តូបអាជីវករជាង១០នៅក្បែរផ្សារសាមគ្គី ក្រុងសៀមរាប ត្រូវភ្លើងឆេះអស់ទាំងស្រុង នៅព្រឹកថ្ងៃពុធនេះ ដោយសង្ស័យឆ្លងចរន្ដអគ្គិសនី។
ឧបទ្ទវហេតុនេះ បានកើតឡើងនាម៉ោងជាង១០ព្រឹក ថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៧ តូបទាំងនោះនៅខាងក្រោយផ្សារសាមគ្គី ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ប្រជាការពារមួយរូបនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម លោក សុខ ឡេង អ្នកឃើញហេតុការណ៍នោះ ឲ្យដឹងបន្ដថា អគ្គីភ័យផ្ដើមចេញដំបូងពីតូបមួយដែលនៅជាប់គ្នាជាមួយតូបលក់គុយទាវក្នុងចំណោមជាង១០តូបនោះ រួចហើយបន្ដឆេះរាលដាលដល់តូបផ្សេងៗទៀតដែលនៅជាប់គ្នា។
ករណីនេះ វីអូឌី មិនទាន់សុំបំភ្លឺពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបាន ពីចំនួនការខូចខាតនៅឡើយទេ ដោយពួកគេមិនលើកទូរស័ព្ទ។ ប៉ុន្ដែបើតាមប្រជាការពារភូមិនោះ ឲ្យដឹងថា តូបអាជីវករទាំងនោះមានចំនួន១៤តូប មានកន្លែងលក់អំពៅ តូបលក់កាហ្វេ តូបលក់គ្រឿងឡាន និងលក់អេតចាយជាដើម៕