សូមរំឭកថាទម្រាំមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដូចជានៅលោកខាងលិច និងអឺរុបនោះ ប្រទេសទាំងនោះឆ្លងកាត់ការតស៊ូយ៉ាងស្វិតស្វាញក្រៃលែង។ នៅអង់គ្លេសកាលដើមឡើយអ្នកដែលមានសិទ្ធិបោះឆ្នោតគឺជាមេគ្រួសារដែលបានបង់ពន្ធជូនរដ្ឋអ្នកដែលមិនបានបង់ពន្ធគ្មានសិទ្ធិបោះឆ្នោតនេះទេ។ នៅអាមេរិកនាសតវត្សទី១៧ជនជាតិស្បែកខ្មៅ និងស្ត្រីមេផ្ទះគ្មានសិទ្ធិបោះឆ្នោតឡើយ ទើបតែនៅសតវត្សទី២០នេះដែលបានទទួលសិទ្ធិវិញទាំងស្ត្រី និងជនជាតិស្បែកខ្មៅ។ រីឯនៅស្រុកយើងវិញទើបមានការបោះឆ្នោតនៅឆ្នាំ១៩៤៧នេះទេ ដោយសារបារាំងនាំចូលមក បន្តមកដំណើរលទ្ធិប្រជាធិបតេយ្យរបស់យើងនៅតែរដិបរដុបដោយសារសង្គមយើងនៅជាប់លទ្ធិរាជាធិបតេយ្យទើបជិត២០ឆ្នាំក្រោយពីកំណើតរបបប្រជាធិបតេយ្យនៅស្រុកខ្មែរនៅសល់តែបក្សមួយគឺសង្គមរាស្ត្រនិយម។ មកទល់ថ្ងៃនេះ កម្មករក៏មិនត្រូវបានស្ថាប័នណាចេញមុខសម្រួលអោយបានឈប់៣ថ្ងៃទាំងអស់គ្នាដើម្បីអោយបានបោះឆ្នោតនៅស្រុកកំណើតផងដែរ។ ហេតុអីពីមុនធ្វើបានពេលនេះធ្វើមិនបាន???
ការលើកឡើងខាងលើគ្រាន់ជាការបង្ហាញខ្លះៗថាការទទួលបានសិទ្ធិបោះឆ្នោតមិនមែនជាការងាយស្រួលនោះទេ ដូច្នេះហើយទើបចង់អោយបងប្អូនទាំងអស់គ្នាលះបង់ពេលវេលា និងថវិកាដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋខ្មែរអោយបានពេញលេញ។ មានបងប្អូនខ្លះមិនចង់ទៅបោះឆ្នោតដោយគិតថាបោះអោយអ្នកណាក៏ដូចអ្នកណា ឬនិយាយមួយបែបថាអាគកដូចអាចែ រឿងអ្នកនយោបាយទុកឱ្យអ្នកនយោបាយគិត ប៉ុន្តែការពិតវាមិនដូច្នោះឡើយ មានន័យថាគ្រប់ទង្វើរបស់អ្នកនយោបាយសុទ្ធតែប៉ះពាល់ដល់រាស្ត្រទាំងអស់គ្រាន់តែតិចឬច្រើន ឧបមាថាដើម្បីជួយសម្រាលជីវភាពគ្រូបង្រៀន រដ្ឋាភិបាលបង្កើតច្បាប់មួយដែលកំណត់ថាពេទ្យរដ្ឋព្យាបាលជំងឺគ្រូបង្រៀន មិនយកលុយ នេះគឺជាទង្វើកើតចេញពីទង្វើរបស់អ្នកនយោបាយហើយពាក់ព័ន្ធយ៉ាងជិតស្និតទៅនឹងជីវភាពផ្ទាល់របស់ប្រជាពលរដ្ឋ។ ចុះបើពេលណាមួយសភាចេញច្បាប់អោយរាស្ត្របង់ពន្ធឬតម្លើងពន្ធនោះ គិតយ៉ាងម៉េច? ដូច្នេះ បងប្អូនត្រូវស្វែងយល់អំពីសារៈសំខាន់នៃការបោះឆ្នោតវិញ ហើយតើការបោះឆ្នោតមានសារៈសំខាន់បែបណា?
១-បោះឆ្នោតផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងផ្ទាល់៖ នៅត្រង់ចំណុចនេះភាគច្រើនគឺការសម្រេចចិត្តប្តូរអ្នកដឹកនាំនៅថ្នាក់មូលដ្ឋានជិតពលរដ្ឋ(បោះឆ្នោតឃុំ-សង្កាត់)ហើយទាក់ទងនឹងជីវភាពរបស់ពលរដ្ឋផ្ទាល់។ ឧទាហរណ៍ថា អ្នកជាជនក្រីក្រនៅពេលអ្នកទៅសាលាឃុំដើម្បីធ្វើសំបុត្រកំណើតកូនអ្នក ហើយត្រូវមេឃុំតម្រូវអោយបង់ប្រាក់ក្រៅផ្លូវការបន្ថែម ឬការចេញសំបុត្រកំណើតយឺតយូររហូតដល់រាប់ខែ តើអ្នកមានអារម្មណ៍រំភើប ឬសប្បាយចំពោះឥរិយាបថបែបនេះទេបើប្រៀបធៀបចំពោះអ្នកដទៃដែលគេមានប្រាក់នោះ? គួរបញ្ជាក់ថា សេវាសាធារណៈត្រូវមានភាពស្មើគ្នាចំពោះអ្នកទទួលសេវា ឧទាហរណ៍ថាបើត្រូវកំណត់មួយសប្តាហ៍ៗដូចគ្នា បើសំបុត្រកំណើតមួយច្បាប់ត្រូវចំណាយអស់៥ពាន់រៀលត្រូវអស់៥ពាន់រៀលដូចគ្នា។ ដូច្នេះហើយតើអ្នកត្រូវបោះឆ្នោតដើម្បីទុកអ្នកដែលយកប្រាក់ពីអ្នក ធ្វើការយឺតជូនអ្នក ឬជ្រើសរើសអ្នកថ្មីដែលមិនយកលុយហើយសេវាលឿនវិញ?
២-បោះឆ្នោតដើម្បីសហគមន៍អ្នក និងសង្គមជាតិរបស់អ្នកទាំងមូល៖ បងប្អូនខ្លះមើលឃើញការបំផ្លិចបំផ្លាញ ការជិះជាន់ ឬភាពអសកម្មនៅក្នុងសង្គមរាល់ថ្ងៃ ប៉ុន្តែវាមិនប៉ះពាល់ដល់ខ្លួនផ្ទាល់ បងប្អូនគ្រាន់តែបើកភ្នែកមើល ហើយគិតថាវាមិនអីមិនប៉ះដល់ខ្លួនរួចគូសសន្លឹកឆ្នោតគាំទ្រអ្នកដដែលៗដូចមុន ប៉ុន្តែនៅពេលអ្វីដែលគេហៅថាការអភិវឌ្ឍនោះប៉ះមកលើបងប្អូនដោយគ្មានសំណង ឬការយកចិត្តទុកដាក់នោះ ទើបបងប្អូននឹកដល់ការគូរសន្លឹកឆ្នោតរបស់បងប្អូន១សន្លឹកនោះ។ ការសម្រេចចិត្តនេះគឺភាគច្រើននៅកម្រិតជាតិ។ ខ្ញុំសូមលើកចំណុចតែប៉ុន្មានចំណុចត្រួសៗប៉ុណ្ណោះព្រោះបងប្អូនអាចមើលឃើញច្រើនជាងនេះប្លែកៗតាមទីតាំងផ្សេងៗនៅក្នុងប្រទេស។
សរុបមក ការបោះឆ្នោតទោះនៅកម្រិតមូលដ្ឋាន ឬនៅថ្នាក់ជាតិ សុទ្ធតែមានសារៈសំខាន់ ព្រោះប្រជាពលរដ្ឋអាចជ្រើសរើសមេដឹកនាំដែលអាចធ្វើអោយជីវភាពបងប្អូនអោយធូរធា មានសុវត្ថិភាពផ្លូវកាយផ្លូវចិត្ត ទទួលបានយុត្ថិធម៌នៅពេលមានក្តីក្តាំ និងមានសេរីភាពក្នុងការបញ្ចេញមតិជាដើម៕