ជនជាតិវៀតណាម ១៩នាក់ ក្នុងនោះមានស្ត្រី ៤នាក់ផងដែរ ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន នៅទីក្រុងភ្នំពេញ កាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីរកឃើញថា បានស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅកម្ពុជា។ នេះដោយផ្អែកតាមរបាយការណ៍របស់នគរបាលជាតិ។
របាយការណ៍ដែលចុះផ្សាយលើគេហទំព័រនគរបាលជាតិនៅថ្ងៃនេះ បានឲ្យដឹងថា កម្លាំងនគរបាលអន្តោប្រវេសន៍កម្ពុជា បានឃាត់ខ្លួនជនជាតិវៀតណាម ១៩នាក់ នៅក្នុងទីតាំងសិប្បកម្មកែច្នៃឈើ និងហាងកាហ្វេ នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីព្រឹកថ្ងៃម្សិលមិញនេះ ហើយបានរកឃើញថា ពួកគេបានស្នាក់នៅ និងធ្វើការដោយគ្មានឯកសារត្រឹមត្រូវ។
ជនអន្តោប្រវេសន៍វៀតណាមរាប់សិបនាក់ ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ។
ប្រធាននាយករដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្ដមសេនីយ៍ទោ អ៊ុក ហៃសិលា ត្រូវបានដកស្រង់សម្ដីចុះផ្សាយថា គិតចាប់តាំងពីខែមករា រហូតដល់ខែឧសភាកន្លងមកនេះ ជនបរទេស ១០២៥នាក់ មាន ៣៥សញ្ជាតិ ត្រូវបានឃាត់ខ្លួន ក្នុងនោះមានជនជាតិវៀតណាម ៧១២នាក់។
នៅក្រោមច្បាប់កម្ពុជា ជនបរទេសដែលរស់នៅដោយគ្មានលិខិតឆ្លងដែន ទិដ្ឋាការ ឬក៏លិខិតការងារ នឹងត្រូវបានបញ្ជូនចេញពីប្រទេសនេះ៕