ផ្ទុះអាវុធរវាងក្រុមបះបោរ IS និងកម្លាំងទាហានហ្វីលីពីននៅទីក្រុង ម៉ារ៉ាវីភាគខាងត្បូង នៅតែបន្តកើតមាន ហើយបានបណ្តាលឲ្យអ្នកស្លាប់កើនឡើងជិត១០០នាក់គិតត្រឹមថ្ងៃចន្ទនេះ។
របាយការណ៍ដែលសារព័ត៌មាន BBC ចុះផ្សាយគឺ ក្នុងចំណោមអ្នកស្លាប់ជិត១០០នាក់នោះ គឺមាន ១៩នាក់ ជាជនស៊ីវិល។ ទន្ទឹមការផ្ទុះអាវុធនៅតែបន្តនេះ ជនស៊ីវិលរាប់ម៉ឹននាក់បានរត់ចេញទៅរកកន្លែងមានសុវត្ថិភាព ចាប់ពីការផ្ទុះអាវុធ៦ថ្ងៃជាប់គ្នាមកនេះ។
ក្រុមឧទ្ធាមចម្រុះគ្នាមានការជួយរៀបចំពីពួកIS បានវាយលុកចូលក្នុងក្រុង ហើយចាប់មនុស្សធ្វើចំណាត់ខ្មាំង ដែលក្នុងចំណោមចំណាត់ខ្មាំងនោះក៏មានយោធាផងដែរ។
មេដឹកនាំហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងថា លោកនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារសន្តិសុខឲ្យប្រជាពលរដ្ឋហ្វីលីពីន៕