តុលាការជាន់ខ្ពស់នៅដែនដីហុងកុង បានសម្រេចដកតំណែងតំណាងរាស្ត្រ៤រូបដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ប្រឆាំងរដ្ឋអំណាចទីក្រុងប៉េកាំង ពាក់ព័ន្ធនឹងការចោទថា ពួកអ្នកទាំងនេះស្បថចូលកាន់តំណែងមិនត្រឹមត្រូវ។
សមាជិកសភាទាំង៤រូបនេះ បានស្បថចូលកាន់តំណែងកាលពីខែតុលា ឆ្នាំ២០១៦។ ពេលស្បថចូលកាន់តំណែងក្រុមយុវជនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យទាំងនោះ បានបញ្ជូលពាក្យខ្លះលើសពីការតម្រូវ ដូចជា យើងប្តេជ្ញាធ្វើឲ្យមានការបោះឆ្នោតជាសកលក្នុងការជ្រើសរើសមេដឹកនាំមិនស្ថិតនៅក្រោមការរៀបចំរបស់រដ្ឋអំណាចទីក្រុងប៉េកាំង។ នេះបើតាមសារព័ត៌មានBBC។
ចំណែកចំណាត់ការរបស់តុលាការនេះធ្វើឡើងក្រោយពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង ព្រមានដល់ដែនដីនេះ ចំពោះការតវ៉ាកន្លងមក។
កាលពីឆ្នាំ២០១៤នៅដែនដីហុងកុងមានចលនាតវ៉ាជាទ្រង់ទ្រាយធំ ទាមទារឲ្យមានការបោះឆ្នោតជាសកលក្នុងការជ្រើសរើសមេដឹកនាំ ប៉ុន្តែការទាមទារនេះត្រូវបានច្រានចោលដោយរដ្ឋអំណាចទីក្រុងប៉េកាំង៕