ការឆ្មក់ចូលទៅការដ្ឋានសាងសង់ បានក្លាយទៅជាប្រតិបត្តិការប្រចាំថ្ងៃទៅហើយ ចាប់តាំងពីម៉ាឡេស៊ីចាប់ផ្ដើមការបង្ក្រាបទូទាំងប្រទេសទៅលើពលករបរទេសខុសច្បាប់ កាលពីថ្ងៃទី០១ ខែកក្កដានេះ។
សារព័ត៌មានសិង្ហបុរីចុះផ្សាយថា នៅក្នុងរយៈពេល ១០ថ្ងៃដំបូងនៅក្នុងប្រតិបត្តិការនេះ ពលករខុសច្បាប់ជាង ៣៣០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះមានទាំងថៅកែជាង ៦០នាក់ផងដែរ។
ការបង្ក្រាបនេះ មិនមែនត្រូវបានធ្វើឡើងដោយគ្មានការព្រមានជាមុននោះទេ។ អាជ្ញាធរអន្តោប្រវេសន៍ប្រទេសនេះ បានទុកពេលជិត ៥ខែដល់ក្រុមថៅកែ ឲ្យនាំពលករខុសច្បាប់ទៅចុះបញ្ជីឲ្យបានត្រឹមត្រូវ។
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក មូស្តាហ្វា អាលី កំណត់គោលដៅផ្ដល់លិខិតបញ្ជាក់ការងារ ៦សែនសន្លឹកដល់ពលករបរទេសខុសច្បាប់ ប៉ុន្តែ កម្មករមិនដល់ ១៦ម៉ឺននាក់ផង ត្រូវបាននាំទៅចុះឈ្មោះ រហូតដល់ផុតកំណត់ត្រឹមថ្ងៃទី៣០ ខែមិថុនា។
មន្ត្រីម៉ាឡេស៊ីរូបនេះបញ្ជាក់ថា អាជ្ញាធរនឹងមិនពន្យារពេលទៀតនោះឡើយ ហើយលោកថា ថៅកែមានពេលគ្រប់គ្រាន់ហើយសម្រាប់នាំពលករបរទេសទៅចុះបញ្ជីនោះ៕