ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនដល់ទៅ ៤៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនត្រឹមតែមួយថ្ងៃម្សិលមិញនេះ ដែលភាគច្រើនត្រូវបានសង្ស័យពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ នេះដោយផ្អែកតាមរបាយការណ៍នគរបាលជាតិ។
របាយការណ៍ដែលចុះផ្សាយលើគេហទំព័រនគរបាលជាតិ បង្ហាញថា បទល្មើសគ្រឿងញៀន ២៦ករណី ត្រូវបានសមត្ថកិច្ចបង្ក្រាបបានត្រឹមមួយថ្ងៃទី២១ ខែកក្កដានេះ ដោយចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនដល់ទៅ ៤៤នាក់ ក្នុងមនុស្សដល់ទៅ ២៩នាក់ ត្រូវបានសង្ស័យពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
របាយការណ៍នគរបាលជាតិកាលពីខែឧសភាកន្លងមកនេះ បានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនជាង ៨ពាន់នាក់ហើយ ត្រូវបានចាប់ខ្លួនគិតចាប់តាំងពីដើមឆ្នាំរហូតដល់ចុងខែឧសភាកន្លងមក។
ការស្ទង់មតិមួយបង្ហាញថា បញ្ហាគ្រឿងញៀន គឺជាចំណុចខ្សោយមួយរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕