រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយកាលពីថ្ងៃម្សិលមិញថា ក្រុងប៉េកាំងចង់រក្សាស្ថេរភាពនៅសមុទ្រចិនខាងត្បូង ខណៈដែលប្រទេសនេះស្វែងរកសម្ព័ន្ធភាពនៅក្នុងតំបន់ ចំពេលមានភាពតានតឹងនៅក្នុងដែនទឹកមានជម្លោះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានចុះផ្សាយថា អាមេរិកបានរិះគន់ចិនដែលរំលោភលើច្បាប់អន្តរជាតិ តាមរយៈការសាងសង់សំណង់យោធា នៅលើកោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលធ្វើឲ្យអន្តរាយដល់ស្ថេរភាពតំបន់។
ប្រទេសចិនបានអះអាងជាម្ចាស់លើដែនទឹកសម្បូរប្រេងនេះ និងជាច្រកសមុទ្រដែលនាវាពាណិជ្ជកម្មឆ្លងកាត់រៀងរាល់ឆ្នាំ មានតម្លៃដល់ទៅ ៥ពាន់ពាន់លានដុល្លារ។ ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងកោះតៃវ៉ាន់ ក៏បានអះអាងជាម្ចាស់ផងដែរ។
ដោយលើកឡើងពីបញ្ហានៅសមុទ្រចិនខាងត្បូង លោក វ៉ាង ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅទីក្រុងបាងកកនោះ បានប្រាប់អ្នកយកព័ត៌មានថា ចិនចង់រក្សាស្ថេរភាពនៅសមុទ្រចិនខាងត្បូង ស្របទៅនឹងលក្ខខណ្ឌដែលត្រូវបានឯកភាពគ្នានៅក្នុងក្រមប្រតិបត្តិនាពេលខាងមុខ៕