រដ្ឋាភិបាលប្រមើលថានៅពេលខាងមុខថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងមួយក្រុង ឬមួយស្រុក អាចនឹងកើនដល់ជាង២លានដុល្លារ ក្នុងមួយឆ្នាំ ខណៈដែលបច្ចុប្បន្នទទួលបានតែចន្លោះពី២០ទៅ៣០ម៉ឺនដុល្លារ។
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប លោក ង៉ាន់ ចំរើន បានឲ្យអ្នកសារព័ត៌មានដឹងបន្ទាប់ពីកិច្ចប្រជុំមួយ កាលពីថ្ងៃព្រឹកម្សិលមិញថា គណកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រមើលថាតាមរយៈការផ្ទេរភារកិច្ចជាបន្តបន្ទាប់ពីរដ្ឋបាលថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិនោះ នាប៉ុន្មានឆ្នាំខាងមុខថវិការបស់ថ្នាក់ក្រោមជាតិអាចនឹងចំណាយច្រើនជាងពេលបច្ចុប្បន្ននេះ។ លោកថា៖ « លេខាធិការដ្ឋានអាចប្រមើលថាទៅថ្ងៃអនាគតថវិកា ក្រុង ស្រុក អាចមានថវិកាអាចដល់២ ទៅ៣លានដុល្លារក្នុងមួយក្រុងស្រុក។ ក្នុងករណីដែលមុខងារទាំងអស់ត្រូវបានផ្ទេរទៅជាការទទួលខុសត្រូវរបស់រដ្ឋបាលក្រុងស្រុក ដូច្នេះការផ្ទេរដែលមានភ្ជាប់លក្ខខណ្ឌផ្អែកទៅតាមការផ្ទេរលក្ខខណ្ឌការងារនោះ វាធំជាងចំណែកថវិកា តែថវិកានោះវាអត់ធ្វើឲ្យថវិកាជាតិប៉ោងទេ។ ថវិកានៅដដែល គ្រាន់តែកាត់ពីក្រសួងស្ថាប័នផ្ទេរទៅឲ្យក្រុងស្រុក ដូច្នេះវាមិនប៉ះពាល់ដល់ថវិកាជាតិទេ » ។
បើតាមលោក ង៉ាន់ ចំរើន ថវិកាដែលរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ ចំណាយនាពេលបច្ចុប្បន្ននេះមានប្រមាណពី២០ ទៅ៣០ម៉ឺនដុល្លារក្នុងមួយក្រុង ស្រុក ដែល៧០%នៃថវិកាទាំងនោះត្រូវចំណាយទៅលើប្រាក់ខែ និងកិច្ចការរដ្ឋបាល ហើយនៅសល់មិនដល់៣០%ទេដែលអាចប្រើប្រាស់បានសម្រាប់ការអភិវឌ្ឍ។
អ្នកឯកទេសខាងផ្នែកអភិបាលកិច្ច លោក ឱក សេរីសោភក្កិ៍ មានប្រសាសន៍ថា ការទម្លាក់លុយជាង២លានដុល្លារនេះគឺអាចទៅរួច តែអាចមានបញ្ហានៃដំណើរការនេះ បើមិនមានការស្រុះស្រួលគ្នាពីក្រសួងពាក់ព័ន្ធជាមួយ ក្រសួងសេដ្ឋកិច្ច និងក្រសួងមហាផ្ទៃ។ ទោះជាយ៉ាងណាលោកជឿថា លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៧នេះ វាអាចនឹងជម្រុញដល់រដ្ឋាភិបាលឲ្យធ្វើកិច្ចការនេះបានលឿនទៅមុខដើម្បីប្រជាប្រិយភាពខ្លូននៅឆ្នាំ២០១៨។
លោកថា៖ « គ្រាន់តែគិតពីទំហំទឹកលុយគឺអាចទៅរួច វាមិនធំដុំអីប៉ុន្មានបើគ្រាន់តែយើងគិតពីទំហំទឹកលុយនោះណា ប្រសិនជាយើងគិតជាក្រសួងនីមួយៗនោះណា។ ក៏ប៉ុន្តែដូចខ្ញុំនិយាយម្តងហើយម្តងទៀតអញ្ចឹងនៅពេលដែល យើងទៅបេះបោចយកពីមាត់របស់គេនោះណា។ នៅពេលដែលអនុវត្តន៍នោះ តើគេអនុវត្តន៍ភ្លាមៗទៅតាមកាលបរិច្ឆេទដែល សន្មត់គ្នាយ៉ាងម៉េច ហើយចំនួនទឹកប្រាក់ប៉ុន្មានៗដង តើវាជ្រុះតាមផ្លូវអីមិចខ្លះៗអាហ្នឹងមិនស្រួលតាមដែលយើងគិតណា » ។
បើតាមលោក ឱក សេរីសោភក្កិ៍ ដើម្បីធ្វើឲ្យដំណើការនេះអាចប្រព្រឹត្តទៅបានវាចាំបាច់ត្រូវការឲ្យក្រសួងមហាផ្ទៃដើរតួរជាអ្នកសម្របសម្រួល ជាមួយក្រសួងសេដ្ឋកិច្ច ធ្វើយ៉ាងណារកឲ្យឃើញគោលដៅតែមួយក្នុងការផ្ទេរនោះដើម្បីឲ្យការទម្លាក់ថវិកានោះអាចប្រព្រឹត្តិទៅបានរលូន៕