(តភាគ១)
៤. កេង វ៉ាន់សាក់, សម្តេចតា, សម្តេចនាយក នរណាមួយជាអ្នកធ្វើឱ្យរបបរាជាធិបតេយ្យខ្មែរដួលរលំ?
កេង វ៉ាន់សាក់ បុគ្គលសំខាន់ម្នាក់នៃគណបក្សប្រជាធិបតេយ្យ ត្រូវបានគេស្គាល់ថាជាបញ្ញវន្តដ៏មានកិត្តិសព្ទ និងជាអ្នករិះគន់របបរាជានិយមយ៉ាងខ្លាំងក្លា។ ស្នាដៃ ‘សុបិន និងការពិត’ ភាគ១របស់ វ៉ាន់ឌី កាអុន បានឱ្យដឹងថា ក្នុងកំលុងរដូវកាលបោះឆ្នោតឆ្នាំ១៩៥៥ លោកត្រូវបានគេប៉ុនប៉ងធ្វើឃាត ប៉ុន្តែបរាជ័យដោយបាញ់ត្រូវអ្នកបើកបររថយន្តឱ្យលោក។ គេសង្ស័យថា មេដឹកនាំចលនាសង្គមរាស្ត្រនិយមជាអ្នកនៅពីក្រោយ ឯលោក កេង វ៉ាន់សាក់ ខ្លួនឯង ដាក់មន្ទិលលើលោក សឺង ង៉ុកថាញ់ ទៅវិញ ដោយសារជាគូប្រជែងនឹងគ្នានៅក្នុងគណបក្សប្រជាធិបតេយ្យ។ គួររំឭកដែរថា សឺងង៉ុក ថាញ់ មេដឹកនាំចលនាខ្មែរឥស្សរៈ ប្រឆាំងអាណានិគមបារាំង ក៏ត្រូវបានបងប្រុសលោក សម រង្ស៊ី គឺ សម អេម្ម៉ាឫទ្ធិ សង្ស័យថាជាអ្នកនៅពីក្រោយការធ្វើឃាតលោក សម សារី ជាឪពុកនោះដែរ នៅក្នុងស្នាដៃ ‘We didn’t start the fire’។ ត្រលប់មកសាច់រឿងវិញ លោក កេង វ៉ាន់សាក់ ត្រូវបានចាប់យកទៅឃុំឃាំងពីព្រោះតែនិយាយប៉ះពាល់ដល់របបរាជានិយម ផ្អែកលើក្រមព្រហ្មទណ្ឌ មាត្រា ២៩៧ និង៣០១ ដែលនៅជាធរមាន សល់ពីឆ្នាំ១៩១២ មក ហាមមិនឱ្យរិះគន់របបរាជានិយម។
លោក បាភួន អតីតកូនកំបោរក្នុងវាំងម្នាក់ នៅក្នុងស្នាដៃមិនបានបោះពុម្ពផ្សាយ ‘សាធារណរដ្ឋខ្មែរ ភាគ២’ បានពណ៌នាព្រឹត្តិការណ៍ប្រផ្នូលអាក្រក់មួយ ដែលកម្រមានស្នាដៃផ្សេងនិយាយដល់ មានសេចក្តីសង្ខេបដូច្នេះថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥ ដែល កេង វ៉ាន់សាក់ ចាប់កំណើត មានសូរ្យគ្រាស មេឃងងឹតអស់រយៈពេលប្រមាណ ១នាទី ដែលសូរ្យគ្រាសធម្មតាងងឹតតែមួយភ្លេតតែប៉ុណ្ណោះ។ ហោរវាំងបានទាយថា មានទារកក្នុងរាជវង្សមួយកើតនៅថ្ងៃនោះ ដែលធំធាត់ទៅនឹងកម្ចាត់របបរាជានិយមចោល ដូច្នេះហើយត្រូវតែសម្លាប់ចោល ហើយក៏មានការរុករកឆែកឆេរក្នុងរាជវាំងគ្រប់កន្លុកកន្លៀត។ បិតា កេង វ៉ានសាក់ គឺ ស៊ីសុវត្ថិដួងល័ក្ខិនា បានរំដោះមាតានិងទារកនោះចេញពីវាំងទាន់ ទើបលោក កេង វ៉ាន់សាក់ រួចជីវិតមកទល់ថ្ងៃទី២៨ធ្នូ ២០០៨ គឺជាកាលបរិច្ឆេទ ដែលលោកបានចេញឋានទៅដោយរោគាពាធ នៅប៉ារីស។ លោកទើបតែបានដឹងរឿងពិតរបស់ខ្លួននេះ នៅពេលមានជន្មាយុដល់ទៅជិត ៨០ឆ្នាំ ទៅហើយ។
កេង វ៉ាន់សាក់ ត្រូវជាមាជីដូនមួយនឹង នរោត្តម សីហនុ, ហើយក្រោយបានធំដឹងក្តី ពិតជាក្លាយជាអ្នកប្រឆាំងរបបស្តេចដ៏មានឥទ្ធិពលម្នាក់មែន ប៉ុន្តែបើថា លោកបានបំផ្លាញរបបរាជានិយម គឺដូចជាបំផ្លើសពេកហើយ គឺរបបរាជានិយមទេ ដែលតាមសម្លាប់លោក តាំងពីលោកនៅជាទារក មិនចម្លែកទេដែល កេង វ៉ាន់សាក់ មិនចូលចិត្តរបបស្តេចនិងមិនដែលត្រូវរ៉ូវនឹងសម្តេចតា, គ្មាននរណាទៅស្រឡាញ់អ្វីដែលតាមសម្លាប់ខ្លួន តាំងពីខ្លួនទើបនឹងកើតនោះទេ។ បើថា ទំនាយនេះ ក្លាយជាការពិតគឺមិនត្រឹមត្រូវឡើយ គួរតែថា ទំនាយនេះ បានបង្កើតព្រឹត្តិការណ៍ដែលហុចផលបង្កជាការពិត ត្រូវជាង, និយាយឱ្យងាយយល់ ការទស្សន៍ទាយនេះ ទាយខ្លួនឯង រួចអ្នកជឿទំនាយនេះ ប្រឹងប្រែងធ្វើវាឱ្យក្លាយជាការពិត (Self-fulfilling prophecy) មិនមែនទំនាយនេះក្លាយជាការពិតដោយឯកឯងនោះឡើយ គឺថា បើហោរមិនទស្សន៍ទាយឬទាយផ្សេងពីនេះ ក៏មិនទំនងជាមានព្រឹត្តិការណ៍ចេញពីការព្រមានពីទំនាយនេះកើតឡើងដែរ, ឧ. បើគ្មានព្រឹត្តិការណ៍តាមប្រមាញ់ទារកនេះ លោក កេង វ៉ាន់សាក់ នឹងក្លាយជា ស៊ីសុវត្ថិ វ៉ាន់សាក់ រស់នៅក្នុងវាំងបរិស្ថានរស់នៅជីវិតស្រណុកសុខស្រួលក្នុងខ្សែរាជវង្ស ធំឡើងមិនត្រឹមតែមិនប្រឆាំងរបបស្តេចទេ ស្រួលមិនស្រួលទៅជាការពាររបបស្តេចវិញក៏ថាបាន។ ទំនាយនេះ រឹតតែទាស់ឆ្គងចន្លោះប្រហោងទៅទៀត បើមើលក្នុងវិស័យនយោបាយ គឺសង្គមរាស្រ្តនិយមតាមបំផ្លាញគណបក្សប្រជាធិបតេយ្យលុះសូន្យសុង គណបក្សប្រជាធិបតេយ្យជាអ្នករងគ្រោះ មិនមែនអ្នកសាងគ្រោះទេ, បើនិយាយម្យ៉ាងទៀត របបរាជាធិបតេយ្យខ្មែរចុះទន់ខ្សោយ ឬសង្គមរាស្ត្រនិយមរលំ ទោះមានហេតុផលអ្វីក៏ដោយ យ៉ាងហោចណាស់ ក៏មិនមែនមកពីលោក កេង វ៉ាន់សាក់ ឬគណបក្សប្រជាធិបតេយ្យ នោះដែរ, លោក កេង វ៉ាន់សាក់ ចោលឆ្អឹងនៅប្រទេសបារាំង សូម្បីតែចូលស្រុកចូលមិនបានផង ផ្អែកលើមូលដ្ឋានអ្វីដែលថាលោកជាអ្នកកម្ចាត់របបរាជានិយម? សំណាងហើយដែលទារក កេង វ៉ាន់សាក់ ត្រូវបានជម្លៀសចេញពីវាំងទាន់ ពុំនោះទេ ជីវិតស្លូតត្រង់មួយនឹងត្រូវក្ស័យឥតអំពើ ព្រោះតែទំនាយមួយដែលពិបាកផ្ទៀងផ្ទាត់ថានឹងក្លាយជាការពិត។
ជាគុណវិបត្តិធំមួយនៅក្នុងរបបរាជានិយម ដែលផ្តល់ទំនុកចិត្តខ្លាំងពេកទៅលើហោរា ឬទំនាយហោរ ដែលងាយនឹងត្រូវបានគេទិញទឹកចិត្ត គំរាមមិនឱ្យទាយខុសសេចក្តីដែលគេមិនចង់បាន ឬមួយ ទាយតាមជើងលេខមិនបាន ព្រោះខ្លាចអំណាចស្តេច ទាយតាមតែអ្វីដែលស្តេចចង់ស្តាប់តែប៉ុណ្ណោះ។ល។ ដោយមិនចាំបាច់ខ្វល់ថា ទំនាយនោះពិតឬអត់ ក្លាយជាការពិត ឬអត់ ការផ្អែកវាសនាជីវិតរបស់មនុស្សទៅលើទំនាយហោរគឺជាការប្រថុយប្រថានបំផុត និងប្រកបដោយភាពអយុត្តិធម៌។
ប្រហែលជាទាយថា មហាក្សត្រខ្លួនឯងហើយជាអ្នកធ្វើឱ្យរបបស្តេចចុះខ្សោយ បាក់ការគាំទ្រកាន់តែខ្លាំងទៅៗ ឈានទៅដល់ការដួលរំលំតែម្តង ស៊ីគ្នានឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាង។ ឬម្យ៉ាងទៀត ទំនងជារាជវង្សថ្មីទេ ដែលបំផ្លាញរាជវង្សចាស់ មិនមែនមនុស្សក្នុងខ្សែរាជវង្សចាស់កម្ចាត់រាជវង្សខ្លួនឯងនោះទេ បើនិយាយឱ្យចំ គឺខ្សែរាជវង្សហ៊ុន មានប្រភពពីរាជវត្ត ជាជាងរាជវាំង ដែលអាចបំផ្លាញរបបរាជាធិបតេយ្យខ្មែរបាន។
៥. ហង្សក្នុងទ្រុងមាស
លោក Sebastian Strangio បានកត់ត្រានៅក្នុងស្នាដៃ ‘កម្ពុជារបស់ ហ៊ុន សែន’ អំពីរាជបន្ទូលរបស់ព្រះមហាក្សត្រពាក់ព័ន្ធនឹងការឡើងគ្រងរាជ្យ យើងសាកល្បងបកប្រែជូនដូចខាងក្រោម៖
ព្រះអង្គបានមានព្រះរាជឳង្ការនៅឆ្នាំ១៩៩៥ថា “ខ្ញុំ មិនចង់ធ្វើជាព្រះមហាក្សត្រនោះទេ។ ខ្ញុំចង់ឧទ្ទិសជីវិតរបស់ខ្ញុំចំពោះវប្បធម៌ នាដសាស្ត្រ (វិជ្ជាសិល្បៈរបាំ) ខ្សែភាពយន្តតែប៉ុណ្ណឹងឯង។ រាជបល្ល័ងមិនបានទាក់ទាញការចាប់អារម្មណ៍របស់ខ្ញុំនោះឡើយ។ ខ្ញុំមិនដែលចង់ក្លាយជាស្តេចនោះទេ។ បើគេស្នើឱ្យខ្ញុំឡើងគ្រងរាជ្យ ខ្ញុំនឹងឆ្លើយ ទេ។” ប៉ុន្តែនៅពេលដែលវេលាមកដល់ ៥ឆ្នាំក្រោយមក សីហមុនី បានទទួលយកព្រះរាជបន្ទុកនេះដោយព្រះទ័យអល់អែក។ នៅក្នុងរង្វង់គ្រួសាររាជវង្ស ព្រះអង្គតែងតែមានព្រះរាជបន្ទូលថា ខ្ញុំឡើងសោយរាជ្យក៏ព្រោះតែក្តីស្រឡាញ់មានចំពោះព្រះវរបិតាតែប៉ុណ្ណោះ។
មូលហេតុដែលក្រុមប្រឹក្សារាជ្យសម្បត្តិគ្រប់គ្រងដោយគណបក្សប្រជាជនជ្រើសរើស នរោត្តម សីហមុនី ជាអ្នកស្នងរាជ្យ ក៏ព្រោះព្រះអង្គគ្មានចំណាប់អារម្មណ៍ខាងនយោបាយនោះឯង នាំឱ្យគេងាយគ្រប់គ្រងបញ្ជាព្រះអង្គបានតាមប្រាថ្នា។ លោក Joshua Kurlantzick នៅក្នុងអត្ថបទ ‘Cambodia’s Democratic Transition Has Collapsed, With Dangerous Consequences’ បានអះអាងថា «ពីអតីតកាល ព្រះរាជារបស់ប្រទេសកម្ពុជា អាចដើរតួជាអ្នកដឹកនាំផ្នែកសីលធម៌ និងជាអ្នករិះគន់រដ្ឋាភិបាលដ៏ខ្លាំងក្លា ប៉ុន្តែ ស្តេចបច្ចុប្បន្ននេះ នរោត្តម សីហមុនី ពឹងផ្អែកទៅលើលោក ហ៊ុន សែន ខ្លាំងជាងអតីតព្រះមហាក្សត្រដែលកាន់អំណាចយូរ នរោត្តម សីហនុ។ ការិយាល័យរបស់លោក ហ៊ុន សែន ថែមទាំងត្រូវបានគេនិយាយថាគ្រប់គ្រងកាលវិភាគរបស់ស្តេចទៀតផង។»
ស្នាដៃ ‘កម្ពុជារបស់ ហ៊ុន សែន’ បានជួយបំពេញសេចក្តីលំអិតអំពីបុគ្គលដែលមិនទំនងជាអ្នកកាន់សោរទ្រុងមាស ដែលយើងសាកល្បងប្រែជូនដូចខាងក្រោម៖
មុន សីហនុ ឡើងគ្រងរាជ្យនៅឆ្នាំ១៩៩៣ លោក [គង់ សំអុល] ត្រូវបានតែងតាំងជារដ្ឋមន្ត្រីបរមរាជវាំង មុខតំណែងដែលលោកបានប្រើប្រាស់តាំងពីពេលនោះមក ដើម្បីធ្វើឱ្យរាជវាំងឋិតនៅក្រោមការត្រួតត្រារបស់បក្ស។ អតីតឯកអគ្គរាជទូតអាស៊ីម្នាក់បានពណ៌នាថា សំអុល គឺជា “បុគ្គលដែលបូជាកម្លាំងកាយចិត្តដើម្បីគណបក្សប្រជាជន” (a very dedicated CPP man) ត្រូវបានដាក់ដើម្បី “គ្រប់គ្រង” ព្រះមហាក្សត្រ។ នៅពេញទសវត្ស១៩៩០ សំអុល ប្រណាំងប្រជែងជាមួយនឹងអ្នកការពារ សីហនុ ទៅលើការរៀបចំកាលវិភាគនិងកំណត់ត្រាណាត់ចូលគាល់ព្រះមហាក្សត្រ។ ទីបំផុត បន្ទាប់ពីសម្តេចតាដាក់រាជ្យ គាត់ក៏គ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅពេលដែលកងសេនាការពារកូរ៉ាខាងជើង ដ៏ម៉ឺងម៉ាត់របស់ព្រះមហាក្សត្រ ត្រលប់ទៅកាន់មាតុភូមិនិងត្រូវបានជំនួសដោយអង្គរក្សទទួលបញ្ជាពីគណបក្សប្រជាជន។ សំអុលតាមមើល សីហមុនី គ្រប់ជំហាន។ គាត់បានអមតាមស្តេចស្ទើរតែរាល់ព្រះរាជដំណើរទស្សនកិច្ច នៅឯនាយសមុទ្រនិងរួមដំណើរមើលការខុសត្រូវព្រះមហាក្សត្រនៅក្នុងទស្សនកិច្ចដទៃទៀត ហួសពីជញ្ជាំងបរមរាជវាំងទៅទៀត។ គាត់ត្រូវបានគេប្រទះឃើញធ្វើសកម្មភាពលបៗនៅទិដ្ឋភាពខាងក្រោយក្នុងឆាយាលក្សរាជវង្ស។ តាមសំណើរបស់លោកព្រះករុណា សីហមុនី ទទួលភ្ញៀវនិងផ្តល់ព្រះរាជកិត្តិយសដល់ពួកឧកញ៉ានិងអ្នកបម្រើគណបក្សកាន់អំណាចដទៃទៀត។ ប្រភពជិតស្និទ្ធនឹងអ្នកនៅក្នុងវាំងមួយ បាននិយាយថា ព្រះមហាក្សត្របានប៉ះទង្គិចនឹងរដ្ឋមន្ត្រីរបស់ទ្រង់អំពីការបង្ខំឱ្យទទួលយកសំណើទាំងនេះ រៀបចំទៅតាមសបា្ដហ៍ ប៉ុន្តែព្រះអង្គពុំមានអំណាចអ្វីបដិសេធសំណើរបស់គាត់នោះទេ។ សំអុល ក៏គឺជាមេគំនិតនៅពីក្រោយព្រះរាជពិធីបូជនកិច្ចសព សីហនុ ដែលត្រូវបានចារយ៉ាងតឹងរ៉ឹងនោះដែរ។ កំលុងពេលហែក្បួន គាត់បានអង្គុយនៅពីក្រោយលោក ហ៊ុន សែន នៅលើរថយន្តហែក្បួន ស្រែកបញ្ជាក្តែងៗដោយឧបករណ៍ទំនាក់ទំនងតាមវិទ្យុ ទន្ទឹមនឹងនោះ ក្រុមហ៊ុនសាងសង់របស់កូនស្រីរបស់គាត់ទទួលបានកុងត្រា ស្ថាបនាព្រះរាជឈាបនដ្ឋាន។
គ្រប់គ្រងកាលវិភាគរបស់ព្រះមហាក្សត្រ ស្តាប់ទៅធម្មតា គ្មានអ្វីចម្លែក ហាក់ដូចគ្រាន់តែជាជំនួយការស្តេចតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងករណីនេះ ពុំមែនដូច្នោះឡើយ ជំនួយការគ្រាន់តែជាសំបកក្រៅនោះទេ។ តាមពិតទៅ វាប្រៀបដូចគុកឥតជញ្ជាំងដូច្នោះ មានន័យថា សកម្មភាពរបស់ព្រះមហាក្សត្រ ពេលវេលា ទីកន្លែង មនុស្សដែលទ្រង់ទាក់ទងទាំងប៉ុន្មាន សុទ្ធតែត្រូវបានភ្នែកត្រចៀកបក្សគ្រប់គ្រងទាំងអស់។
ថ្ងៃទី០៥ មិថុនា ២០០៨ ប្រមើលមើលឃើញជោគវាសនានៃរាជានិយមកម្ពុជា សម្តេចតាបានប្រកាសមិនឱ្យភ្ជាប់ព្រះអង្គទៅគណបក្សហ៊្វុនស៊ិនប៉ិច ឬថាព្រះអង្គជាអ្នកបង្កើតបក្សហ៊្វុនស៊ិនប៉ិច ឬហៅបក្សទាំងនោះថា បក្សរាជានិយមឬសីហនុនិយមតទៅទៀត។ លើសពីនេះ ព្រះអង្គក៏ធ្លាប់មានព្រះរាជបន្ទូលអំពាវនាវឱ្យរាជវង្សានុវង្សឈប់ពាក់ព័ន្ធចូលរួមក្នុងវិស័យនយោបាយដែរ។ គេអាចប៉ាន់ស្មានព្រះទ័យទ្រង់បានថា ព្រះអង្គយល់យ៉ាងច្បាស់ គ្មាននរណាម្នាក់នៅក្នុងរាជវង្សអាចទប់ទល់ឬយកឈ្នះសម្តេចនាយកនោះទេ។ សម្តេចនាយកគឺជាស្រមោល ឬមត៌កនយោបាយរបស់សម្តេចតាខ្លួនឯង ប្រឈមនឹងសម្តេចនាយកគឺប្រហែលស្មើនឹងប្រឈមនឹងសម្តេចតាដែលធ្លាប់បានក្តាប់អំណាចអស់រយៈពេល ១៨ឆ្នាំ ដូច្នោះសម្តេចនាយកវិញ លើសពី៣០ឆ្នាំទៅហើយ។
ត្រកូលហ៊ុនត្រូវបានគេស្គាល់ថាជាខ្សែស្តេច ទោះគ្មានជាប់សាច់សាលោហិតជាស្តេច សម្តេចទើបជាស្តេចពិតប្រាកដ ជាអតីតក្មេងវត្តមែន តែអាចក្លាយជាស្តេចកសិករ ដូចលោក Sebastian Strangio ហៅ, ដែលកសិកររងការរំលោភបំពានដីធ្លីតែងរកអន្តរាគមន៍ពីលោក។ ចុះឡើងចុះឡើង គឺសម្តេច ហ៊ុន សែន ទើបជាអ្នកសីហនុនិយមពិតប្រាកដ មិនមែន រណឫទ្ធិ ទេ ទោះមិនមែនជាអ្នកសីហនុនិយមដែលគាំទ្ររបបស្តេចក៏ដោយ ក៏ជាអ្នកសីហនុនិយមដែលចេះចម្លងតាក់ទិចនយោបាយរបស់សម្តេចតា យកមកប្រើប្រាស់បានយ៉ាងឈ្លាសវៃនិងមានការច្នៃប្រតិដ្ឋ ហាក់ដូចជារបស់លោកខ្លួនឯងដូច្នោះ រហូតដល់គេភ្លេចគិតថាលោកបានរៀនពីសម្តេចតាទៅទៀត៕
ដោយ ទេព រ៉ានិត