កសិករដាំម្រេចនៅខេត្តបាត់ដំបង ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនៅក្នុងចំការជិត៣០០គ្រាប់ ដែលបន្សល់ទុកពីសម័យសង្គ្រាម ហើយនៅមានលទ្ធភាពផ្ទុះសម្លាប់មនុស្សបាន។
នៅថ្ងៃអង្គារ ម្សិលមិញ អគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយថា កសិករនៅក្នុងខេត្តបាត់ដំបងបានប្រទះឃើញ គ្រាប់មិនទាន់ផ្ទុះក្នុងរណ្ដៅមួយ ខណៈពួកគាត់ខួងរណ្តៅដាំជន្លង់ម្រេចនៅក្នុងចំការត្រង់ចំណុចអូរចោត ភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត នៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៧។
នគរបាលឲ្យដឹងទៀតថា គ្រាប់មិនទាន់ផ្ទុះទាំងនោះមានចំនួន២៦៣គ្រាប់ មានដូចជា ប្រភេទគ្រាប់ផ្លោងធុន ៨២មីលីម៉ែត្រ ចំនួន១១៣គ្រាប់ គ្រាប់ផ្លោងធុន ៦០មីលីម៉ែត ចំនួន១៤៥គ្រាប់ គ្រាប់ B40 ចំនួន១គ្រាប់ គ្រាប់ដេកាធុន៨២មិលីម៉ែត្រចំនួន១គ្រាប់ និងគ្រាប់បែកដៃចំនួន៣គ្រាប់ទាំងនោះសល់ពីសម័យសង្គ្រាមដោយឃើញមានច្រេះស៊ីផងដែរ។
អាជ្ញាធរអះអាងថា គ្រាប់ទាំងនេះនៅមានគុណភាពអាចសំលាប់ជីវិតមនុស្ស ហើយបច្ចុប្បន្នអង្គការស៊ីម៉ាក់កំពុងចុះត្រួតពិនិត្យ និងយកទៅចាត់ការតាមជំនាញ៕
ហូរ តុងហាន់