វប្បធម៌លាបពណ៌ និយាយបង្កាច់បង្ខូចគ្នាទៅវិញទៅមកនៅក្នុងរង្វង់នយោបាយកម្ពុជា បានចាកចូលជ្រៅទៅហួសពីរង្វង់ក្រុមអ្នកនយោបាយធំៗថ្នាក់ជាតិទៅទៀត។ ក្រុមអ្នកឃ្លាំមើលនយោបាយ និងសង្គមកម្ពុជា មើលឃើញថា ការនិយាយបង្កាច់បង្ខូច ឬលាបពណ៌គ្នាទៅវិញទៅមក ក៏បានកើតឡើងនៅក្នុងចំណោមអ្នកនយោបាយនៅថ្នាក់មូលដ្ឋានផងដែរ ជាពិសេសក្រោយពីការបោះឆ្នោតឃុំសង្កាត់កន្លងមកថ្មីៗនេះ។
អ្នកប្រឹក្សាយោបល់ឯករាជ្យផ្នែកសិទ្ធិមនុស្ស និងអភិបាលកិច្ច លោក សួន ប៊ុកសក្តិ បានបង្ហាញនូវការសង្កេតរបស់លោកទៅលើទិដ្ឋភាពនយោបាយកម្ពុជា នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ អ្វីដែលលោកមើលឃើញនោះគឺថា មេដឹកនាំនយោបាយកំពូលៗរបស់កម្ពុជា សុទ្ធតែមានចំណែកមិនថាតិច ឬច្រើននោះទេ នៅក្នុងការសាបព្រួសវប្បធម៌លាបពណ៌ និងការនិយាយមូលបង្កាច់បង្ខូចគ្នាទៅវិញទៅមក។
សម្រាប់ទិដ្ឋភាពនយោបាយកម្រិតជាតិ លោក សួន ប៊ុនសក្តិ សង្កេតឃើញថា ក្រុមមេដឹកនាំបក្សនយោបាយមិននៅក្នុងរដ្ឋាភិបាលនោះ បានចោទប្រកាន់ទៅលើក្រុមមេដឹកនាំបក្សកាន់អំណាចជាច្រើនឆ្នាំមកថា ពួកគេជាក្រុម “អាយ៉ងយួន” ឬហៅថា “ក្បាលយួន ខ្លួនខ្មែរ” ជាដើម។ លោកថា ពាក្យពីរឃ្លានេះត្រូវបានសាបព្រួសខ្លាំងបំផុតអំឡុងទសវត្សរ៍១៩៨០ ជាពេលដែលប្រទេសកម្ពុជាស្ថិតក្នុងការប្រយុទ្ធគ្នារវាងរដ្ឋាភិបាលក្រុងភ្នំពេញគាំទ្រដោយកងទ័ពវៀតណាម និងរដ្ឋាភិបាលចម្រុះត្រីភាគីនៅឯព្រំដែនភាគខាងលិចប្រទេស។
លោក សួន ប៊ុនសក្តិ៖ “ប៉ុន្តែ យើងអត់ទេ…ដើម្បីមានអំណាច ដើម្បីមានឱកាសធ្វើការ ចេះតែបង្អាប់គ្នាទៅវិញទៅមក ដៀលត្មេះទៅវិញទៅមក ជួនកាលមិនបានគិតពីភាសាថ្លៃថ្នូរប៉ុន្មានទេមែនទែទៅ។ យើងឃើញតែអញ្ចឹង ដើម្បីអំណាច។ ការពិតទៅ គេគ្រាន់តែប្រកួតប្រជែងផ្នែកគំនិត ផ្នែកគោលនយោបាយ ហើយឲ្យប្រជាពលរដ្ឋជឿ ដើម្បីឲ្យប្រជាពលរដ្ឋគេផ្ដល់អំណាចដើម្បីឲ្យគ្រប់គ្រង ប៉ុន្តែ យើងធ្វើហ្នឹង វាហួសហេតុពេកដែរ។ សម្ដីអ្នកនយោបាយដូចជាហួសហេតុក្នុងការដែលគេជជែកឆ្លងឆ្លើយគ្នាទៅវិញទៅមក ពោរពេញទៅដោយអសុរសច្រើនណាស់កន្លងមក។ អញ្ចឹងហើយបានជាសង្គមខ្មែរជំនាន់ក្រោយ ជំនាន់បច្ចុប្បន្ននេះ តែងតែមានហឹង្សាផ្សេងៗ ដោយសារតែឥទ្ធិពលមិនល្អពីអ្នកដែលមានសំឡេងខ្លាំង សំឡេងទៅឆ្ងាយ សំឡេងលឺដល់គ្រប់ច្រកល្ហកហ្នឹងឯងមែនទែនទៅ”។
ដោយសារតែទំនាក់ទំនងជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាទៅនឹងប្រទេសវៀតណាម ក្រុមមេដឹកនាំគណបក្សនេះ បានក្លាយជាផ្ទាំងស៊ីបនៃការចោទប្រកាន់ជាច្រើនឆ្នាំមកហើយពីសំណាក់គណបក្សនយោបាយមិនដឹកនាំរដ្ឋាភិបាល។ ភរិយា និងកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានក្រុមអ្នកគាំទ្របក្សប្រឆាំងផ្សព្វផ្សាយថា មានជាប់ឈាមជ័រជាមួយអតីតមេដឹកនាំវៀតណាម។ ការចោទប្រកាន់បែបនេះទៅលើក្រុមគ្រួសារលោក ហ៊ុន សែន បានដុតកម្ដៅនយោបាយកម្ពុជា រហូតដល់លោក ហ៊ុន សែន ប្រកាសមិនអត់ឱនឲ្យមេដឹកនាំបក្សប្រឆាំង ក៏ដូចជាអ្នកគាំទ្របក្សនេះផងដែរ បើទោះបីជាអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី បដិសេធថា លោកមិនដែលបរិហារឿងក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីក៏ដោយ។
បើងាកទៅមើលខាងបក្សប្រឆាំងវិញ ពួកគេក៏ក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារជាញឹកញាប់ពីសំណាក់គណបក្សកាន់អំណាចផងដែរ។ អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវលោក ហ៊ុន សែន ហៅជាសាធារណៈទាំងកំហឹងថា “កូនអ្នកក្បត់ជាតិ”។ ការហៅបែបនេះរបស់លោក ហ៊ុន សែន ដោយសំដៅទៅដល់ឪពុករបស់លោក សម រង្ស៊ី អតីតមន្ត្រីជាន់ខ្ពស់សម័យសង្គមរាស្ត្រនិយម ដែលត្រូវបានចោទប្រកាន់ដោយចម្រូងចម្រាស់ថា បានក្បត់អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ នៅដើមទសវត្សរ៍១៩៦០។
ក្រៅពីលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងបច្ចុប្បន្ន លោក កឹម សុខា ក៏ជាត្រូវបានកំណត់ជាគោលដៅនៃការបរិហា និងការបង្កាច់បង្ខូចផងដែរ។ គេអាចនៅចាំបានថា លោក កឹម សុខា ត្រូវបានបរិហាថាជា “ចោរ”លួចអង្ករ។ អ្វីដែលសំខាន់នោះគឺថា រឿងអាស្រូវដ៏ចម្រូងចម្រាស់របស់លោក កឹម សុខា ត្រូវបានទម្លាយ បើទោះបីជាគេមិនដឹងពីចេតនាពិតប្រាកដ ប៉ុន្តែ គេអាចមើលឃើញថា ជាការបង្កាច់បង្ខូចរូបលោក។
ការលាបពណ៌ ឬនិយាយបង្កាច់បង្ខូចគ្នា ក៏កើតមានជាមួយគណបក្សតូចៗដទៃទៀតផងដែរ។ កាលនៅជាមេដឹកនាំបក្សសិទ្ធិមនុស្សនៅឡើយនោះ លោក កឹម សុខា ផ្ទាល់ ក៏ត្រូវបានគណបក្ស សម រង្ស៊ី ចាស់ចាត់ទុកជាបក្ស “អាយ៉ង” របស់បក្សកាន់អំណាចផងដែរ។ សព្វថ្ងៃនេះ គណបក្សនយោបាយតូចៗដទៃទៀត ក្នុងនោះមានទាំងបក្សប្រជាធិបតេយ្យមូលដ្ឋានផងដែរ ត្រូវបានក្រុមអ្នកគាំទ្រគណបក្សប្រឆាំងចាត់ទុកជា “អាយ៉ង” របស់បក្សកាន់អំណាចផងដែរ។
វប្បធម៌លាបពណ៌ និងបង្កាច់បង្ខូចគ្នានេះ ត្រូវបានមើលឃើញថា កើតមានដល់កម្រិតមូលដ្ឋាន ជាពិសេសនៅក្រោយក្រោយការបោះឆ្នោតឃុំសង្កាត់កន្លងមកថ្មីៗនេះ វាបានបង្វែរមុខព្រួយទៅរកមេដឹកនាំថ្មីនៅតាមមូលដ្ឋាន នោះគឺមេឃុំ ឬចៅសង្កាត់ជាប់ឆ្នោត មកពីគណបក្សសង្គ្រោះជាតិ។ ជាឧទាហរណ៍មួយ នៅឯក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកស្រី ឃុន ចន្ទី ចៅសង្កាត់ដែលទើបជាប់ឆ្នោតថ្មីមកពីបក្សប្រឆាំង ត្រូវបានបរិហា និងបង្កាច់បង្ខូចថា ជាជនជាតិវៀតណាម។
ជារួមមក នៅក្រោយការបោះឆ្នោតឃុំសង្កាត់នោះ មេឃុំ ឬចៅសង្កាត់ទើបជាប់ឆ្នោតថ្មីមកពីគណបក្សសង្គ្រោះជាតិ ត្រូវរងការបរិហាថា គ្មានចំណេះដឹង មានកម្រិតវប្បធម៌ទាប ជាអ្នកធាក់ស៊ីក្លូ ជាអ្នកលក់កាហ្វេ ជាជនជាតិវៀតណាម ឬជាជនពិការជាដើម។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិក លោក សំ គន្ធាមី បានសង្កេតឃើញនូវទិដ្ឋភាពបែបនេះ នៅក្រោយការបោះឆ្នោតកន្លងមកនេះ ហើយលោកចាត់ទុកយុទ្ធនាការវាយប្រហារទៅលើចៅសង្កាត់ជាប់ឆ្នោតថ្មីមកពីបក្សប្រឆាំងនោះថា មិនត្រឹមតែប្រមាថទៅដល់បុគ្គលដែលត្រូវបានពលរដ្ឋជ្រើសរើសនោះទេ ប៉ុន្តែ វាក៏ជាទង្វើប្រមាថទៅលើម្ចាស់ឆ្នោតទាំងមូលផងដែរ។
អ្នកឃ្លាំមើលការបោះឆ្នោតកម្ពុជារូបនេះ យល់ថា យុទ្ធនាការវាយប្រហារបង្កាច់បង្ខូចទៅលើមេឃុំចៅសង្កាត់ថ្មីៗទាំងនោះ ឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់នូវការរើសអើងខាងនយោបាយ ហើយជាងនេះទៅទៀត លោកថា វាក៏ធ្វើឲ្យមិនមានចុះសម្រុងគ្នាក្នុងចំណោមក្រុមប្រឹក្សាឃុំសង្កាត់ ព្រមទាំងប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។
សម្រាប់ថ្នាក់មូលដ្ឋាន យុទ្ធនាការបរិហាបង្កាច់បង្ខូចគ្នានេះ លោក សួន ប៊ុនសក្តិ ឯកភាពថា ពិតជាធ្វើឲ្យប៉ះពាល់ដល់សាមគ្គីភាពក្នុងសហគមន៍។ សម្រាប់ទិដ្ឋភាពនយោបាយថ្នាក់ជាតិវិញ លោក ប៊ុនសិក្តិ វប្បធម៌លាបពណ៌ និងបង្កាច់បង្ខូចគ្នានេះ ធ្វើឲ្យប្រទេសកម្ពុជាទាំងមូល ពុំមានវរជនគួរឲ្យគោរពនោះឡើយ។
ដូច្នេះ វាគួរតែដល់ពេលហើយដែលក្រុមមេដឹកនាំនយោបាយកម្ពុជា ផ្ដល់ជាគំរូសម្រាប់ថ្នាក់ដឹកនាំមូលដ្ឋាន ព្រមទាំងបន្សល់ទុកកេរ្តិ៍ដំណែលល្អៗ សម្រាប់មេដឹកនាំកម្ពុជាក្មេងៗជំនាន់ក្រោយ៕