នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចទៅសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសកាន់របបប្រជាធិបតេយ្យធំជាងគេលើពិភពលោកទាំងពីរ និង ដើម្បីពិភាក្សាលើការមិនចុះសម្រុងគ្នាងបញ្ហាប្រែប្រួលអាកាសធាតុ។
ទំនាក់ទំនងរវាងទីក្រុងញូដេលី និង ទីក្រុងវ៉ាស៊ីនតោន ស្ថិតក្នុងភាពល្អប្រសើរក្រោមរដ្ឋការរបស់លោកត្រាំដឹកនាំតាមទម្រង់របស់លោក អូបាម៉ា ខណៈឥណ្ឌាទទួលបានការវិនិយោគយ៉ាងច្រើនពីបណ្តាប្រទេសលោកខាងលិច។
នាយករដ្ឋមន្ត្រី ណារេនដ្រា មូឌី បានប្តេជ្ញា ធ្វើការឲ្យស្និទ្ធជាមួយរដ្ឋការរបស់លោកត្រាំ ប៉ុន្តែថា អ្វីដែលជាឧបសគ្គពេលបច្ចុប្បន្ននោះ គឺការចង់ដោះស្រាយបញ្ហាធ្វើពាណិជ្ជកម្ម ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និង បញ្ហាទិដ្ឋការដែលពលរដ្ឋឥណ្ឌាចង់ទៅធ្វើការនៅអាមេរិក នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAFP។
លោកត្រាំបានចោទឥណ្ឌាថា កំពុងស្វែងរកផលចំណេញ ពីកិច្ចព្រមព្រៀងការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស ក្រោយពេលលោកត្រាំប្រកាសចាកចេញពីកិច្ចព្រមព្រៀងនេះ។ ទោះយ៉ាងណាឥណ្ឌាបានបដិសេធចំពោះការលើកឡើងរបស់ប្រធានាធិបតីអាមេរិកនេះ។