ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា ការចាប់ខ្លួនសមាជិកមួយរូបនៅស្រុកសង្កែ ខេត្ដបាត់ដំបង កាលពីម្សិលមិញ លោកថា ជាអន្ទាក់របស់អាជ្ញាធរ នៃគណបក្សប្រជាជនកម្ពុជា។
សមាជិកបក្សប្រឆាំងមួយរូប នៅភូមិល្វា ឃុំវត្ដតាមឹម លោក ទុយ ចាន់ អាយុជាង ៧០ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួន ដោយចោទថា ចុះហត្ថលេខាលើលិខិតក្លែងក្លាយ ជំនួសមេភូមិល្វាដោយទទួលស្គាល់ភាពក្រីក្ររបស់ពលរដ្ឋម្នាក់ដែលមានជំងឺ។
នៅពេលចុះជួបបេក្ខជនជាប់ឆ្នោតឃុំសង្កាត់ នៅខេត្ដសៀមរាប នៅព្រឹកថ្ងៃអង្គារនេះលោក កឹម សុខា ហៅការការចាប់ខ្លួនសមាជិកបក្សសង្រ្គោះជាតិរូបនោះថា គឺជាអន្ទាក់របស់អាជ្ញាធរ ខណៈបក្សកាន់អំណាច ចាញ់សំឡេងឆ្នោតនៅឃុំតាមឹមនោះ។
លោកបន្ដថា «គេលេងមួយចានហើយបងប្អូន គេយកក្រដាសអោយគ្នាយើងដែលឃុំយើងឈ្នះច្រើននោះស៊ីញ៉េហើយយើងអត់ដឹងមិនទាន់ក្រកាសផ្លូវការផងទៅជាស៊ីញ៉េ ឥឡូវនេះ គេយករឿងហេតុហ្នឹងគេចោទថាក្លែងក្លាយជាប់គុកពី៥ឆ្នាំទៅ១០ឆ្នាំ។ បើនៅក្នុងដំណាក់កាលនេះសូមប្រយ័ត្នកុំធ្វើអីៗទាំងអស់ណាបងប្អូនណា កុំធ្វើអីដែលនាំឲ្យគេចាប់កំហុសបានពីព្រោះគេដាក់អន្ទាក់ហើយគេមិនឲ្យយើងសុខទេ ដល់ពេលយើងឈ្នះបានយើងឲ្យគេសុខវិញ ដល់គេឈ្នះគេមិនឲ្យយើងសុខទេតែបើសង្គ្រោះជាតិសុខទាំងអស់គ្នាអត់រករឿងអ្នកណាទេ»។
លោក កឹម សុខា អំពាវដល់ បេក្ខជនជាប់ឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ ត្រូវមានការប្រុងប្រយ័ត្ន ដោយថាមិនត្រូវធ្វើការងារអ្វីទាំងអស់ បើមិនទាន់បានប្រកាសជាផ្លូវការឲ្យចូលកាន់តំណែងនោះ។
បេក្ខជនជាប់ឆ្នោត និងជាអតីតជំទប់ទី២នៃគណបក្សសម រង្ស៊ី នៅឃុំតាមឹម ស្រុកសង្កែ លោក ណូ រិន មានប្រសាសន៍ថា ការចាប់ខ្លួន ឈ្មោះ ទុយ ចាន់ ជារឿងនយោបាយ ដោយសារលោក ទុយ ចាន់ គាត់ជាមនុស្សចេះជួយពលរដ្ឋ នៅក្នុងភូមិ ហើយអ្នកដែលប្ដឹងនោះគឺជាមេភូមិឈ្មោះ លួម លាំង មកពីបក្សកាន់អំណាច។ លោកបន្ដថា «យើងឃើញថា វាដូចជាមានគំនុំមកលើយើងគេចង់កាច់បំបាក់យើងវិញអីក៍ថាបានដែរព្រោះគាត់ជាពលរដ្ឋគ្មានតួនាទីអីទេព្រោះមេឃុំអីគេមិនទាន់តែងតាំងអីទេ។ក្នុងភូមិហ្នឹងគាត់ជាអាចារ្យអីចឹងគាត់ធ្វើតែបុណ្យថ្ងៃសីលអីគាត់ទៅវត្ដគាត់មានប្រជាប្រិយភាពនៅក្នុងភូមិហ្នឹង»។
ប៉ុន្ដែទោះជាយ៉ាងណា លោក ណូ រិន អះអាងថា លោក ទុយ ចាន់ ត្រូវសមត្ថកិច្ចដោះលែងវិញហើយនៅព្រឹកថ្ងៃនេះ។
អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្ដបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា លោក ទុយ ចាន់ គ្រាន់តែជួយពលរដ្ឋក្រីក្រ គ្មានអ្វីដែលត្រូវមានទោសធ្ងន់ធ្ងររហូតដល់ចាប់ខ្លួនដាក់ខ្នោះនោះទេ។ ការចាប់ខ្លួនសកម្មរូបនោះ លោកយល់ថា ជាការដាក់គំនាបដល់បក្សប្រឆាំង។ លោកថា សមត្ថកិច្ចគួរលើកលែងទៅលើបទល្មើសដែលតូចតាចបំផុតនេះ៕