ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បានបណ្តាលឱ្យខូចខាតផ្ទះពលរដ្ឋចំនួន៩ខ្នង នៅក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ។
អធិការរងស្រុកស្វាយជ្រុំដែលសុំមិនប្រាប់ឈ្មោះ បានប្រាប់វីអូឌីតាមទូរស័ព្ទនៅព្រឹកថ្ងៃសៅរ៍នេះថាផ្ទះពលរដ្ឋចំនួនចំនួន៩ខ្នងនោះ ត្រូវបានខ្យល់បក់របើកដំបូល និងរបើកជញ្ជាំងកាលពីវេលាម៉ោង៥នឹង៣០នាទីល្ងាចថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០១៧។
«ភ្លៀងធ្លាក់មិនសូវខ្លាំងប៉ុន្មាននោះទេ ប៉ុន្តែដោយសារ កំលាំងខ្យល់បោកបក់ខ្លាំងទើបធ្វើឱ្យផ្ទះពលរដ្ឋខូចខាតដូច្នេះ។»
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧត្តុនិយមកាលពីសប្តាហ៍មុនឲ្យដឹងថាកម្ពុជាកំពុងទទួលរងឥទ្ធិពលពីកម្រិតសម្ពាធទាប។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាចាប់ពីថ្ងៃទី២៨ ខែឧសភា រហូតដល់ថ្ងៃទី០៤ ខែមិថុនានេះនឹងមានភ្លៀងធ្លាក់រាយប៉ាយនៅតាមតំបន់ទំនាបក្នុងបរិមាណពីតិចទៅបង្គូរ។ សេចក្តីប្រកាសព័ត៌មានដដែលក៏រំលឹកដល់ប្រជានេសាទនិងអ្នកធ្វើដំណើរតាមសមុត្រឲ្យមានការប្រុងប្រយ័ត្នខ្ពស់៕