អ្នកនយោបាយបក្សប្រឆាំងរុស្ស៊ី លោក អាឡិចស៊ី ណាវ៉ាល់នី ត្រូវបានតុលាការរុស្ស៊ីសម្រេចដាក់ឃុំរយៈពេល ៣០ថ្ងៃ ហើយអ្នកគាំទ្រលោកជាង ១៥០០នាក់ ត្រូវបានចាប់ខ្លួន ក្រោយពីបាតុកម្មនៅទូទាំងប្រទេសកាលពីថ្ងៃម្សិលមិញនេះ ប្រឆាំងនឹងអំពើពុករលួយរបស់រដ្ឋាភិបាល។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ការតវ៉ាទាំងនោះ គឺជាបាតុកម្មដ៏ធំលើកទីពីរចាប់តាំងពីខែមីនា តាមការអំពាវនាវពីលោក ណាវ៉ាល់នី ដែលបានប្រកាសអំពីចេតនារបស់លោកក្នុងការឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំក្រោយ ហើយបានទាក់ទាញមនុស្សជំនាន់ថ្មី ឲ្យចុះផ្លូវតវ៉ា តាមរយៈយុទ្ធនាការតាមអនឡាញ។
អ្នកនាំពាក្យលោក ណាវ៉ាល់នី គឺអ្នកស្រី គីរ៉ា យ៉ាមីស បានបង្ហោះសារលើ Twitter ថា តុលាការទីក្រុងមូស្គូ បានសម្រេចថា លោក ណាវ៉ាល់នី មានកំហុសដោយសារបានរៀបចំការតវ៉ាដោយគ្មានការអនុញ្ញាត ហើយបានកាត់ទោសលោកឲ្យជាប់ពន្ធនាគាររដ្ឋបាលរយៈពេល ១ខែ។
ក្រុមសិទ្ធិមនុស្ស OVD-Info បានឲ្យដឹងថា អ្នកគាំទ្រលោក ណាវ៉ាល់នី ជាង ១៥០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងពេលបាតុកម្មទូទាំងប្រទេស ក្នុងនោះមានទាំងការចាប់ខ្លួនមនុស្ស ៨២៣នាក់ នៅទីក្រុងមូស្គូ ជាទីដែលប៉ូលិសបង្ក្រាបបាតុកម្ម បានព្យាយាមរុញច្រានក្រុមមហាជនឲ្យថយក្រោយវិញ ដោយពេលខ្លះបានប្រើប្រាស់ដំបងឆក់វាយទៅលើពួកគេផងដែរ៕