អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឲ្យដឹងថា រដ្ឋាភិបាលចិន គ្រោងផ្តល់រថយន្តក្រុងចំនួន ១០០គ្រឿងបន្ថែមទៀតដល់ប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
ថ្លែងប្រាប់វីអូឌីតាមទូរស័ព្ទនៅរសៀលថ្ងៃនេះ អ្នកនាំពាក្យរូបនេះ បានប្រាប់ថា រថយន្តក្រុងទាំងនោះ នឹងត្រូវដឹកជញ្ជូនមកដល់កម្ពុជា នៅពាក់កណ្ដាលខែកក្កដាខាងមុខ ដែលជាផ្នែកមួយនៃការពង្រឹកសេវារថយន្តក្រុងសាធារណៈឲ្យបានច្រើនខ្សែ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុងនេះ។
លោក ម៉េត មាសភក្ដី បានប្រាប់ថា៖ “ជំនួយតាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយរថយន្តនោះនឹងមកដល់កម្ពុជានៅពាក់កណ្តាលខែក្រោយ ឬចុងខែក្រោយ រួចយើងនឹងដាក់ឱ្យប្រើប្រាស់តែម្តង។ រថយន្តខ្លះយើងដាក់ឱ្យដំណើរការបន្ថែមនៅលើខ្សែរថយន្តក្រុងខ្សែចាស់ ហើយខ្លះទៀតយើងដាក់ឱ្យប្រើប្រាស់នៅលើផ្លូវចំនួន ៥ខ្សែថ្មីទៀត តាមផែនការ ដូចជាផ្លូវម៉ុង ឫទ្ធី ផ្លូវនៅតំបន់សេដ្ឋកិច្ចពិសេសជាប់ព្រំប្រទល់ខេត្តកណ្តាលនៅមានទៀត តែខ្ញុំចាំអត់អស់…”។
សេវារថយន្តក្រុងដឹកអ្នកដំណើរសាធារណៈបច្ចុប្បន្ននេះ មានចំនួន ៣ខ្សែ ខ្សែទី១ ចេញពីគីឡូលេខ៩ ទៅបឹកឈូក ខ្សែទី២ រត់ពីផ្សាររាត្រីទៅក្រុងតាខ្មៅ និងខ្សែទី៣ រត់ចេញពីផ្សាររាត្រីទៅរង្វង់មូលចោមចៅ៕