ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានឧបត្ថម្ភប្រាក់ប្រមាណជិត៣៨ម៉ឺនដុល្លារអាមេរិក មកប្រទេសកម្ពុជា ក្នុងគោលបំណងគាំទ្រ និងលើកស្ទួយវិស័យថែទាំសុខភាពដល់កម្មការិនី និងកុមារតូចៗ ដែលកំពុងធ្វើការនៅរោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី១៩កក្កដាម្សិលមិញ ការផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងតាមរយៈការចុះហត្ថលេខាជាមួយអង្គការពិភពកុមារនិងអភិវឌ្ឍន៍ (PE&D) ដើម្បីដាក់ដំណើរការនូវគម្រោងខាងលើ។ ហើយផែនការនេះ នឹងត្រូវបានដាក់ឲ្យអនុវត្តសាកល្បងនៅតាមរោងចក្រចំនួន១២នៅភ្នំពេញ ព្រមទាំងនៅខេត្តកំពង់ស្ពឺ ដែលវានឹងផ្តល់ផលប្រយោជន៍ដល់កុមារចំនួន១៤០នាក់ និងកម្មករ-កម្មការិនីចំនួន១២០០នាក់។
សេចក្តីប្រកាសព័ត៌មានដដែល ឲ្យដឹងថា គម្រោងថ្មីនេះ កើតចេញពីគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ដាក់ឲ្យដំណើរការសេវាសង្គមកិច្ចនៅតាមរោងចក្រ ដែលកន្លងមក ប្រទេសកម្ពុជា ក៏មានច្បាប់ការងារទាក់ទងទៅនឹងសេវាកម្មថែទាំសុខភាពមាតា និងកុមារដែរ ប៉ុន្តែវាពុំទាន់មានប្រសិទ្ធិភាពខ្លាំង ឬនៅមានកម្រិតនៅឡើយ។
ចាប់តាំងពីឆ្នាំ១៩៩៣ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ជំនួយដល់គម្រោងផ្សេងៗ ដែលសរុបទឹកប្រាក់ មានជាង៥០០លានដុល្លារមកហើយ បើគិតមកដល់ពេលបច្ចុប្បន្ន ដើម្បីជួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម៕