារមានឥទ្ធិពល និងជំរុញការចំណាយដើម្បីបង្កើតការងារ។ លោក មូន ក៏បានអំពាវនាវឲ្យប្រើវិធីសាស្ត្រទាន់សម័យសម្រាប់ដោះស្រាយបញ្ហាកូរ៉េខាងជើងផងដែរ។
របោះឆ្នោតនេះ នឹងបញ្ចប់ទៅការជាប់គាំងក្បាលម៉ាស៊ីនដឹកនាំប្រទេសអស់រយៈពេលជាច្រើនខែ បន្ទាប់ពីអ្នកស្រី ផាក ត្រូវបានគេចោទថា ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងការរំលោភអំណាច នៅក្នុងរឿងអាស្រូវពុករលួយ។ អ្នកស្រី ផាក បានក្លាយទៅជាប្រធានាធិបតីជាប់ឆ្នោតដំបូងគេរបស់កូរ៉េខាងត្បូង ដែលត្រូវបានដកហូតអំណាច និងបង្ខំឲ្យលាលែងពីតំណែងនៅមុនអាណត្តិបញ្ចប់ទៅ។ បច្ចុប្បន្ននេះ អ្នកស្រី ផាក ត្រូវបានដាក់ឲ្យស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំការកាត់ទោស៕