កម្ពុជាទទួលចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរបានជាង៥០លានដុល្លារ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧នេះ កើនពាក់កណ្តាលលើសឆ្នាំមុន។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១ កក្កដា ឆ្នាំ២០១៧ គ្រឹះស្ថានអង្គរបានឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧ នេះភ្ញៀវទេសចរបរទេស បានចូលមកទស្សនារមណីយដ្ឋានអង្គរបានជាង១លាននាក់ ខណៈដែលប្រាក់ចំណូលដែលបានពីការលក់សំបុត្រទទួលបាន ៥២ ១៦៧ ៩៧២ (ហាសិបពីរលានមួយសែនប្រាំមួយម៉ឺនប្រាំពីរពាន់ប្រាំបួនរយចិតសិបពីរ) ដុល្លារអាមេរិក ដែលកើនលើសឆ្នាំមុន៦៦,៨២ភាគរយ។
គួររំលឹកផងដែរថា បន្ទាប់ពីរដ្ឋាភិបាលបានដកហូតអង្គរវត្តពីការគ្រប់គ្រងដោយ ក្រុមហ៊ុនលោក សុខ គង់ មកវិញចាប់ពីថ្ងៃទី១ខែកុម្ភៈនោះ ការអនុវត្តន៍តម្លៃថ្មីនៃប័ណ្ណចូលទស្សនាអង្គរវត្ដបានកើនឡើង។ តម្លៃថ្មីនៃសំបុត្រចូលទស្សនាមួយថ្ងៃតម្លៃ៣៧ដុល្លារ បីថ្ងៃតម្លៃ៦២ដុល្លារ និង៧ថ្ងៃតម្លៃ៧២ដុល្លារ ខណៈតម្លៃចាស់នោះគឺ មួយថ្ងៃតម្លៃ២០ដុល្លារ បីថ្ងៃ៤០ដុល្លារ និងមួយសប្ដាហ៍៦០ដុល្លារ៕