ក្រសួងព័ត៌មានបានព្រមានដកហូតអាជ្ញាធរប័ណ្ណពីប្រព័ន្ធផ្សព្វផ្សាយណា ដែលក្រសួងថា ល្មើសនឹងច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ ខណៈដែលការបោះឆ្នោតនេះ កាន់តែខិតជិតចូលមកដល់នៅដើមខែក្រោយនេះ។
ក្នុងលិខិតចុះថ្ងៃទី១១ ខែឧសភា ក្រសួងព័ត៌មានបានអំពាវនាវទៅម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ចាងហ្វាងកាសែត ម្ចាស់គេហទំព័រ ដែលមានបំណងចង់លក់ ឬជួលម៉ោងឱ្យគណបក្សនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត ឲ្យយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបទប្បញ្ញត្តិច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
ក្រសួងបានណែនាំទៅប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបញ្ឈប់គ្រប់សកម្មភាពឃោសនា ២៤ម៉ោងមុនថ្ងៃបោះឆ្នោត និងមិនត្រូវផ្សព្វផ្សាយព័ត៌មានដោយទុច្ចរិត ដែលក្រសួងថា ធ្វើឱ្យបាត់បង់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យមានការភាន់ច្រឡំដែលនាំឱ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
ក្រសួងបានព្រមានថា នឹងដកហូតអាជ្ញាប័ណ្ណនិងបិទការផ្សាយ ប្រសិនបើរកឃើញថា ប្រព័ន្ធផ្សព្វផ្សាយនោះ បានបំពានច្បាប់ និងគោលការណ៍ណែនាំរបស់ក្រសួង។
ប៉ុន្តែអ្នកឃ្លាំមើលការបោះឆ្នោត លើកឡើងថា ការងារនេះគួតែប្រគល់ឲ្យ គជប ជាអ្នកត្រួតពិនិត្យវិញទើបអាចមានការទុកចិត្តបាន ព្រោះ គជប មានសមាសភាពចម្រុះចូលរួម ខណៈដែលក្រសួងព័ត៌មានគឺជាសេនាធិការរបស់រដ្ឋាភិបាលនៃគណបក្សកាន់អំណាចតែមួយគត់។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) លោក យ៉ង់ គិមអេង «បើតាមខ្ញុំគិតតួនាទីនេះមិនមែនជាតួនាទីរបស់ក្រសួងព័ត៌មានទេ ព្រោះថាស្ថាប័នរដ្ឋជាសមាជិករបស់បក្សនយោបាយ អញ្ចឹងគឺនៅបណ្តាប្រទេសជាច្រើនសមត្ថកិច្ចអស់ហ្នឹងគឺ គជប ទេដែលជាអ្នកទទួលខុសត្រូវក្នុងការបោះឆ្នោត ពិនិត្យមើលឬដាក់វិន័យស្ថានីយទូរទស្សន៍ដែលមិនគោរពបំរាម គជប នោះ»។
លោក យង់ គិមអេង បន្តថាកាលណាក្រសួងព័ត៌មាន ជាអ្នកត្រួតពិនិត្យលើការងារផ្សាយទាក់ទងនឹងការបោះឆ្នោតនេះលោកយល់ថា អាចការចោទប្រកាន់ពីភាពមិន អព្យាក្រឹតរបស់ក្រសួងព័ត៌មាន។ លោកបន្ថែមថា «អញ្ចឹងកិច្ចការទាំងនេះគេឲ្យ គជប ទេ ជាអ្នកទទួលខុសត្រូវនោះ។ ប៉ុន្តែដោយសារ គជប នៅប្រទេសយើងហ្នឹងគាត់រារែកក្នុងការបំពេញកិច្ចការទាំងអស់នោះ វាជាបញ្ហាដែរហើយម្យ៉ាងទៀតស្ថាប័នរដ្ឋខ្លះក៏ចេញវិធានការ ចេញចំណាត់ការរបស់ខ្លួននោះ ពេលខ្លះយើងឃើញថាមានការប្រទាំងប្រទើសជាមួយតួនាទីរបស់ គជប ដែរ»។
កាលពីការបោះឆ្នោតឆ្នាំ២០១៣ វិទ្យុឯករាជ្យមួយចំនួន រួមទាំង VOD ផង ត្រូវបានស្នើឲ្យផ្អាកការផ្សាយពីដំណើរការ «មិនប្រក្រតី» មួយចំនួននៅតាមការិយាល័យបោះឆ្នោត ខណៈដែលអ្នកយកព័ត៌មាន បានរាយការណ៍ពីបញ្ហាដែលអ្នកបោះឆ្នោតរកឈ្មោះមិនឃើញ និងខ្លះទៀតមានឈ្មោះស្ទួន។
ប៉ុន្តែទន្ទឹមនឹងនោះ វិទ្យុ ABC របស់អាចារ្យអេ បានផ្សាយថា «កងទ័ពនឹងធ្វើការបះបោរ បើគណបក្សប្រឆាំងឈ្នះឆ្នោត»។ ពេលនោះ គជប បានស្នើឲ្យក្រសួងព័ត៌មានចាត់វិធានការទៅលើម្ចាស់វិទ្យុមួយនេះ ហើយគណបក្សសង្រ្គោះជាតិក៏បានប្តឹងម្ចាស់វិទ្យុនេះទៅតុលាការផងដែរចំពោះការផ្សាយដែលខុសពីគោលការណ៍ច្បាប់នេះ ប៉ុន្តែមកដល់ពេលនេះតុលាការមិនមានចំណាត់ការណាមួយឡើយ។
មន្ត្រីកម្មវិធីជាន់ខ្ពស់ផ្នែកអង្កេត នៃអង្គការខុមហ្វ្រែល លោក កង សាវាង្ស លើកឡើងពីកង្វល់នៃការអនុវត្តវិន័យមិនស្មើភាពចំពោះការផ្សាយរបស់វិទ្យុឯករាជ្យ និងការផ្សាយរបស់វិទ្យុគាំទ្ររដ្ឋាភិបាល។ លោកថា « ឧទាហរណ៍ ការដែលផ្សព្វផ្សាយ ជាលក្ខណៈគំរាមកំហែងថាចំណុចនេះៗ វាមានបញ្ហា អាហ្នឹងវាជាចំណុចហាមឃាត់អញ្ចឹងនៅពេលមានការហាមឃាត់ មានន័យថាគជបហ្នឹងគឺត្រូវធ្វើការហាមឃាត់ ការព្រមានហើយក្រសួងព័ត៌មានក៏អញ្ចឹងដែរ។ មិនអាចមានដូចលោកលើកឡើងពីខាងដើមថាការគំរាមចាញ់អញ្ចេស ចាញ់អញ្ចុះហើយស្រាប់តែមួយទៀតអត់មានការដាក់ពិន័យហាមឃាត់អី ស្រាប់តែម្នាក់ទៀតនិយាយប៉ះពាល់បន្តិច បែរជាចេញជាសេចក្តីថ្លែងការណ៍ឬការព្រមាន អានេះហើយដែលយើងថាជាចំណុចមួយដែល យើងចង់និយាយថា ការអនុវត្តន៍ច្បាប់ហ្នឹងឲ្យវាស្មើរភាពគ្នាឲ្យមានការមួយដែលមិនត្រឹមត្រូវ មិនស្មើរភាពគ្នា»។
បើតាមមន្ដ្រីក្រសួងព័ត៌មាន នៅឆ្នាំ២០១៧ ប៉ុស្ដិ៍ទូរទស្សន៍មានជិត២០ប៉ុស្ដិ៍ វិទ្យុមានជាង១០០ស្ថានីយ៍ និងកាសែតមានលើសពី៦០០ស្ថាប័ន។
ដោយឡែក បើតាមរបាយការណ៍របស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានកត់សំគាល់ថា ក្នុងចំណោមស្ថានីយ៍វិទ្យុទាំងនោះ គឺមានតែ៥ស្ថានីយ៍ប៉ុណ្ណោះដែលមានជំហរឯករាជ្យ។
ទោះជាយ៉ាងណា បច្ចុប្បន្ននេះ ពលរដ្ឋអាចទទួលបានព័ត៌មានទូលំទូលាយជាងមុន ដោយសារតែមានប្រព័ន្ធទំនាក់ទំនងសង្គមសំបូរបែប ខណៈដែលការប៉ាន់ស្មានរបស់អ្នកជំនាញថាចំនួនអ្នកប្រើហ្វេសប៊ុកកើនដល់ប្រហែល៤លាននាក់នៅឆ្នាំនេះ៕