មន្ត្រីសុខាភិបាលហ្វីលីពីន បានឲ្យដឹងថា ផ្នែកខ្លះនៃភាគខាងជើងកោះមិនដាណាវ ដែលកំពុងជាប់ផុងក្នុងជម្លោះប្រដាប់អាវុធនោះ កំពុងតែប្រឈមមុខនឹងវិបត្តិសុខាភិបាលកាន់តែអាក្រក់ ដោយជនភៀសខ្លួនក្នុងចំនួនដ៏ច្រើនកំពុងធ្លាក់ខ្លួនឈឺ ដោយសារតែគ្មានទឹកបរិភោគ ឬគ្មានអនាម័យត្រឹមត្រូវ ខណៈដែលការកាន់កាប់ទីក្រុងម៉ារ៉ាវីពីសំណាក់ពួកឧទ្ទាម បង្ហាញថា គ្មានសញ្ញាបញ្ចប់ទៅឆាប់ៗនោះឡើយ។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia។
សារព័ត៌មានបានផ្សាយបន្តថា មនុស្សប្រហែល ២ម៉ឺននាក់ កំពុងរស់នៅក្នុងជម្រកបណ្ដោះអាសន្ននៅតាមសាលារៀន និងអគាររួមរបស់សហគមន៍ជិត ៤សប្ដាហ៍មកហើយ ក្រោយពីមានការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងពួកបះបោរយកលំនាំតាមក្រុមភេរវកម្មរដ្ឋឥស្លាម។
ស្ថានភាពរស់នៅតាមមណ្ឌលភៀសខ្លួនទាំងនោះ មានសភាពកាន់តែអាក្រក់ ហើយចាប់តាំងពីការភៀសខ្លួនកាលពីថ្ងៃទី២៣ ខែឧសភាមក មនុស្ស ៥៩នាក់ហើយ បានស្លាប់ដោយសារតែមូលហេតុទាក់ទងនឹងសុខភាព។ អ្នកស្លាប់ទាំងនោះ មានទាំងមនុស្ស ១៩នាក់ ដែលមានបញ្ហាសុខភាពជាស្រេចទៅហើយ ដូចជាជំងឺមហារីកជាដើម។
ផ្ទុយទៅវិញ មានតែជនស៊ីវិល ២០នាក់ប៉ុណ្ណោះ ដែលស្លាប់ដោយសារតែការបាញ់ប្រយុទ្ធគ្នា ប៉ុន្តែ ចំនួននេះ ត្រូវបានគេគិតថា នឹងមានច្រើនជាងនេះ ប្រសិនបើគេអាចចូលទៅក្នុងសមរភូមិប្រយុទ្ធបានស្រួលបួលនោះ។
រដ្ឋមន្ត្រីសុខាភិបាល លោក Paulyn Ubial និយាយថា ក្ដីកង្វល់របស់លោក គឺថា ជនភៀសខ្លួន ១៨ម៉ឺននាក់ កំពុងរស់នៅខាងក្រៅជម្រកបណ្ដោះអាសន្ន ដោយមិនមានការត្រួតពិនិត្យស្ថានភាពសុខភាពរបស់ពួកគេ៕