ព្រឹទ្ធសភាកម្ពុជាយល់ព្រមទាំងស្រុងទៅលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយគ្មានវត្តមានសមាជិកព្រឹទ្ធសភាពីបក្សប្រឆាំងចូលរួម។
ការអនុម័តរបស់ព្រឹទ្ធសភានៅថ្ងៃអង្គារនេះ គឺធ្វើឡើងតែមួយសប្តាហ៍ក្រោយពីតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាចំនួន៦៦រូបដែលបានចូលប្រជុំសភាពេញអង្គ បានអនុម័តសេចក្តីស្នើច្បាប់ស្តីពីគណបក្សនយោបាយ ដែលលោក ហ៊ុន សែន ស្នើធ្វើវិសោធនកម្មជាលើកទី២។
នៅព្រឹកថ្ងៃទី១៨ កក្កដានេះ ព្រឹទ្ធសភាដែលមានតែសមាជិកបក្សកាន់អំណាចចូលរួមចំនួន៤២រូបក៏បានយល់ព្រមទាំងស្រុងទៅលើវិសោធនកម្មនេះដោយគ្មានកែប្រែដោយថាច្បាប់នេះធ្វើឡើងដើម្បីពង្រឹងនីតិរដ្ឋ និងសុខសន្តិភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់សង្គ្រាមពាក្យសំដី។
អ្នកនាំពាក្យព្រឹទ្ធិសភាលោក ម៉ម ប៊ុននាង មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថាការចូលឬមិនចូលពីសមាជិកព្រឹទ្ធសភាបក្សប្រឆាំង គឺជាសិទ្ធរបស់ពួកគេ តែថាលិទ្ធិប្រជាធិបតេយ្យគឺត្រូវគោរពសំឡេងភាគច្រើន ។
លោកថា៖ «នៅក្នុងនេះដែរគឺអត់មានកែប្រែអីទេគឺស្របតាមរដ្ឋធម្មនុញ្ញទាំងអស់ អត់មានផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញនោះទេ អត់បានរំលោភទៅលើលិទ្ធិប្រជាធិបតេយ្យនោះទេ អត់បានធ្វើឲ្យបែកបាក់ជាតិនោះទេ»។
ទោះជាយ៉ាងណាប្រធានស្តីទីគណបក្សសម រង្ស៊ី និងជាសមាជិកព្រឹទ្ធសភាលោក ទាវ វណ្ណុល បានឲ្យវីអូឌីដឹងថា ការសម្រេចមិនចូលរួម ដោយសារសមាជិកព្រឹទ្ធសភាបក្សប្រឆាំងយល់ថា ការធ្វើវិសោធនកម្មនេះគឺមិនបានបម្រើផលប្រយោជន៍ប្រជារាស្រ្តខ្មែរទេ គឺបម្រើប្រយោជន៍ទៅលើបុគ្គលច្រើនជាង និងកំពុងតែធ្វើឲ្យលិទ្ធិប្រជាធិបតេយ្យដើរថយក្រោយ។
លោកថា៖ «គេបានសម្រេចធ្វើវិសោធនកម្មមួយសារទៀតដោយសារការធ្វើវិសោធនកម្មមុនហ្នឹងគេមិនអាចបំពេញបំណងបុគ្គលណាមួយដែលចង់បានហ្នឹង។ ដែលគាត់ចង់បានច្បាប់ហ្នឹងអញ្ចឹងបានជាគេ ធ្វើវិសោធនកម្មហ្នឹងមួយសារទៀត! អញ្ចឹងបើបីខែធ្វើវិសោធនកម្មម្តងដើម្បីបំពេញចិត្ត មនុស្សម្នាក់អញ្ចឹងយើងមិនអាចទៅចូលរួមអញ្ចឹងកើតទេ!»។
មន្ត្រីផ្នែកអង្កេតនៅអង្គការខុមហ្វ្រែល ដែលជាអង្គការមួយឃ្លាំមើលដំណើរការសភា លោក កង សាវាង្ស ធ្លាប់បានលើកឡើងកាលពីសប្តាហ៍មុនថា ច្បាប់នេះ ហាក់មិនបានបើកទូលាយឲ្យគ្រប់ភាគីពាក់ព័ន្ធ បានចូលរួមផ្តល់យោបល់ តាមបែបប្រជាធិបតេយ្យទេ និងប្រើសម្រាប់បម្រើបុគ្គលតែម្នាក់។
លោកថា៖ «យើងមើលឲ្យមែនទែនទៅការធ្វើច្បាប់នេះ វាមិនមែនសំដៅទៅលើប្រយោជន៍រួម ឬក៏ប្រយោជន៍ទូទៅទេ គឺការប្រើប្រាស់ច្បាប់មួយសម្រាប់តែបុគ្គលម្នាក់។ អញ្ចឹងយើងមើលឃើញថាការធ្វើច្បាប់នេះ ហាក់អត់ទាន់បានគិតអំពីគេហៅថាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យឬមួយជាគោលការណ៍រួមនៅឡើយទេ ហើយសម្រាប់យើងៗហាក់មិនមានការគាំទ្រច្បាប់សម្រាប់បុគ្គលឬក៏ជាបែបហ្នឹងទេណាស់ យើងអត់មានការគាំទ្រទេ។ ប៉ុន្តែយើងនឹងជជែកផ្លូវច្បាប់បន្ថែមទៀតថាតើ វាបង្ហាញពីរបៀបម៉េច វាខុសត្រង់ចំនុចណាខ្លះ។ នេះគ្រាន់តែជាការវាយតម្លៃបឋមរបស់ខ្ញុំទេបាទ»។
គួររំលឹកផងដែរថាការកែច្បាប់គណបក្សនយោបាយជាលើកទី២នេះធ្វើតាមបញ្ជារបស់លោក ហ៊ុន សែន កាលពីចុងខែមិថុនាកន្លងទៅ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យតំណាងរាស្ត្រគណបក្សប្រជាជន លោក ឈាង វុន អះអាងថា ច្បាប់នេះនឹងរារាំងមិនឲ្យមានការដាក់តាំងរូបលោក សម រង្ស៊ី នៅទីសាធារណៈដូចមុនៗទេ ដោយលោកចាត់ទុកលោក សម រង្ស៊ី ជាទណ្ឌិត។ លោក ឈាង វុន បង្ហើបថា ច្បាប់នោះក៏នឹងទប់ស្កាត់មិនឲ្យមហាអំណាចណាមួយប្រើឥទ្ធិពល នាំលោក សម រង្ស៊ី ចូលកម្ពុជាវិញផងដែរ។
ច្បាប់គណបក្សនយោបាយ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ត្រូវបានស្នើធ្វើវិសោធនកម្មឡើងវិញម្តងហើយ ដោយលោក ហ៊ុន សែន កាលពីចុងខែមករាឆ្នាំ២០១៧ និងត្រូវបានចូលជាធរមាន បន្ទាប់ពីបានចុះហត្ថលេខា កាលពីថ្ងៃទី៧ខែមីនា ដោយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្តីទី ជំនួសព្រះមហាក្សត្រ ដែលបានយាងទៅចិន៕