រថយន្តដឹកប្រេងធំមួយបានផ្ទុះឆេះនៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលបានសម្លាប់មនុស្សអស់១៣៩នាក់ និង ជាង ១០០នាក់ផ្សេងទៀតរងរបួស។
ហេតុការណ៍ដែលមានការភ្ញាក់ផ្អើលកើតឡើងនៅព្រឹកថ្ងៃអាទិត្យម្សិលមិញ ជាពេលដែលចាប់ផ្តើមបុណ្យប្រពៃណីសាសនាឥស្លាម Eid al-Fitr និង ការបញ្ចប់នៃបុណ្យ Ramadan។
រថយន្តនោះផ្ទុះប្រេងចំណុះ៤០ ០០០លីត្រ ដែលបានដឹកលើផ្លូវជាតិសំខាន់មួយ ធ្វើដំណើរពីទីក្រុង Karachi ទៅទីក្រុង Lahore ហើយបានផ្ទុះឆេះនៅជិតទីក្រុង Ahmedpur នៅក្នុងខេត្ត Punjab។
ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់ បញ្ជាក់មូលហេតុនៃការផ្ទុះឆេះរថយន្តដឹកប្រេងនោះទេ ប៉ុន្តែសាក្សីជាប្រជាពលរដ្ឋដែលបានកើតហេតុការណ៍នោះបញ្ជាក់ថា ដើមឡើយគឺរថយន្តនោះផ្ទុះសំបកកង់ទើបផ្ទុះឆេះ។នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។
ហេតុការណ៍ផ្ទុះឆេះនេះកើតឡើងនៅលើផ្លូវហាយវេ នៅកន្លែងមួយដែលមានអ្នកដំណើរច្រើន ពិសេសអ្នកធ្វើដំណើរតាមម៉ូតូ។ ដំបូងឡើយនៅប្រមាណ១០នាទីដំបូងនៃការបែងធ្លាយប្រេងនោះមនុស្សជាច្រើននាំគ្នាព័ទ្ធជុំវិញរថយន្តដើម្បីកើបប្រេងយក ហើយក្រោយមកគេមិនបានដឹងមូលហេតុនៃការឆេះនោះទេ ។