គណបក្សប្រជាជនកម្ពុជាដឹកនាំដោយ លោក ហ៊ុន សែន ដែលទើបឡើងជាប្រធានបក្ស បានអះអាងថាមានអ្នកចូលរួម១៥ម៉ឺននាក់ នៅថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ។
អ្នកឃ្លាំមើលការបោះឆ្នោត កត់សំគាល់ថា គណបក្សកាន់អំណាចនេះ បានប្រើប្រាស់ទាំងសំភារៈ និងធនធានមនុស្សជាច្រើនសម្រាប់ធ្វើការឃោសនា។ ធនធានសំភារៈគឺគណបក្សប្រជាជនកម្ពុជាបានប្រើរហូតដល់ឧត្ថម្ភាចក្រ ហោះឆ្វេលចុះឆ្វែលឡើងតាមក្បួនដែលដឹកនាំដោយលោក ហ៊ុន សែន នៅក្រោមកម្តៅថ្ងៃព្រះអាទិត្យ។ តាមការសង្កេតអ្នកចូលរួមហែក្បួនរបស់គណបក្សនេះ មួយចំនួនប្រើប្រាស់រថយន្តទំនើបៗថ្លៃៗ ហើយក៏មានចំនួនច្រើនគឺជាមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលស្លៀកពាក់ស៊ីវិល។ អ្នកចូលរួមហែក្បួនខ្លះ បង្ហើបឲ្យដឹងថាពួកគេចូលរួមដោយបានលុយពី១ម៉ឺនទៅ៥ម៉ឺនរៀល។
នៅតាមបណ្តាញហ្វេសប៊ុក មានការលើកឡើងថា ពួកគេចូលរួមហែក្បួនគណបក្សប្រជាជននៅពេលព្រឹកដើម្បីបានលុយទៅហែក្បួនគណបក្សសង្រ្គោះជាតិនៅពេលល្ងាចដែលថាត្រៀមអ្នកចូលរួម១០ម៉ឺននាក់។
គេអាចនិយាយបានថាវាជាប្រវត្តិសាស្ត្រមួយហើយ ដែលប្រមុខដឹកនាំគណបក្សកាន់អំណាចចេញមុខឃោសនារកសំឡេងឆ្នោតនៅពេលនេះ ខណៈការបោះឆ្នោត៥អាណត្តិមកហើយ លោក ហ៊ុន សែន មិនដែលចេញមុខដឹកនាំការឃោសនាម្តងណាឡើយ។
មានការចោទសួរជាច្រើនពីមូលហេតុដែលនាយករដ្ឋមន្រ្តី និងជាប្រធានបក្សកាន់អំណាចផងចេញមុខឃោសនារកសំឡេងឆ្នោតឃុំ សង្កាត់ឆ្នាំ២០១៧នេះ។
សម្រាប់ លោក ហ៊ុន សែន បានអះអាងថាការដែលលោកទើបចេញមុខឃោសនាបោះឆ្នោតនៅពេលនេះ ដោយថាមកពីការស្នើសុំរបស់សកម្មជនគណបក្សប្រជាជនកម្ពុជា។ប៉ុន្តែសម្រាប់អ្នកវិភាគមួយចំនួន បានលើកឡើងនូវហេតុផលជាច្រើនផ្សេងទៀត។
សាស្ត្រាចារ្យផ្នែកនយោបាយ លោក សូ ចន្ថា វិភាគថា មូលហេតុដែល លោក ហ៊ុន សែន សម្រេចចិត្តចេញមុខឃោសនាកណ្តាលថ្ងៃក្តៅដោយកម្របែបនេះ អាចមកពីបារម្ភនឹងការថយចុះអ្នកគាំទ្រ។ លោកវិភាគដូចនេះដោយសំអាងលើលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ដែលគណបក្សប្រជាជនកម្ពុជាធ្លាក់ចុះអស់២២អាសនៈ។
លោកយល់ថា «ការដែលលោក ចូល ដង្ហែគណបក្សនៅពេលនេះដោយសារតែការបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំ២០១៧នេះមានការប្រកួតប្រជែងគ្នាស្រួចស្រាវដែលអាចនឹងប៉ះពាល់ទៅដល់ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខេត្ត ហើយរហូតដល់ព្រឹទ្ធសភាទៀតផង។ បើគណបក្សរបស់លោកបាត់បង់អសនៈក្រុមប្រឹក្សាឃុំ សង្កាត់ច្រើននោះនឹងប៉ះពាល់ទៅដល់ស្ថាប័នទាំងអស់នោះដែរ»។
អ្នកវិភាគ និយាយថា លទ្ធផលបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលគណបក្សប្រជាជនកម្ពុជាបាត់អស់២២អសនៈគឺជាមេរៀនមួយសម្រាប់គណបក្សនេះ ដែលធ្លាប់តែឈ្នះដោយមិនចាំបាច់ លោក ហ៊ុន សែន ចេញ មុខឃោសនា។ ប៉ុន្តែបើទោះជារយៈពេលឃោសនាដែលផ្តល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហ៊ុន សែន មិនធ្លាប់ប្រើក៏ដោយប៉ុន្តែលោកតែងតែយកវេទិកាសាធារណៈក្នុងនាមជានាយករដ្ឋមន្រ្តីថ្លែងអួតសរសើរពីស្នាដៃរបស់គណបក្សលោកជាបន្តបន្ទាប់រួចហើយ។ ម្យ៉ាងទៀត ប្រព័ន្ធផ្សព្វផ្សាយស្ទើរតែទាំងអស់ ពិសេសទូរទស្សន៍ គឺសុទ្ធតែផ្សាយលើកសរសើរពីគណបក្សប្រជាជនកម្ពុជា ហើយកម្រឃើញផ្សាយពីចំណុចវិជ្ជមានរបស់គណបក្សនៅក្រៅរដ្ឋាភិបាលណាស់ ក្រៅតែផ្សាយពីរឿងអាស្រូវមួយចំនួន។
លោក សូ ចន្ថា យល់ថា បើទោះជាពេលនេះលោក ហ៊ុន សែន ចេញមុខឃោសនាដោយផ្ទាល់ក៏ដោយតែលោកមិនរំពឹងថាអាចស្តារប្រជាប្រិយភាពឡើងវិញបានទេ ដោយសារតែសារនយោបាយភាគច្រើនគឺជាការគំរាម។លោកកត់សំគាល់ថា «លោកនាយករដ្ឋមន្រ្តីចេញមកឃោសនានេះជារូបភាពល្អបែបប្រជាធិបតេយ្យប៉ុន្តែបើយើងមើលវោហាសាសន៍នយោបាយក្នុងការឃោសនា លោកលើកឡើងតែពីសង្រ្គាម។ ខ្ញុំគិតថាការលើកឡើងតែពីសង្រ្គាម ហើយមានការព្រួយបារម្ភដែលចាញ់ឆ្នោតមានសង្រ្គាមជាដើមបែបនេះ ហាក់ដូចជាមិនអាចទាក់ទាញអ្នកគាំទ្របាននោះទេ…»។
អ្នកជំនាញបាននិយាយថា កាលពីជាង៥ឆ្នាំមុន ទូរទស្សន៍ ពិតជាមានឥទ្ធិពលមែនសម្រាប់ជួយរកសំឡេងឆ្នោតឲ្យគណបក្សកាន់អំណាចដោយសារតែប្រព័ន្ធផ្សាយទាំងនោះ មិនហ៊ានផ្សាយពី ចំណុចខ្វះខាតរបស់រដ្ឋាភិបាល។ ប៉ុន្តែអំឡុងពេល៥ឆ្នាំចុងក្រោយនេះ ការស្ទង់មតិមួយបានបង្ហាញថា ទូរទស្សន៍បានធ្លាក់ចុះប្រជាប្រិយភាពយ៉ាងគំហុក ខណៈប្រព័ន្ធហ្វេសប៊ុកបានវាយលុកលើព័ត៌មានជាច្រើនដែលទូរទស្សន៍មិនបានផ្សាយ។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកជំនាញខាងប្រព័ន្ធបច្ចេកវិទ្យា បានចាប់អារម្មណ៍ថាការប្រើប្រព័ន្ធអ៊ិនធើណែតកំពុងធ្វើឲ្យមានឥទ្ធិពលទៅលើរបបដឹកនាំប្រទេសមួយចំនួន និងជាពិសេសទៅលើការបោះឆ្នោតនៅកម្ពុជាផងដែរ។
តាមការដកស្រង់ចេញពីគេហទំព័រមួយឈ្មោះថា geeksincambodia.com បានឲ្យដឹងថាចំនួនអ្នកប្រើប្រាស់អ៊ិនធើណែតនៅកម្ពុជាបច្ចុប្បន្ននេះមានចំនួន៧,១លាននាក់នៃប្រជាជនសរុប ១៥,៩លាននាក់។ ចំនួននេះគឺមានការកើនឡើងយ៉ាងគំហុក ដែលពីឆ្នាំ២០១០ អ្នកប្រើប្រាស់អ៊ិនធើណែតនៅកម្ពុជាមានតែជាង៣០ម៉ឺននាក់ប៉ុណ្ណោះ។
ការកើនឡើងនៃអ្នកប្រើប្រាស់ហ្វេសប៊ុក ត្រូវបានអ្នកវិភាគកត់សំគាល់ថាជាផ្នែកមួយជំរុញដល់កំណើនអ្នកគាំទ្របក្សប្រឆាំង។ នោះអាចដោយសារហ្វេសប៊ុកហ៊ានផ្សាយព័ត៌មានជាច្រើនដែលពលរដ្ឋចង់ដឹង ហើយព័ត៌មានទាំងនោះឆាប់ទៅដល់ដៃអ្នកប្រើប្រាស់ទូរសព្ទទំនើប។
កាលពីយុទ្ធនាការបោះឆ្នោតជាតិឆ្នាំ២០១៣ គេសង្កេតឃើញថា មានតែគណបក្សសង្រ្គោះជាតិទេដែលប្រើហ្វេសប៊ុកជាមធ្យោបាយឃោសនារកសំឡេងឆ្នោត ខណៈពេលនោះគណបក្សប្រជាជនកម្ពុជាហាក់មិនសូវឲ្យតម្លៃលើប្រព័ន្ធហ្វេសប៊ុក ដោយទំនងជាអាងលើទូរទស្សន៍។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ហ៊ុន សែន បានប្រើហ្វេសប៊ុកគឺមធ្យោបាយផ្សព្វផ្សាយដ៍សម្បើមមួយ បន្ថែមពីលើទូរទស្សន៍ដែលមានស្រាប់។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានប្រកាសថា ការឃោសនានៅព្រឹកនេះ មានទូរទស្សន៍ចំនួន៨ប៉ុស្តិ៍បានផ្សាយផ្ទាល់ពីសកម្មភាពរបស់គណបក្សប្រជាជន ប៉ុន្តែលោកអះអាងថា បានទិញម៉ោងទូរទស្សន៍ទាំងនោះ ក្នុងមួយនាទី តម្លៃ៣០០ដុល្លារ។ បើគិតជាសរុបគឺត្រូវចំណាយអស់ជាង៤៣ម៉ឺនដុល្លារ ក្នុងរយៈពេលផ្សាយ៣ម៉ោង៕