ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងរថយន្តនៅថ្ងៃចន្ទនេះនៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្គានីស្ថាន បានបណ្តាលឲ្យស្លាប់មនុស្សអស់២៤នាក់ និង៤២នាក់ផ្សេងទៀតបានរងរបួស បណ្តាលឲ្យមានការភ័យខ្លាចកើតឡើងច្រើន។
មន្ត្រីរបស់អាហ្គានីស្ថានបានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកនេះ កើតឡើងនៅភាគខាងលិចនៃទីក្រុង នៅជិតរថយន្តដឹកមន្ត្រីរាជការចេញពីក្រសួងរ៉ែ។ នេះបើតាមសារព័ត៌មាន BBC។
ក្រុមឧទ្ទាមតាលីបង់អះអាងថា ពួកគេជាអ្នករៀបចំការវាយប្រហារនេះ។ នៅក្នុងទីក្រុងកាប៊ុលនៅក្នុងឆ្នាំនេះ មានការវាយប្រហារជាបន្តបន្ទាប់ ហើយត្រូវបានគេចោទប្រកាន់ថា ការវាយប្រហារទាំងនោះធ្វើឡើងដោយពួកក្រុមឧទ្ទាមតាលីបង់ ឬការជួយរៀបចំដោយពួក IS។
ក្រុមសន្តិសុខបានគ្រប់គ្រង់នៅកន្លែងដែលមានការវាយប្រហារនោះ។ មន្ត្រីរដ្ឋាភិបាលលើកឡើងថា ក្រុមវាយប្រហារនោះដាក់គោលដៅលើផ្ទះរបស់អ្នកនយោបាយនៅក្បែរនោះ ប៉ុន្តែដោយសារតែមានការទប់ស្កាត់ពីក្រុមកម្លាំងការពារសន្តិសុខទើបបំណងរបស់ពួកគេមិនបានសម្រេច៕