អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅជាប់ព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា ពលករខ្មែររាប់ពាន់នាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកប្រទេសកំណើតវិញយ៉ាងកំហុក នៅចុងខែមិថុនា និងដើមខែកក្កដានេះ បន្ទាប់ពីអាជ្ញាធរថៃអនុវត្តច្បាប់គ្រប់គ្រងពលករបរទេសខុសច្បាប់នាពេលថ្មីៗនេះ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ចាន់គា បានប្រាប់វីអូឌីនៅថ្ងៃនេះថា អាជ្ញាធរថៃបានចាប់បញ្ជូនពលករខ្មែរត្រឡប់មកប្រទេសកំណើតវិញទាំងពលករខុសច្បាប់ និងពលករមានឯកសារសម្រាប់បម្រើការងារ ចាប់តាំងពីចុងខែមិថុនា រហូតដល់ដើមខែកក្កដានេះ ពោលគឺជិតមួយសប្ដាហ៍មកហើយ។
មន្ត្រីសិទ្ធិមនុស្សរូបនេះសង្កេតឃើញថា យ៉ាងហោចណាស់ពលករខ្មែរជាង ៦០០នាក់ក្នុងមួយថ្ងៃៗ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកវិញ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។
លោកថា៖ “យើងមិនទាន់បូកសរុបទាំងអស់នោះទេ ព្រោះពួកគាត់បញ្ជូនមកតែរាល់ថ្ងៃ ប៉ុន្តែបើយើងគណនាទៅវាចាប់ពី ៦រយនាក់ឡើងទៅក្នុងមួយថ្ងៃៗ បញ្ជូនច្រើនជើងខ្ញុំឃើញមានជាង ១០ជើងរហូតដល់ច្រកព្រំដែនគេបិទ”។
ខណៈថៃចាប់បញ្ជូនពលករខ្មែរយ៉ាងកំហុកមកកម្ពុជាវិញនោះ លោក ចាន់គារ សង្កេតឃើញថា រដ្ឋាភិបាលកម្ពុជាពុំចាត់វិធានការយ៉ាងណានៅឡើយទេ ដើម្បីជួយសម្រួលដល់ពលករទាំងនោះ ឲ្យមានការងារធ្វើនៅក្នុងស្រុក។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួ បានអះអាងថា មិនមានការចាប់បញ្ជូនពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃខុសច្បាប់ដូចដែលព័ត៌មានមួយចំនួនចុះផ្សាយនោះទេ។
អ្នកនាំពាក្យរូបនេះ ប្រាប់ថា ពលករចំណាកស្រុកដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញ មានចំនួនត្រឹមតែ ១០០ ទៅ ២០០នាក់ប៉ុណ្ណោះ ជាចំនួនដែលលោកថា ដូចគ្នាទៅចំនួនដែលអាជ្ញាធរថៃចាប់បញ្ជូនមកវិញដូចសព្វមួយដង។
លោកថា៖ “អត់មានទេ អត់មានទេ អ្វីដែលមានគឺអ្នកដែលឆ្លងទៅខុសច្បាប់ភ្លាមៗនេះគឺ អាហ្នឹង គឺជារឿងធម្មតាព្រោះកន្លងមកក៏មានជាហូរហែរអីចឹងដែរហើយការចាប់បញ្ជូនឬក៏ការបណ្តេញចេញពីការងារអីនេះគឺមិនមានទេពីព្រោះយើងបានទាក់ទងជាមួយហ្នឹងក្រសួងការងារថៃរហូត ហើយក្រសួង ការងារថៃគាត់បានបញ្ជាក់មកក្រសួងការងារកម្ពុជាដែរថាមិនមានការអនុវត្តច្បាប់ការងារថ្មីនៅឡើយទេ”។
រដ្ឋាភិបាលយោធាថៃ ថ្មីៗនេះ បានចាប់បញ្ជូនពលករបរទេសទៅប្រទេសកំណើតរបស់ពួកគេវិញ ជាផ្នែកមួយនៃការអនុវត្តច្បាប់គ្រប់គ្រងពលករបរទេសខុសច្បាប់នៅក្នុងប្រទេសមួយនេះ៕