លោក គួច ចំរើន ថា​នឹងគ្រប់គ្រងបញ្ហាសន្តិសុខក្រោយលោកចូលកាន់តំណែងអភិបាលខេត្តកំពង់ចាម

រូបភាព លោក គួច ចំរើន ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរ (ប្រភព៖ Facebook)

អភិបាល​ខេត្ត​ថ្មី​ដែល​គ្រោង​នឹង​ចូល​កាន់​តំណែង​ដឹកនាំ​នៅ​ខេត្ត​កំពង់ចាម លោក គួច ចំរើន បាន​ឲ្យ​ដឹង​ថា លោក​នឹង​ផ្ដោត​លើ​បញ្ហា​សន្តិសុខ​ សណ្ដាប់​ធ្នាប់​សាធារណៈ​នៅ​ក្នុង​ទឹក​ដី​ខេត្ត​មួយ​នេះ ទៅ​តាម​តួនាទី​ដែល​ត្រូវ​បាន​កំណត់​ដោយ​រដ្ឋាភិបាល នៅ​ពេល​លោក​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ។

យោង​តាម​ព្រះ​រាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៧ ខែ​មិថុនា លោក គួច ចំរើន អាយុ ៤៥​ឆ្នាំ ដែល​ជា​អតីត​អភិបាល​ខណ្ឌ​ដូនពេញ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​តែង​តាំង​ជា​អភិបាល​ខេត្ត​ថ្មី​នៃ​ខេត្ត​កំពង់ចាម ដោយ​នឹង​ឡើង​ដឹកនាំ​ជំនួស​លោក លន់ លឹមថៃ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ដំឡើង​ទៅ​ជា​ទីប្រឹក្សា​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋ​មន្ត្រី។

ក្នុង​កិច្ច​សម្ភាស​ជាមួយ​វីអូឌី​តាម​ទូរស័ព្ទ លោក គួច ចំរើន ប្រាប់​ថា លោក​នឹង​ដឹកនាំ​ចាត់​ចែង​លើ​ការងារ​សន្តិសុខ​សណ្ដាប់​ធ្នាប់​​សម្រាប់​ប្រជា​ពលរដ្ឋ ទៅ​តាម​សេចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល បើ​ទោះបី​ជា​លោក​ពុំ​ទាន់​អាច​ចាត់​បញ្ហា​អាទិភាព​នៅ​ឡើយ​ក៏​​ដោយ។

លោក គួច ចំរើន មាន​ប្រសាសន៍​ថា​៖ “អ្វី​មុន អ្វី​ក្រោយ មិន​ទាន់​អាច​កំណត់​ថា ធ្វើ​អ្វី​មុន​ទេ សំខាន់​លើ​ស្ថានភាព​ជាក់​ស្ដែង! តែ​អ្វី​ដែល​ច្បាស់​លាស់​គឺ​ថា ភារកិច្ច​របស់​អាជ្ញាធរ គ្មាន​អ្វី​ក្រៅ​ពី​ការងារ​សន្តិសុខ សណ្ដាប់ សុវត្ថិភាព​ប្រជា​ពលរដ្ឋ​នោះ​ទេ។ ក្រៅ​ពីនោះ គឺ​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន ជាមួយ​នឹង​ការ​ខិត​ខំ​បម្រើ​សេវា​សាធារណៈ​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ”។

ខេត្ត​កំពង់ចាម គឺ​ជា​មូលដ្ឋាន​ដែល​មាន​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​តឹង​តែង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​នេះ ដោយ​បក្ស​ប្រឆាំង​​​ឈ្នះ​បាន​ឃុំ​សង្កាត់​ចំនួន ៧៦ ក្នុង​ចំណោម​ឃុំ​-សង្កាត់​សរុប ១០៩ នៅ​ទូទាំង​​ខេត្ត​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ