ក្រសួងមហាផ្ទៃបានប្រកាសពីគម្រោងថវិកាជិត១លានដុល្លា សម្រាប់លើកទឹកមន្ត្រីរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
យោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសពីគម្រោងថវិកាជិត១លានដុល្លារ សម្រាប់លើកទឹកចិត្តមន្ត្រីក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយថាផែនការនេះនឹងជម្រុញនិងលើកទឹកចិត្តដល់សមត្ថកិច្ចដែលមានស្នាដៃក្នុងការបង្ក្រាប។
កាលពីថ្ងៃទី២៩ មីនាកន្លងទៅ លោក ស ខេង សន្យាថារដ្ឋាភិបាលនឹងលើកទឹកចិត្តដល់មន្ត្រីសមត្ថកិច្ចណាដែលចាប់បានគ្រឿងញៀនច្រើនជាងគេ ត្រូវទទួលបានរង្វាន់លើកទឹកចិត្ត៤០លានរៀល ឬស្មើនឹង១ម៉ឺនដុល្លារអាមេរិក សម្រាប់គ្រឿងញៀនមួយគីឡូក្រាម។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទីមួយរបស់រដ្ឋាភិបាលមានរយៈពេល៦ខែ ដោយគិតចាប់ពីដើមឆ្នាំ២០១៧នេះ។ យុទ្ធនាការប្រយុទ្ធប្រឆាំងនេះរដ្ឋាភិបាលថាខ្លួនឃាត់បានបង្ក្រាបានជាង៥ពាន់ករណី និងឃាត់ខ្លួនមនុស្សបានជាង៩ពាន់នាក់។ ការឃាត់ខ្លួនមនុស្សដែលពាក់ព័ន្ធនឹងថ្នាំញៀននេះត្រូវបានអគ្គស្នងការនគរបាលនគរបាលជាតិផ្សព្វផ្សាយថាចាប់បានរាល់ថ្ងៃ ហើយមានថ្ងៃខ្លះចំនួនដែលចាប់បាននោះកើនដល់ជាង៣០នាក់។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ការផ្តល់លុយលើកទឹកចិត្តនេះវាជារឿងសំខាន់មួយ តែថាក្រសួងគួរតែពិចារណាទម្លាក់លុយទៅដល់ថ្នាក់ក្រោមជាតិវិញប្រហែលអាចមានប្រសិទ្ធភាពល្អជាងនេះ។ ចំពោះយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់រដ្ឋាភិបាលវិញលោកស្ទើរមើលមិនឃើញថា មានអ្វីប្រែប្រួលនោះទេ ដោយសារតែមេឈ្មួញជួញដូរធំៗមិនត្រូវបានចាប់ខ្លួននៅឡើយ។
លោកថា៖ «គួរតែមានការទម្លាក់ថវិការ ឬក៏មានការបែងចែកថវិការទៅដល់ឃុំសង្កាត់ឲ្យគាត់កាន់តែមានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាប្រចាំនោះជារឿងល្អ តែប្រសិនប្រាក់រង្វាន់នេះត្រូវបានគិតតែនៅថ្នាក់ជាតិខ្ញុំគិតថាវាមិនសូវជា បានល្អប្រសើរប៉ុន្មានទេ។ ហើយម្យ៉ាងវិញទៀត បើថ្នាក់មូលដ្ឋានហ្នឹងអត់មានមធ្យោបាយអត់បាន ធ្វើការសកម្មក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺបញ្ហាគ្រឿងញៀននេះមិនអាចថមថយបានទេ»។
បើតាមលោក គិមអេង ដើម្បីកាត់បន្ថយទៅដល់កម្រិតទាបបំផុតនៃគ្រឿងញៀនរដ្ឋាភិបាលគួរមានផែនការអនុវត្តន៍បង្ក្រាបជាប់ជាប្រចាំ ដោយស្មើដៃគ្នាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសការបង្ក្រាបដោយគ្មានការយោគយល់ ដោយទាមទារឲ្យមន្ត្រីដែលមានជំនាញ និងមានឆន្ទៈក្នុងកិច្ចការនេះ។
ផែនការយុទ្ធសាស្ត្រប្រឆាំងគ្រឿងញៀនរបស់កម្ពុជា ធ្វើឡើងស្របពេលប្រធានាធិបតីហ្វីលីពីន លោក ឌូទើតេ ដែលគេស្គាល់ថា ជាស្តេចប្រឆំាងបទល្មើសគ្រឿងញៀន បានមកធ្វើទស្សនកិច្ចនៅកម្ពុជានាពាក់កណ្តាលខែធ្នូឆ្នាំមុន៕