ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប. លោក ស៊ិក ប៊ុនហុក កាលពីថ្ងៃម្សិលមិញនេះ បានស្នើទៅអ្នកគ្រប់គ្រងផ្សារទាំងអស់ ឲ្យអនុញ្ញាតឲ្យបក្សនយោបាយទាំងអស់ ធ្វើសកម្មភាពចែកខិត្តប័ណ្ណនៅក្នុងផ្សារ។
ក្នុងលិខិតមួយជម្រាបទៅអភិបាលរាជធានី និងខេត្តទាំងអស់ លោក ស៊ិក ប៊ុនហុក បានប្រាប់ទៅអាជ្ញាធរខេត្ត និងរាជធានី ឲ្យជួយបង្កលក្ខណៈងាយស្រួលដល់បក្សនយោបាយទាំងអស់ បានចែកខិត្តប័ណ្ណនៅក្នុងផ្សារ ដោយកម្រិតចំនួនមនុស្សត្រឹម ១០នាក់ប៉ុណ្ណោះ។
ប្រធាន គ.ជ.ប. រូបនេះ បញ្ជាក់ថា ប៉ុន្តែ ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងហាមឃាត់ការយកឧបករណ៍បំពងសំឡេងចូលក្នុងផ្សារ។
លោក ស៊ិក ប៊ុនហុក បានស្នើបែបនេះ នៅចំពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត ត្រូវបានចាប់ផ្ដើមឡើង មុននឹងឈានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃអាទិត្យ ទី០៤ មិថុនាខាងមុខនេះ៕