ប្រធានស្តីទី FBI ប្តេជ្ញាបន្តស៊ើបអង្កេតករណីទំនាក់​ទំនង ត្រាំ ជាមួយរុស្ស៊ីពេលបោះឆ្នោត​

ប្រធានស្តីរបស់ការិយាល័យស៊ើបអង្កេតរបស់រដ្ឋសហព័ន្ធ (FBI) ថ្លែងប្រាប់សភាអាមេរិក​កាលពីម្សិលមិញថា ប្រធានាធិបតី ដូណល ត្រាំ ផ្ទុះកំហឹងដកលោក ខូមី ចេញពីតំណែង គឺមិនអាចបញ្ចប់ការស៊ើបអង្កេតករណីចោទថា រុស្ស៊ីលួចកែប្រែទិន្នន័យការបោះឆ្នោតកាលពីចុងឆ្នាំ២០១៦នោះទេ។​

ត្រាំ បានសម្រេចបណ្តេញ​នាយក FBI គឺលោក​ ខូមី ចេញពីតំណែង ដោយសំអាងហេតុផលថា ស្ថាប័ននេះ បរាជ័យក្នុងការស៊ើបអង្កេតករណីលោកស្រី គ្លីនតុន អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក​ប្រើប្រាស់អ៊ីម៉ែលឯកជន។​ ប៉ុន្តែក្រុមមួយទៀតលើកឡើងថា លោក ត្រាំ ​ធ្វើបែបនេះ ដោយសារ FBI បើកការស៊ើបអង្កេតករណីចោទថា រុស្ស៊ីលួចចួលតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីកែប្រែទិន្នន័យឲ្យលោក ត្រាំ ឈ្នះការបោះឆ្នោត ហើយទទួលបាន​តំណែងជាប្រធានាធិបតី។​

នាយកស្តីទីនៃ FBI លោក​ Andrew McCabe ថ្លែងប្រាប់ព្រឹទ្ធសភាថា មិនអាចបញ្ឈប់ការស៊ើបអង្កេតករណីចោទថា រុស្ស៊ីជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតរបស់អាមេរិកបានទេ។​ លោកថា មន្ត្រីរបស់FBI នៅតែបន្តការងាររបស់ពួកគេ ហើយអ្វីដែលពួកគេធ្វើគឺគោរពទៅតាមតួនាទីត្រឹមត្រូវ។​

ទន្ទឹមនឹងនោះ លោក​ McCabe បានបកស្រាយប្រាប់ព្រឹទ្ធសភាចំពោះ សេតវិមានដែលលើកឡើងថា លោក Comey បានបាត់បង់ការជឿជាក់ពីមន្ត្រីនៅFBIនោះ ថា ជាការលើកឡើងមិនពិត។​ លោក​ថា លោក Comey ទទួលបានការគាំទ្រយ៉ាងទូលំទូលាយ តាំងពីដើមរហូតដល់បច្ចុប្បន្ន និងទទួលបានការគោរពឲ្យតម្លៃខ្ពស់។ លោក ​McCabe ថា លោក​មានការគោរពនឹងឲ្យតម្លៃខ្ពស់ទៅលើសមត្ថភាព និង ភាពស្មោះត្រង់របស់​លោក​ Comey។​

មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យ នៅក្នុងគណៈកម្មាធិការនៃព្រឹទ្ធសភាលោក John Warner បានហៅការបណ្តេញលោក ខូមី ចេញពីតំណែងនេះ ជាបញ្ហាធំមួយ។ លោក John Warner បានលើកឡើងថា លោក​ ខូមី បានមានសកម្មក្នុងការស៊ើបអង្កេតពីភាពត្រឹមត្រូវនៃលទ្ធផលឈ្នះឆ្នោតរបស់លោកត្រាំក្នុងការទំនាក់ទំនងជាមួយរដ្ឋអំណាចនៃប្រទេសរុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ