ជនជាតិចិនប្រុសស្រីជាង៣០នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួននៅព្រឹកថ្ងៃនេះ ដោយត្រូវបានសង្ស័យថា មានជាប់ព័ន្ធនឹងឧក្រិដ្ឋកម្មជំរិតប្រាក់តាមប្រព័ន្ធអ៊ីនថឹណែត។ នេះដោយយោងតាមសេចក្ដីរាយការណ៍នៅលើវេបសាយនគរបាលជាតិ។
វេបសាយរបស់អគ្គស្នងការនគរបាលជាតិនៅព្រឹកនេះ បានឲ្យដឹងថា ជនជាតិចិន៣១នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍ចាប់ខ្លួន នៅក្នុងខណ្ឌជ្រោយចង្វា ខណ្ឌចំការមន និងខណ្ឌ ៧មករា នៅម៉ោង ៦កន្លះព្រឹកថ្ងៃនេះ។ សេចក្ដីរាយការណ៍នោះ បញ្ជាក់ថា ជនជាតិចិនទាំងនោះ ត្រូវបានចាប់ខ្លួន ដោយសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជំរិតប្រាក់តាមប្រព័ន្ធអ៊ីនថឹណែត។
ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ លោក សុខ ផល បានប្រាប់ថា ខាងស្នងការនឹងបញ្ជូនទណ្ឌិតទាំង ៣១ នាក់នេះ ទៅប្រទេសចិនវិញ ដើម្បីឲ្យចិនកាត់ទោសទៅតាមច្បាប់។
លោកថា៖ “យើងនឹងបញ្ជូនពួកគេទៅស្រុកចិនវិញ ទៅតាមច្បាប់អន្តោរប្រវេសន៍ ដើម្បីធ្វើការកាត់ទោសនៅទីនោះ ទុកឲ្យចិនធ្វើអីធ្វើទៅ”។
តាមរបាយការណ៍បានបញ្ជាក់ថា ពួកគេបានមករស់នៅប្រទេសកម្ពុជា ប្រើប្រាស់បណ្តាញអ៊ីនថឹណិតចេញពីកម្ពុជា ដើម្បីជំរិតទារបា្រក់ពីប្រជាជនចិន នៅឯប្រទេសចិន។
ជនជាតិចិន ៦៣នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន និងបញ្ជូនទៅចិនដីគោកវិញ កាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងមក ក្នុងនោះមានទាំងពលរដ្ឋកោះតៃវ៉ាន់ ១៣នាក់ផងដែរ ដែលនាំឲ្យមានការតវ៉ាពីសំណាក់រដ្ឋាភិបាលកោះតៃវ៉ាន់។
ទោះជាយ៉ាងណា លោក សុខ ផល មិនទាន់បានដឹងនៅឡើយទេថា ក្នុងចំណោមជនជាតិចិន ដែលត្រូវបានឃាត់ខ្លួនកាលពីព្រឹកមិញ មានប៉ុន្មាននាក់ជាជាតិចិនដីគោក ហើយប៉ុន្មាននាក់ជាពលរដ្ឋតៃវ៉ាន់នោះឡើយ៕