សាលាឧទ្ធរណ៍សហព័ន្ធអាមេរិក បានបើកសវនាការនៅថ្ងៃចន្ទនេះ ករណីលោកត្រាំចេញបំរាមបណ្ណោះអាសន្នហាមពលរដ្ឋមកពីប្រទេសកាន់សាសនាឥស្លាមចំនួន៦ប្រទេសមិនឲ្យចូលដែនដីអាមេរិក ក្រោមហេតុផលថា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់។
ចៅក្រម៣ក្នុងចំណោម៩រូប នៃសាលាឧទ្ធរណ៍ ដែលតែងតាំងដោយអតីតប្រធានាធិបតីមកពីគណបក្សប្រជាធិបតីលោក Bill Clinton បញ្ជាក់ពីការពិនិត្យឡើងវិញ ចំពោះការសម្រេចរបស់តុលាការនៅ រដ្ឋហាវ៉ៃ ដែលបិទមិនឲ្យអនុវត្តបទបញ្ជារបស់លោកត្រាំ ចំពោះការហាមបណ្ណោះអាសន្នលើពលរដ្ឋមកពីប្រទេសកាន់សាសនាឥស្លាមចំនួន៦មិនឲ្យចូលអាមេរិក។
កាលពីខែមីនា ត្រាំបានចេញបញ្ជាលើកទី២ក្នុងការហាមពលរដ្ឋមកពីប្រទេសចំនួន៦ បន្ទាប់ពីការហាមលើកទី១នៅថ្ងៃទី២៧ខែមករា ក្រោយមកនាំឲ្យមានចលាចល និង ការតវ៉ានៅព្រលានយន្តហោះ បន្ទាប់មកទើបតុលាការសម្រេចលុបចោលបំរាមនោះមិនឲ្យអនុវត្តន៍។ ចំណែកការចេញបញ្ជារបស់លោកត្រាំលើកទី២ក៏ត្រូវបានតុលាការជំទាស់ទៀត។