ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែខិតចូលមកដល់នោះ ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ បង្ហាញនូវការសង្កេតរបស់ពួកគេថា ពលរដ្ឋជាអ្នកបោះឆ្នោតក្នុងចំនួនច្រើន មិនបានស្គាល់ថា តើបេក្ខជនមេឃុំ ឬចៅសង្កាត់ ជានរណានោះឡើយ។
ផ្អែកតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៤ គ្រោងនឹងរៀបចំធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនាខាងមុខនេះ បន្ទាប់ពីការឃោសនារយៈពេល ១៤ថ្ងៃ ត្រូវបានបិទបញ្ចប់ទាំងស្រុងនោះ។
បើទោះបីជាការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ កាន់តែខិតជិតមកដល់មែន ប៉ុន្តែ វានៅតែមានបញ្ហាចោទឡើងថា តើពលរដ្ឋកម្ពុជាដែលគ្រប់អាយុ និងមានសិទ្ធិបោះឆ្នោតទាំងអស់ជិត ៨លាននាក់ បានស្គាល់បេក្ខជនឈរឈ្មោះជាមេឃុំ ឬចៅសង្កាត់មកពីគណបក្សនយោបាយនីមួយៗហើយឬនៅ?
ដោយធ្វើការងារលើកិច្ចការបោះឆ្នោតនេះ មន្ត្រីច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា បង្ហាញនូវការអង្កេតរបស់លោកថា ពលរដ្ឋជាអ្នកបោះឆ្នោតភាគច្រើន មិនសូវស្គាល់ ឬក៏មិនស្គាល់ទាល់តែសោះនូវបេក្ខជនឈរឈ្មោះជាមេឃុំ ឬចៅសង្កាត់ នៅតាមមូលដ្ឋានរបស់ពួកគេ ដោយលោកថា នោះក៏ព្រោះតែការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រ ដែលត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា។
លោក សុធារ៉ា បន្ថែមថា ប្រព័ន្ធសមាមាត្រនេះ តម្រូវឲ្យពលរដ្ឋបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ ជាជាងផ្ដោតទៅលើបេក្ខជន ដែលត្រូវបានគណបក្សនីមួយៗជ្រើសរើសឲ្យឈរឈ្មោះនៅតាមឃុំសង្កាត់ទូទាំងប្រទេស ដែលលោកថា ពលរដ្ឋមិនបានដឹងមិនលក្ខណៈសម្បត្តិរបស់បេក្ខជនទាំងនោះទេ។
លោក សុធារ៉ា សង្កេតឃើញថា ដោយសារតែការប្រើប្រាស់ប្រព័ន្ធសមាមាត្រនេះនៅក្នុងការបោះឆ្នោត លោកសង្កេតឃើញគណបក្សនយោបាយស្ទើតែទាំងអស់ ពុំបានព្យាយាមបង្ហាញលក្ខណៈសម្បត្តិ និងគុណវឌ្ឍិ៍នៃបេក្ខជនរបស់ពួកគេនោះទេ ប៉ុន្តែ ពួកគេបានផ្សព្វផ្សាយតែពីគោលនយោបាយ ឬសារនយោបាយផ្សេងៗទៅវិញ។
មិនត្រឹមតែប្រជាពលរដ្ឋនៅតាមតំបន់ជនបទទេដែលពុំបានដឹងថា តើបេក្ខជនឈរឈ្មោះធ្វើជាមេឃុំជានរណានោះ ប៉ុន្តេ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថា និកហ្វិក លោក សំ គន្ធាមី សង្កេតឃើញថា ពលរដ្ឋនៅតំបន់ទីក្រុង ជាពិសេស ពលរដ្ឋចំណាកស្រុកដែលបានចុះឈ្មោះបោះឆ្នោតនៅទីក្រុង ពួកគេក៏ជួបប្រទះកង្វះខាតព័ត៌មានគ្រប់ជ្រុងជ្រោយអំពីបេក្ខជនឈរឈ្មោះជាចៅសង្កាត់ផងដែរ។
ស្ថិតក្នុងស្ថានភាពបែបនេះ លោក សំ គន្ធាមី យល់ឃើញថា ពលរដ្ឋជាអ្នកបោះឆ្នោត ពិបាកក្នុងការសម្រេចចិត្តបោះឆ្នោត ផ្ទុយទៅវិញ ពួកគេបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ ដែលត្រូវបានដឹកនាំដោយបុគ្គលល្បីៗ នៅក្នុងរង្វង់នយោបាយកម្ពុជា។
ទោះជាយ៉ាងណា គ.ជ.ប. ក៏បានបិទផ្សាយបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ នៅតាមការិយាល័យបោះឆ្នោតនានារួចហើយ ប៉ុន្តែ ទាំងលោក យឿង សុធារ៉ា និងលោក សំ គន្ធាមី ជឿជាក់ថា ពលរដ្ឋជាអ្នកបោះឆ្នោត នៅតែពុំទទួលបានព័ត៌មានគ្រប់គ្រាន់អំពីបេក្ខជនទាំងនោះទេ។
ប្រសិនបើដូចអ្វីដែលអ្នកអង្កេតការណ៍ការបោះឆ្នោតបានលើកឡើងខាងលើ ពលរដ្ឋចំណាកស្រុកមកពីតំបន់ជនបទចូលមកកាន់ទីក្រុងភ្នំពេញ និងទីក្រុងផ្សេងៗទៀត ហើយចុះឈ្មោះបោះឆ្នោតនៅតាមទីក្រុងនោះ នឹងត្រូវបោះឆ្នោតទាំងដែលពួកគេមិនបានដឹងសោះថា នរណាជាបេក្ខជនមេឃុំ ឬចៅសង្កាត់នោះឡើយ៕