អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ក្រើនរំឮកដល់ពលករទៅធ្វើការនៅក្រៅប្រទេសឲ្យស្វែងរកសេវាធ្វើឯកសារផ្លូវច្បាប់នានាពីស្ថាប័នរដ្ឋដោយមិនអស់លុយ កុំឲ្យធ្វើតាមរយៈក្រុមហ៊ុនឬមេខ្យល់អាចអស់លុយច្រើន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកក្កដា បានឲ្យដឹងថា សម្រាប់ពលករដែលទៅធ្វើការក្រៅប្រទេសតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចសុំធ្វើលិខិតឆ្លងដែន ពីនាយកដ្ឋានលិខិតឆ្លងដែន មានទីតាំងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកពលរដែលបានធ្វើការងារស្របច្បាប់នៅក្រៅប្រទេសមានការទទួស្គាល់ និង មានឯកសារបញ្ជាក់ពីក្រសួងការងារ អាចទាក់ទងធ្វើលិខិតឆ្លងដែនបានទាំងនៅ រាជធានីភ្នំពេញ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ការប្រកាសរបស់ក្រសួងមហាផ្ទៃនៅពេលនេះ ធ្វើឡើងស្របពេលដែលពលករខ្មែរធ្វើការខុសច្បាប់នៅប្រទេសថៃ ត្រូវបានអាជ្ញាធរថៃបានអនុវត្តន៍ច្បាប់ថ្មី ចាប់បញ្ជូនមកកម្ពុជាវិញបន្តបន្ទាប់ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក៏បាន ប្រកាសពីតម្លៃនៃការធ្វើលិខិតឆ្លងដែនសម្រាប់ពលរដ្ឋទូទៅដែរគឺ១០០ដុល្លារអាមេរិកសម្រាប់ក្នុងពេល២០ថ្ងៃ ១៥០ដុល្លារអាមេរិកក្នុងពេល ១០ថ្ងៃ និង២០០ដុល្លារអាមេរិកក្នុងពេល១ថ្ងៃ៕
ហ៊ាង សុគន្ធារី