ក្រុមអ្នកនយោបាយជើងចាស់ លើកឡើថាពួកគេចង់ឲ្យសមាជិករដ្ឋសភាបង្កើតច្បាប់មួយការពារនាយករដ្ឋមន្រ្តីពេលធ្លាក់ពីអំណាច ដោយថាជាឧបករណ៏មួយការពារកុំឲ្យមានការសងសឹកគ្នា។
លោក គង់ គាំ ទីប្រឹក្សាគណបក្សសង្រ្គោះជាតិបានលើកឡើងដូចនេះ ខណៈលោកចូលរួមពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃ៥-៦កក្កដាឆ្នាំ១៩៩៧ខួបទី២០ឆ្នាំ។ ជាព្រឹត្តិការណ៍បង្ហួរឈាមខ្មែរគ្នាឯង ស្លាប់និងរបួសរាប់រយនាក់ ដែលអ្នកវិភាគយល់ថាដោយសារតែអ្នកនយោបាយខ្មែរចង់បានអំណាចតែម្នាក់ឯង។
ដោយសារតែបទពិសោធន៍នេះ ទើបលោក លឺ ឡាយស្រេង អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងក្រសួងអភិវឌ្ឍជនបទ មកពីគណបក្ស ហ្វ៊ុន ស៊ិនប៉ិច បានលើកឡើងថា គួរតែបង្កើតច្បាប់មួយការពារនាយករដ្ឋមន្រ្តីពេលធ្លាក់ពីអំណាច។
មូលហេតុដែលក្រុមអ្នកនយោបាយជើងចាស់ ចង់ឲ្យមានច្បាប់ការពារនាយករដ្ឋមន្រ្តីពេលធ្លាក់ពីអំណាចបែបនេះ ពួកគេ យល់ថា អាចបញ្ជៀសមិនឲ្យមានវប្បធម៌ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»។
ប៉ុន្តែសម្រាប់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា មិនចាំបាច់ឲ្យមានច្បាប់នេះទេ ដោយថាបើបង្កើតច្បាប់នេះឡើងមានន័យថាគណបក្សកាន់អំណាចដឹងខ្លួនជាមុន។
សម្រាប់ក្រុមអ្នកវិភាគវិញ តើចាំបាច់បង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីពេលធ្លាក់ពីអំណាចឬទេ?
លោកបណ្ឌិត សាម អ៊ិន មានប្រសាសន៍ថា គោលបំណងនៃការចង់បង្កើតច្បាប់នេះឡើងគឺត្រូវបានលើកឡើងដោយលោកបណ្ឌិត កែម ឡី តាំងពីលោកមិនទាន់ត្រូវគេបានគេសម្លាប់។ លោកថាលោកគាំទ្រឲ្យបង្កើតច្បាប់នេះ៖ «យើងគិតថាការជជែកគ្នាអំពីការរៀបចំច្បាប់ឬយន្តការណាមួយដើម្បីធានាសុវត្ថិភាពដល់អ្នកកាន់អំណាចបច្ចុប្បន្នឲ្យគាត់ចាកចេញទៅដោយកិត្តិយស ចាកចេញជាមួយសុវត្ថិភាព សេចក្តីថ្លៃថ្នូរគឺជារឿងមួយល្អប្រសើរក្នុងដំណើរការផ្លាស់ប្តូរដោយសន្តិភាព»។
លោកបណ្ឌិត សាម អ៊ិន បានលើកពីបទពិសោធន៍នៅប្រទេសអាហ្វ្រិកខាងត្បូងដែលមានការផ្លាស់ប្តូរមេដឹកនាំផ្តាច់ការដោយសារតែមានយន្តការការពារពួកគេនៅពេលធ្លាក់ពីអំណាច៖ «ជំនាន់ការគ្រប់គ្រងរបស់របបអាប៉ាថេតហើយនិងការដឹកនាំដោយ លោក និលសុន មិនដាឡា ដើម្បីរំដោះប្រជាពលរដ្ឋស្បែកខ្មៅអាព្រិកឲ្យមានសេរីភាព លោក និលសុន មិនដាឡា បានប្រើប្រាស់គោលនយោបាយមួយលើកលែង អត់ឱនចំពោះអតីតកាល ដើម្បីការផ្សះផ្សារជាតិអាព្រិកខាងត្បូងរវាងស្បែកខ្មៅនិងស្បែកស»។
អ្នកប្រឹក្សាយោបល់ផ្នែកសិទ្ធិមនុស្ស លោក សួន ប៊ុនស័ក្ត បង្ហាញការគាំទ្រចង់ឲ្យមានច្បាប់នេះ បើទោះបីជាមិនមានប្រទេសណាបង្កើតច្បាប់បែបនេះក៏ដោយ៖ «អ្វីៗវាមិនចាំតែមានឧទាហរណ៍មុនទេ ដរាបណាស្អីមួយដែលមានប្រយោជន៍ ជាវិភាគទានដល់ប្រយោជន៍ជាតិ សន្តិសុខដល់ជាតិ បង្រួបបង្រួមជាតិ …យើងគួរធ្វើ។នៅស្រុកយើងវាមានឧទាហរណ៍ហើយ។ ព្រះបរមរតនកោដ្ឋ សម្តេចតាយើងហ្នឹង កម្ពុជាបានធ្វើច្បាប់មួយដាក់ឲ្យព្រះអង្គធ្វើជាព្រះមហាវីរក្សត្រ។ ហ្នឹងគឺជាការទទួលស្គាល់គុណបំណាច់មួយជាអ្នកដឹកនាំ»។
បើតាម លោក សួន ប៊ុនស័ក្ត ច្បាប់នេះក៏ជាការផ្តល់កិត្តិយសដល់អ្នកនយោបាយដែរ ពោលមិនមែនការពារកំហុសរបស់អ្នកនយោបាយនោះទេ។
យ៉ាងណាក៏ដោយក៏មានមតិមួយចំនួន លើកឡើងថា បើកាលណាបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីពេលធ្លាក់ពីអំណាចនោះ នឹងនាំឲ្យមេដឹកនាំជិះសេះលែងដៃ ដោយអាងថាខ្លួនមានច្បាប់ការពារ។ ប៉ុន្តែលោក សួន ប៊ុនស័ក្ត យល់ថា បើមានករណីកំហុសធ្ងន់ធ្ងរច្បាប់នេះមិនអាចការពារបានទេ៖ «វាជាកាលៈទេសៈទេ មិនមែនត្រូវអនុវត្តគ្រប់កាលៈទេសៈទេ។ ជួនកាលការខុសឆ្គងហួសហេតុពេកឧទាហរណ៍របបខ្មែរក្រហមចឹងទោះជាមានបាលី ព្រះឥន្ធ ព្រះព្រហ្មក៏ជួយមិនបានដែរ។ ប៉ុន្តែអ្នកនយោបាយធ្វើការខុសឆ្គង ខ្វះខាតខ្លះៗ បើយើងធ្វើច្បាប់ចឹងជាការឲ្យតម្លៃទៅវិញ»។
សូមរំឭកថា បំណងនៃការបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីដែលធ្លាក់ពីអំណាចនេះត្រូវបាន លោក ហ៊ុន សែន បង្ហើបម្តងដែរកាលពីពេលស្រុះស្រួលផ្នែកនយោបាយក្រោយជាប់គាំងឆ្នាំ២០១៣។ ប៉ុន្តែលោកអះអាងថា ច្បាប់នេះត្រូវបានលើកឡើងដោយគណបក្សប្រឆាំង តែលោកអះអាងថាលោកមិនត្រូវការច្បាប់នេះទេ៕