អ្នកឃ្លាំមើលការបោះឆ្នោតបានស្នើទៅ គ.ជ.ប ឲ្យសម្រួលដល់ពលករខ្មែរនៅក្រៅប្រទេស អាចចុះឈ្មោះបោះឆ្នោតនៅតាមស្ថានទូតឬស្ថានកុងស៊ុល ឬកន្លែងធ្វើការរបស់ពលករខ្មែរនៅព្រំដែនប្រទេសថៃ។
យោងតាមសេចក្តីព្រាងអនុសាសន៍របស់ក្រុមអង្គការឃ្លាំមើលការបោះឆ្នោត នៅថ្ងៃនេះបានផ្តល់ជម្រើសទៅគជប ដោយធ្វើវិសោធនកម្មច្បាប់ជ្រើសតាំងតំណាងរាស្ត្រដើម្បីបង្កើតការិយាល័យបោះឆ្នោតនៅតាមស្ថានទូតឬស្ថានកុងស៊ុលក្រៅប្រទេស ខណៈជម្រើសទី២គឺស្នើឲ្យអនុញ្ញាតដល់ពលករខ្មែរនៅថៃអាចមកចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ ជាប់ព្រំដែន។
ក្នុងកិច្ចប្រជុំពិភាក្សាមួយនៅថ្ងៃពុធនេះស្ដីពី «សេចក្ដីព្រាងអនុសាសន៍ទាក់ទងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៧» នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា អះអាងថា តាមរបាយការណ៍ ពលករខ្មែរធ្វើការនៅថៃមានចំនួនជាង១លាន៧សែននាក់ ម៉ាឡេស៊ីមានជាង១០ម៉ឺននាក់ កូរ៉េខាងត្បូងមានជាង៥ម៉ឺននាក់ ជប៉ុនមានខ្ទង់៣ពាន់នាក់ និងនៅបណ្ដាប្រទេសផ្សេងទៀត។
លោក មឿន តុលា ពន្យល់ថា ជម្រើសល្អបំផុតដើម្បីធានាសិទ្ធិបោះឆ្នោតជូនប្រជាពលខ្មែរ គឺត្រូវបង្កើតការិយាល័យបោះឆ្នោតនៅស្ថានទូត និងអគ្គកុងស៊ុលខ្មែរនៅក្រៅប្រទេស ហើយលោកថា ជម្រើសទី២ គឺបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមតំបន់ជាប់ព្រំដែន។
លោកថា៖ «ជម្រើសល្អបំផុត សម្រាប់ធានាសិទ្ធិពួកគាត់ហ្នឹង អាចមានសិទ្ធិក្នុងការបោះឆ្នោតបាននោះគឺបង្កើតកន្លែងចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត នៅកន្លែងស្ថានទូត ឬក៏ស្ថានកុងស៊ុល ឧទាហរណ៍ ដូចជានៅថៃ យើងមានស្ថានទូតនៅទីក្រុងបាងកក ហើយយើងមានស្ថានកុងស៊ុលនៅស្រះកែវ […] ជម្រើសទី២ គឺបង្កើតការិយាយចុះឈ្មោះ និងបោះឆ្នោត នៅតាមព្រំដែន»។
អនុប្រធានលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.ប លោក ឌី ភីរុណ ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា សំណើរបស់ក្រុមអង្គការសង្គមស៊ីវិល នឹងត្រូវដាក់ជូនទៅ គ.ជ.ប ពិចារណា។ ប៉ុន្ដែលោកថា សំណើមួយចំនួន គឺទាក់ទងទៅនឹងផ្លូវច្បាប់ ដោយថា គ.ជ.ប អាចធ្វើសកម្មភាពទាំងនេះបាន លុះត្រា មានការធ្វើវិសោធនកម្មច្បាប់តែប៉ុណ្ណោះ។
លោកថា៖ «សំណើរបស់ NGO មួយចំនួន វាទាក់ទងនឹងផ្លូវច្បាប់ ឧទាហរណ៍ ដូចជា ឧទាហរណ៍ដូចពលរករ នៅក្រៅស្រុក ដែលគាត់ត្រូវចុះឈ្មោះ និងបោះឆ្នោតនោះ គឺទិដ្ឋភាពច្បាប់បោះឆ្នោតយើង អត់ទាន់មានទេ អញ្ចឹងអានេះ វាទាក់ទងនឹងផ្លូវច្បាប់ហើយ។ ហើយខ្ញុំពិបាកនឹងបកស្រាយដែរ ព្រោះទិដ្ឋភាពច្បាប់ វាទាល់តែមានការធ្វើវិសាធនកម្មច្បាប់ បានខាង គ.ជ.ប អាចធ្វើកើត»។
ពាក់ព័ន្ធករណីនេះ មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក សុន ឆ័យ លើកឡើងថា គ.ជ.ប គួរធ្វើសំណើទៅរាជរដ្ឋាភិបាល ដើម្បីស្នើសុំកញ្ចប់ថវិកាមួយ យកទៅដោះស្រាយបញ្ហាពលករខ្មែរនៅក្រៅប្រទេសទាំងនោះ។
ករណីដែល គ.ជ.ប តែងលើកថា ខ្លួនមិនអាចអនុវត្តហួសពីព្រំដែនកំណត់ដោយច្បាប់ លោក សុន ឆ័យ អះអាងថា គណបក្សសង្គ្រោះជាតិ នឹងស្នើធ្វើវិសោធនកម្មច្បាប់ភ្លាម ឲ្យតែ គ.ជ.ប បញ្ជាក់មកថា ច្បាប់ណាមួយ ដែលហាមឃាត់ខ្លួន មិនឲ្យធ្វើសកម្មភាព ដែលបម្រើដល់សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ។
លោកថា៖ «បើ គ.ជ.ប ថាការងារមួយចំនួន ធ្វើមិនកើតដោយសារច្បាប់ សូមឲ្យ គ.ជ.ប បញ្ជាក់មក ច្បាប់មាត្រាណា ហើយចង់កែយ៉ាងម៉េច យើងខ្ញុំនឹងត្រៀមខ្លួន ដើម្បីស្នើច្បាប់នោះភ្លាម មិនទុកឲ្យលើស១សប្ដាហ៍ទេ ថាតួនាទីរបស់គាត់ ធ្វើទៅមិនទាន់បាន ដោយសារហេតុផល ហេតុផលនោះ យើងនឹងស្នើទៅរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មភ្លាម»។
បើតាមសេចក្ដីប្រកាស គ.ជ.ប នឹងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១ខែកញ្ញា រហូតដល់ថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៧ខាងមុខនេះ៕