មនុស្សដល់ទៅ ៦៨នាក់ ត្រូវបានសម្លាប់ ហើយ ២៣៤នាក់ទៀត បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅក្នុងរយៈពេល ១៦ថ្ងៃក្នុងខែនេះ។ នេះដោយផ្អែកតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលត្រូវបានផ្សព្វផ្សាយលើវេបសាយនគរបាលជាតិ។
របាយការណ៍ដដែលនោះ បានបន្ថែមថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែឧសភានេះ គ្រោះថ្នាក់ចរាចរណ៍ចំនួន ១៣៥ករណី បានកើតឡើងនៅទូទាំងប្រទេស ដោយបានសម្លាប់មនុស្សដល់ទៅ ៦៨នាក់ និងបណ្ដាលឲ្យមនុស្ស ២៣៤នាក់ទៀតរងរបួស ក្នុងនោះ ១៦០នាក់រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍ ត្រូវបាននគរបាលចរាចរណ៍រាយការណ៍ថា កើតឡើងរៀងរាល់ថ្ងៃ ដោយបានសម្លាប់មនុស្សដល់ទៅជាង ១៦០០នាក់ និងជាង ៦៦០០នាក់ទៀតបានរងរបួស កាលពីឆ្នាំមុន៕