កាលពីសប្ដាហ៍កន្លងមកនេះ ពលករខ្មែររាប់ពាន់នាក់ ដែលគ្មានឯកសារត្រឹមត្រូវនៅក្នុងប្រទេសថៃ ត្រូវបានរាយការណ៍ថា ត្រូវអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកវិញ បន្ទាប់ពីប្រទេសនេះចាប់ផ្ដើមអនុវត្តច្បាប់គ្រប់គ្រងពលករបរទេសខុសច្បាប់។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ពលករខ្មែរជិត ២ពាន់នាក់ ត្រូវបានតម្រួតថៃចាប់បញ្ជូនត្រឡប់មកវិញ ចាប់ពីថ្ងៃទី២៨ ខែមិថុនា តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខណៈដែលអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅខេត្តបន្ទាយមានជ័យ សង្កេតឃើញថា ពលករខ្មែរមិនក្រោម ៦០០នាក់នោះឡើយក្នុងមួយថ្ងៃៗ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកវិញ នៅតាមច្រកព្រំដែនមួយនេះ។
សេចក្ដីរាយការណ៍ពីសារព័ត៌មានថៃ បានឲ្យដឹងថា ក្រៅពីការចាប់បញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញនោះ ពលករបរទេសខុសច្បាប់ប្រហែល ៦ម៉ឺននាក់ មិនថាជាពលករខ្មែរ ឬពលករភូមាទេ បានរត់គេចចេញពីប្រទេសថៃ នៅចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែមិថុនា ដោយបារម្ភអំពីការប្រឈមមុខនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងររហូតដល់រាប់ម៉ឺនបាត ហើយថៅកែដែលជួលពលករបរទេសដោយខុសច្បាប់ ក៏ត្រូវប្រឈមមុខនឹងការផាកពិន័យដល់ ៨សែនបាត ឬជាង ២ម៉ឺន ៣ពាន់ដុល្លារឯណោះ។
បន្ទាប់ពីចលនាពលករបរទេសគេចខ្លួនដ៏ច្រើនបែបនេះ រដ្ឋាភិបាលថៃក៏បានផ្អាកអនុវត្តផ្នែកខ្លះនៃច្បាប់ថ្មីនេះក្នុងរយៈពេល ១២០ថ្ងៃ ឬ ៤ខែ ក្នុងនោះផ្អាកអនុវត្តប្រការផាកពិន័យទៅលើថៅកែជួលពលករបរទេសខុសច្បាប់ដោយគ្មានលិខិតអនុញ្ញាតការងារផងដែរ។
ក្រោយពីបញ្ហានេះបានផ្ទុះឡើង វាជំរុញឲ្យមានការចោទសួរ តើការអនុវត្តច្បាប់របស់រដ្ឋាភិបាលទៅលើពលករខ្មែរ និងពលករភូមា នឹងធ្វើឲ្យរង្គោះរង្គើដល់សេដ្ឋកិច្ចថៃឬទេ?
មុននឹងឈានទៅស្វែងយល់ថា តើវិធានការរដ្ឋាភិបាលថៃទៅលើពលករបរទេសខុសច្បាប់ ប៉ះពាល់ដល់សេដ្ឋិច្ចថៃក្នុងកម្រិតណានោះ ជាដំបូងនេះ គេតែស្វែងយល់ថា តើពលករបរទេសមានចំនួនប៉ុន្មាននៅក្នុងប្រទេសថៃនាពេលសព្វថ្ងៃនេះ ជាពិសេស ពលករខ្មែរយើង។
បើផ្អែកទៅតាមអង្គការសន្តប្រវេសន៍អន្តរជាតិ ហៅកាត់ថា IOM បានឲ្យដឹងថា ពលករអន្តោប្រវេសន៍ជាង ៣លាននាក់ កំពុងស្នាក់នៅ និងបម្រើការងារនៅក្នុងប្រទេសថៃ។ ពលករបរទេសទាំងនោះ ភាគច្រើន ត្រូវបានជួលឲ្យធ្វើការងារក្នុងវិស័យមិនត្រូវការជំនាញ និងផ្ដល់ប្រាក់ឈ្នួលទាបៗ ដូចជា វិស័យនេសាទ និងកែច្នៃត្រី វិស័យសំណង់ កសិកម្ម និងនៅតាមរោងចក្រ។ ពលករទាំងនោះ ជាជនចំណាកស្រុកមកពីប្រទេសជិតខាងថៃ មានភូមា កម្ពុជា និងឡាវ។
និយាយដោយឡែកអំពីពលករខ្មែរវិញ គ្មានតួលេខណាច្បាស់លាស់អំពីចំនួនពលករខ្មែរដែលកំពុងស្នាក់នៅ និងបម្រើការងារនៅក្នុងប្រទេសថៃនោះទេ មិនថាភាគីរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃនោះឡើយ។ បើផ្អែកតាមតួលេខរបស់រដ្ឋាភិបាលថៃ ពលករខ្មែរនៅក្នុងប្រទេសនេះ មានចំនួនជិត ៧០ម៉ឺននាក់ ដែលត្រូវបានចុះបញ្ជីដោយរដ្ឋាភិបាលថៃ ក្រោយការចាប់បញ្ជូនចេញយ៉ាងធំកាលពីឆ្នាំ២០១៤។ ជាងនេះទៅទៀត រដ្ឋាភិបាលថៃ បានចុះបញ្ជីមនុស្សដល់ទៅជាង ៤ម៉ឺន ២ពាន់នាក់ទៀត ដែលត្រូវចាត់ទុកជាមនុស្សស្ថិតក្នុងបន្ទុករបស់ពលករខ្មែរ មានន័យថា ពួកគេអាចជាកូន អាចជាប្រពន្ធ ជាដើម។ សុរបទាំងអស់ ជនអន្តោប្រវេសន៍កម្ពុជានៅក្នុងប្រទេសថៃ អាចមានចំនួនជាង ៧៣ម៉ឺន ៦ពាន់នាក់ គិតត្រឹមឆ្នាំ២០១៤កន្លងមក។
ពលករខ្មែរ ក៏ដូចជាពលករភូមាដែរ ភាគច្រើនបម្រើការងារនៅតំបន់ភាគកណ្ដាល បណ្ដាខេត្តស្ថិតនៅជាប់ឆ្នេរសមុទ្រភាគខាងកើត និងបណ្ដាខេត្តសម្បូរចម្ការកៅស៊ូនៅភាគខាងត្បូងនៃប្រទេសថៃ។
ងាកទៅពិនិត្យមើលផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចវិញ វាប្រាកដណាស់ថា វិធានការដ៏តក់ក្រហល់បែបនេះរបស់រដ្ឋាភិបាលថៃ ពិតជាប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ មិនថាតិច ឬច្រើននោះទេ ដែលនេះហើយជាមូលហេតុជំរុញឲ្យរដ្ឋាភិបាលយោធាថៃសម្រេចផ្អាកការអនុវត្តមាត្រាខ្លះនៃច្បាប់ស្ដីពីការគ្រប់គ្រងពលករបរទេស នៅក្នុងប្រទេសរបស់ខ្លួន។
បើគិតចាប់តាំងពីឆ្នាំ១៩៩៥មក វាច្បាស់ណាស់ថា រដ្ឋាភិបាលថៃប្រាកដជាទទួលស្គាល់នូវការចូលរួមចំណែកកាន់តែធំឡើងរបស់ពលករបរទេស ក្នុងការជួយពូនផ្ដុំជំរុញកម្លាំងម៉ាក្រូសេដ្ឋកិច្ចថៃ នោះក៏ព្រោះតែស្ថាប័នអន្តរជាតិធំៗ បានសិក្សាទៅលើផលចំណែកដែលពលករបរទេសបានចូលរួមក្នុងសរសៃរសេដ្ឋកិច្ចថៃអស់រយៈពេលមិនតិចជាង ២០ឆ្នាំចុងក្រោយមកនេះ។
របាយការណ៍សិក្សាដោយអង្គការពលកម្មអន្តរជាតិ បានរកឃើញថា កាលពី ១០ឆ្នាំមុន កម្លាំងពលកម្មនៅក្នុងប្រទេសថៃ មានចំនួន ៣៦លាននាក់ ក្នុងនោះមានពលករប្រហែល ៥ភាគរយ ឬស្មើនឹង ១.៨លាននាក់។ ពលករចំណាកស្រុកនេះ ត្រូវបានជួលឲ្យធ្វើការងារមិនត្រូវការជំនាញ ដែលការងារទាំងនោះ មិនត្រូវបានពលរដ្ឋថៃចាប់អារម្មណ៍ទៀតនោះទេ ប៉ុន្តែ ប្រទេសនេះពិតជាមានតម្រូវការកម្លាំងពលកម្មបែបនេះខ្ពស់។ ដូច្នេះ ពលករទាំងនេះ ប្រាកដណាស់ថា បានជួយឲ្យរោងចក្រ សហគ្រាស ផលិតកម្មខ្នាតតូច និងមធ្យមរបស់ថៃមានដំណើរការទៅដោយរលូន និងចំណាយប្រាក់ឈ្នួលទាប ប៉ុន្តែ ពោរពេញទៅដោយការកេងប្រវ័ញ្ច។
បើគេក្រឡេកទៅមើលទំហំនៃការចូលរួមរបស់ពលករបរទេសទៅក្នុងម៉ាក្រូសេដ្ឋកិច្ចថៃវិញ វាពិតណាស់ថា វាកើនឡើងជាបន្តបន្ទាប់ពីរាប់រយលានដុល្លារ រហូតដល់ពាន់ដុល្លារ នៅក្នុងរយៈពេល ២០ឆ្នាំចុងក្រោយមកនេះ។
កាលពីឆ្នាំ១៩៩៥ នៅពេលដែលពលករបរទេសមានចំនួនត្រឹមតែ ៧៥ម៉ឺននាក់ វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍថៃ បានប៉ាន់ប្រមាណថា ពលករអន្តោប្រវេសន៍បានចូលរួមចំណែកប្រហែល ០.៥ភាគរយ ឬប្រហែល ៨៣៩លានដុល្លារ នៃទំហំសេដ្ឋកិច្ចថៃទាំងមូលនាពេលនោះ ១៦៨ពាន់លានដុល្លារ។ រយៈពេល ១០ឆ្នាំក្រោយមក នៅពេលដែលចំនួនពលករកាន់តែមានចំនួនច្រើន ពួកគេបានចូលរួមចំណែកដល់ទៅ ១.២៥ភាគរយ ឬស្មើនឹង ២ពាន់លានដុល្លារ នៃទំហំសេដ្ឋកិច្ចថៃទាំងមូល។ ផលចំណែកដែលពលករបរទេសបានចូលរួមទៅក្នុងសេដ្ឋកិច្ចថៃ ត្រូវបានគេរំពឹងថា កើនឡើងទ្វេដងនៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយមកនេះ ពោលអាចមានចំនួនលើសពី ៥ពាន់លានដុល្លារ។
បើនិយាយដោយលម្អិតទៅទៀត ពលករអន្តោប្រវេសន៍ បានចូលរួមចំណែកក្នុងទំហំមួយគួរឲ្យយកចិត្តទុកដាក់នៅក្នុងវិស័យសំខាន់ៗដែលទ្រទ្រង់សេដ្ឋកិច្ចថៃ។ ពលករបរទេសបានចូលរួមចំណែកដល់ទៅ ១២ភាគរយនៅក្នុងវិស័យកសិកម្ម ១៥ភាគរយនៅក្នុងវិស័យនេសាទ ៤០ភាគរយនៅក្នុងវិស័យឧស្សាហកម្ម និង ២០ភាគរយទៀតនៅក្នុងវិស័យសេវាកម្ម។ របាយការណ៍អង្គការអន្តរជាតិនានា សុទ្ធតែផ្ដល់ជាមតិថា ប្រសិនពលករបរទេសដែលកំពុងស្នាក់នៅ និងធ្វើការងារនៅក្នុងប្រទេសថៃ ត្រូវបានរដ្ឋាភិបាលថៃរៀបចំឲ្យមានរបៀបរៀបរយ ស្ថិតនៅក្រោមប្រព័ន្ធការពារសុវត្ថិភាព សុខមាលភាព និងរបបសង្គមកិច្ច ពួកគេនឹងកាន់តែចូលរួមចំណែកដល់ទៅ ៦.២ភាគរយ នៅក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះ។
ដោយដឹង និងទទួលស្គាល់ពីការចូលរួមចំណែកដ៏ធំរបស់ក្រុមពលករអន្តោប្រវេសន៍ទៅក្នុងសេដ្ឋកិច្ចថៃ ចុះហេតុអ្វីបានជារដ្ឋាភិបាលយោធាថៃចាប់បញ្ជូនពួកគេត្រឡប់មកវិញ? បញ្ហាដែលមិនទាន់ចប់មួយគឺថា រដ្ឋាភិបាលថៃមិនថាបច្ចុប្បន្ន ឬរដ្ឋាភិបាលស៊ីវិលមុនៗទេ សុទ្ធតែរងការរិះគន់យ៉ាងបែកផ្សែងជុំវិញការជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្មមនុស្ស និងការរំលោភបំពានសិទ្ធិមនុស្ស ដែលធ្វើឲ្យប្រទេសមួយនេះ មានកេរ្តិ៍ឈ្មោះមិនសូវល្អនោះឡើយ នៅក្នុងកែវភ្នែករបស់បណ្ដាប្រទេសការពារ និងជំរុញការគោរពសិទ្ធិ។ ជាក់ស្ដែង នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ អាមេរិកបានដាក់ថៃឲ្យស្ថិតក្នុងបញ្ជីអាក្រក់មួយ ជុំវិញបញ្ហាការជួញដូរមនុស្ស ដែលមានន័យថា រដ្ឋាភិបាលប្រទេសនេះ មិនទាន់បំពេញបានពេញលេញទៅតាមស្តង់ដារនៃការលុបបំបាត់ការជួញដូរមនុស្សនោះឡើយ។
ដូច្នេះ ដោយពិនិត្យមើលលើចំណុចវិជ្ជមាន រដ្ឋាភិបាលថៃកំពុងព្យាយាមគ្រប់គ្រងលើពលករបរទេសឲ្យបានណែន ដើម្បីឈានទៅកាត់បន្ថយ ឬក៏លុបបំបាត់ទាំងស្រុងការជួញដូរមនុស្សឆ្លងដែន ការកេងប្រវ័ញ្ចពលកម្មមនុស្ស និងការរំលោភសិទ្ធិមនុស្ស។ ហើយនៅពេលដែលស្ថានភាពពលករកាន់តែល្អប្រសើរនោះ វាប្រាកដណាស់ថា នឹងចូលរួមចំណែកកាន់តែធំបន្ថែមទៀតក្នុងម៉ាក្រូសេដ្ឋកិច្ចថៃ៕