ប្រជាពលរដ្ឋប្រមាណ៥០នាក់ នៅស្រុកចុងកាល ខេត្ដឧត្ដរមានជ័យ នៅព្រឹកថ្ងៃសុក្រនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈពួកគេកំពុងស្វែងរកដំណោះស្រាយជម្លោះដីធ្លី ពីអាជ្ញាធរខេត្ដនេះ។
គេហទំព័រនគរបាលជាតិចុះថ្ងៃទី១៩ខែឧសភានេះ បានឲ្យដឹងថា ការឃាត់ខ្លួនអ្នកមានជម្លោះដីធ្លីនេះ ដោយសារពួកគេស្វែងរកដំណោះស្រាយពីអភិបាលខេត្ដឧត្ដរមានជ័យ លោក ស ថាវី បន្ទាប់ពីអាជ្ញាធរសន្យាដោះស្រាយសំណងពីផលប៉ះពាល់ដល់ពួកគាត់កាលពីឆ្នាំ២០១៧។ នគរបាលជាតិ បានឲ្យដឹងទៀតថា ពលរដ្ឋទាំងនោះ មានចំនួន៥០នាក់ ស្រី១៩នាក់ រួមទាំងមធ្យោបាយធ្វើដំណើរផងដែរ ស្ថិតនៅឃុំពង្រស្រុកចុងកាល់។
ទោះជាយ៉ាងណា ការឃាត់ខ្លួននេះ ត្រូវបានដោះលែងវិញ បន្ទាប់ពីមានអាជ្ញាធរសន្យាដោះស្រាយជូនពួកគាត់នៅពេលក្រោយ។ បើតាមគេហទំព័រនគរបាលជាតិ កាលពីពាក់កណ្ដាលឆ្នាំ២០១៦ អភិបាលខេត្ដឧត្ដរមានជ័យលោក ស ថាវី បានសន្យាផ្ដល់ដីពីរហិកតាបន្ថែមទៀត ក្នុងមួយគ្រួសារ ដល់ពលរដ្ឋដែលរងផលប៉ះពាល់នូវជម្លោះដីធ្លី ក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ប៉ុន្ដែមកដល់ពេលនេះមិនមានដំណោះស្រាយនៅឡើយ ទើបពួកគាត់នាំគ្នាមកសុំអន្ដរាគមន៍ពីអាជ្ញាធរ៕