អាជ្ញាធរស្រុករមាសហែក ខេត្តស្វាយរៀងរារាំងមិនឱ្យមន្ត្រីអង្គការសង្គមស៊ីវិលបើកវគ្គបណ្តុះបណ្តាលដល់អ្នកអង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ទេ ដោយលើកហេតុផលថា មិនបានសុំការអនុញ្ញាត។
មន្ត្រីសម្របសម្រួលសហគមន៍ នៃអង្គការ សម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក មៃ ទិត្យបានប្រាប់វីអូឌីនៅព្រឹកនេះថា លោក និងក្រុមការងារកំពុងរៀបចំបង្រៀនប្រជាពលរដ្ឋឲ្យចេះពីរបៀបអង្កេតការណ៍ពេលបោះឆ្នោតខាងមុខនេះ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចចុះទៅរារាំង ហើយហៅលោកទៅសូរនាំនៅអធិការដ្ឋានស្រុករមាសហែក សួររកច្បាប់អនុញ្ញាតក្នុងការបង្រៀននេះ។
លោកបញ្ជាក់ថា “ និយាយទៅគេអត់ឱ្យយើងបង្រៀនទេ គេសួរយើងថាយើងមានសុំច្បាប់ ចេញមកពីខេត្ត ចេញមកពីស្រុកអីអត់ ដែលបានមកចុះបង្រៀនហ្នឹង? …….អត់បានបង្រៀនទេថ្ងៃនេះមិនទាន់បានចាប់ផ្តើមផងគេដាក់ប៉ូលីសប៉ុស្តិ៍ ប៉ូលីសអីមក គេអត់ឱ្យយើងធ្វើទេ”។
នៅពេលសួរនាំនោះ សមត្ថកិច្ចប្រាប់លោកថា មិនឲ្យបង្រៀនទេ ព្រោះមិនមានច្បាប់អនុញ្ញាតពីថ្នាក់ខេត្ត។ ទោះយ៉ាងក៏ដោយលោកមៃ ទិត្យ ថ្លែងក្រោយពេលសមត្ថកិច្ចសួរនាំជិត២ម៉ោងនោះថា លោកនៅតែបន្តបង្រៀនពលរដ្ឋដដែល ព្រោះលោកថា ច្បាប់កំណត់ពីសិទ្ធិជួបជុំគ្នាពលរដ្ឋមិនបាច់សុំច្បាប់ទេ។
លោកថា “ មិនមានអីត្រូវឈប់ មានអីត្រូវខ្លាចនោះទេ ព្រោះស្អែកហ្នឹងខ្ញុំបង្រៀននៅ ហ្នឹងមិនបានខ្ញុំប្រហែលត្រូវទៅបង្រៀននៅខេត្តព្រៃវែងព្រោះយើងមានសហគមន៍នៅហ្នឹងដែរគឺអត់អោយខាតពេលទេ ត្រូវតែបង្រៀន ព្រោះខ្ញុំមានតួនាទីកាន់ខេត្តពីរត្រូវបង្រៀន។ នេះជាការបំបិទសិទ្ធិសេរីភាពរបស់ពួកគាត់ហ្នឹងឯងដែលយើង បង្រៀន យើងមិនបានទាក់ព័ន្ធនឹងនិន្នាការនយោបាយអីផង មិនដឹងថាពួកគាត់យល់ថាមេច ( អាជ្ញាធរ) ហើយយើងពិបាកដែរពីព្រោះបើតាមច្បាប់គឺយើងអត់មានធ្វើអីត្រូវខុសនោះទេ” ។
តាមគម្រោងនៅថ្ងៃនេះ លោក ម៉ៃ ទិត្យ ត្រូវបង្រៀនពលរដ្ឋ១៦នាក់ ហើយស្អែកបង្រៀន១៦នាក់ទៀត គឺសរុបនៅខេត្តស្វាយរៀងត្រូវការ អ្នកអង្កេតការណ៍៣២នាក់
អធិការស្រុករមាសហែក លោក សំ អុល បានប្រាប់វីអូឌីឱ្យដឹងថាលោក មិន បានរារាំង សកម្មភាពការបណ្តុះបណ្តាលពលរដ្ឋពីរបៀបអង្កេតការណ៍បោះឆ្នោតនោះទេ។ លោកថាលោកគ្រាន់តែហៅមន្ត្រីដែលចុះទៅបណ្តុះ បណ្តាលនោះមកសួរនាំរកច្បាប់អនុញ្ញាត។
លោកបញ្ជាក់ថា“និយាយឱ្យចំទៅពួកគាត់នេះមកធ្វើការនៅកន្លែងខ្ញុំនេះគាត់ជាសមាគមន៍ទេហើយពួកគាត់មកនេះអត់មានជំរាបអាជ្ញាធរទេហើយអត់មានច្បាប់អីគ្រប់គ្រាន់ទេ អីចឹងសមត្ថកិច្ចមិនមានរារាំងអីទេគ្រាន់តែខ្ញុំអញ្ជើញគាត់មកកន្លែងខ្ញុំដើម្បីត្រួតពិនិត្យឯកសារ អីចឹងពេលមកដល់ខ្ញុំត្រួតពិនិត្យឯកសារហ្នឹងគឺគាត់អត់មានទំនាក់ទំនង ជាមួយអាជ្ញាធរទេអីចឹងខ្ញុំទាមទារឱ្យគាត់សុំច្បាប់ត្រឹមត្រូវអាហ្នឹងគេឱ្យធ្វើហើយព្រោះស្រុកយើងមានច្បាប់មានទំលាប់មិនមែនចេះតែធ្វើតាមចិត្តអីទេ ខ្ញុំប្រាប់តាប៉ុណ្ណឹងបានហើយ”។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៤នេះបណ្តុំអង្គការសង្គម ស៊ីវិលរៀបចំជាបន្ទប់ស្ថានការណ៍នឹងដាក់ពង្រាយអ្នកអង្កេតការណ៍ជាង ២ម៉ឺននាក់នៅតាមឃុំ សង្កាត់ ដើម្បីឃ្លាំមើលដំណើរការបោះឆ្នោត៕