អាមេរិកចង់ឃើញការបោះឆ្នោតនៅកម្ពុជា គ្មានការគំរាមកំហែងពលរដ្ឋ

ក្រសួងការបរទេសអាមេរិក បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចៀសវាង រាល់ការគំរាមកំហែងផ្នែកនយោបាយ ខណៈយុទ្ធនាការឃោសនា រកសំឡេងឆ្នោតកំពុងប្រព្រឹត្តទៅរហូតដល់ថ្ងៃបោះឆ្នោតឃុំសង្កាត់។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្ដរជាតិ AP កាលពីថ្ងៃទី១៩ឧសភាកន្លងទៅ ឲ្យដឹងថា រដ្ឋ មន្ដ្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកលោកស្រី Alicia Edwards មានប្រសាសន៍ថា សហរដ្ឋអាមេរិកទទូចឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្វើយ៉ាងណាធានាឲ្យបាននូវសិទ្ធិនយោបាយ ដោយចៀងវាងការគំរាមកំហែង បំភិតបំភ័យ និង ត្រូវគោរព សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋកម្ពុជាទាំងអស់ ខណៈការបោះឆ្នោតឃុំសង្កាត់កំពុងខិតចូលមកដល់។

វី​អូ​ឌី​មិន​អាច​ទាក់​ទងអ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​ណា​ម្នាក់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ​ទេ ខណៈដែល​លោក​ឈឹម ផវរុណ ថាលោក​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ ដោយ​ថា​វី​អូ​ឌី​បានមិន​ចាក់​ផ្សាយ​សំឡេង​គាត់​ដែល​បាន​សម្ភាសន៍។

លោក​ថា៖ «ទេបងអត់មានបដិសេធទេ អាហ្នឹងប្អូនឯងភូតបាត់ទៅហើយ។ ប្អូនឯងនិយាយថាដោយសារតែវិទ្យុវីអូឌីសម្ភាសន៍គាត់អត់យកទៅផ្សាយបានជាគាត់មិនដឹងថាផ្តល់បទសម្ភាសន៍មិចទៀតបើគាត់សម្ភាសន៍ហើយអត់យកទៅផ្សាយតែប៉ុហ្នឹង រឿងរបស់បងអត់បដិសេធទេ ប៉ុន្តែសម្ភាសន៍ហើយអត់យកទៅផ្សាយតើសម្ភាសន៍ហើយយកធ្វើអី? ប្អូនឯងយកទៅចុះផ្សាយហ្នឹង​​ទៅតែបើភូតប្អូនឯងអត់សុចរិតហើយណា»

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយលោក​ សូ ចន្ថា យល់​ថា ការ​លើក​ឡើង​របស់​សហរដ្ឋ​អាមេរិក​នេះ ដោយ​សារ​តែ​ប្រទេស​នេះបាន​មើល​ឃើញ​នូវ​សារ​​គំរាម​កំហែង​ជា​ច្រើន​របស់បក្ស​កាន់​អំណាច ដែល​អាច​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ដល់​ការ​​សម្រេចចិត្ត​របស់​ពល​រដ្ឋក្នុង​ពេល​បោះឆ្នោត​ខាង​មុខ។ លោក​បន្ថែម​ថា ការ​បារម្ភ​របស់​សហ​រដ្ឋ​អាមេរិក​នេះក៏​អាច​មាន​ឥទ្ធិ​ពល​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជាផង​ដែរ។

លោកថា៖ «តិច​ឬ​ច្រើន​វា​មាន​ឥទ្ធិ​ពល​ដោយ​សារ​តែ​យើង​ឃើញ​ថា​រាល់​ការ​បោះឆ្នោត​នៅ​ប្រទេស​ណា​ក៏​ដោយយើងចង់​បាន​ភាព​ស្រប​ច្បាប់​នៅ​លើឆាក​អន្តរជាតិនោះ អញ្ចឹង​កម្ពុជា​យើង​ដូច​គ្នា​យើង​បាន​អញ្ចើញ​សហភាព​អឺរ៉ុប និង​ប្រទេស​ផ្សេង​ៗ មក​សង្កេត​ការ​ណ៍​ដើម្បី​អី? គឺ​ដើម្បីភាព​ស្របច្បាប់​នាការ​បោះឆ្នោតនាពេល​ខាង​មុខ​នោះ អញ្ចឹង​យើង​ឃើញ​ថា​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជាដើម្បី​ឲ្យ​អន្តរជា​តិគេទទួលស្គាល់ គឺ​ត្រូវ​គោ​រព​ស្តង់​ដា​រប្រជា​ធិបតេយ្យ​ដែល​មាន​នៅ​លើ​ពិភព​លោក​ផង​ដែរ»។

ការអំពាវនាវរបស់មន្ដ្រីការទូតអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងសារគំរាមដដែលៗថា បើគណបក្សប្រជាជនចាញ់ឆ្នោតនោះ កម្ពុជាអាចនឹងផ្ទុះសង្គ្រាម។ បន្ថែមលើសនេះ កាលពីថ្ងៃទី១៤ឧសភា រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ​ បាញ់ ក៏បានគំរាមជាសាធារណៈដោយថាលោកនឹង «វាយបាក់ធ្មេញ» ចំពោះជនណាហ៊ានចេញមុខតវ៉ាលទ្ធផលបោះឆ្នោត។

សូមជំរាបថា បើតាមប្រតិទិនរបស់ គ.ជ.ប យុទ្ធនាការឃោសនារកសំឡេងឆ្នោត គឺប្រព្រឹត្តទៅចាប់ ពីថ្ងៃទី២០ខែឧសភា ដល់ថ្ងៃទី២មិថុនាឆ្នាំ២០១៧។ ចំណែកការ បោះឆ្នោតក្រុម ប្រឹក្សាឃុំសង្កាត់​អាណត្តិ​ទី​៤ នឹងធ្វើឡើងចំថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ