មេដឹកនាំដែនដីហុងកុងលោកស្រី ការី ឡាំ និងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង បានបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធនៃប្រទេសទាំងពីរ នៅក្នុងពេលដែលមេដឹកនាំហុងកុងបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី។
លោកស្រី ការី ឡាំ បានធ្វើដំណើរទៅបំពេញទស្សនកិច្ច២ថ្ងៃនៅប្រទេសសិង្ហបុរីតាមការអញ្ជើញរបស់លោក លី សៀនឡុង។
មេដឹកនាំទាំងពីរបានទទួលទានអាហារពេលល្ងាចជាមួយគ្នាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយបានចែករំលែកពីបទពិសោធន៍ក្នុងពេលជួបបញ្ហាប្រឈមនិង ភាពជោគជ័យនៃប្រទេសទាំងពីរទៅវិញទៅមក។ នេះបើតាមសារព័ត៌មាន Channel News Asia។
នៅក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា បើទោះជាប្រទេសទាំងពីរមានការប្រឈមលើចំណុចមួយចំនួន ប៉ុន្តែមានការសហការគ្នាលើផ្នែកជាច្រើន។
នៅក្នុងការពិភាក្សាលោកស្រី ឡាំ និង លោក លី បានលើកឡើងពីការទំនាក់ទំនង ហុងកុង សិង្ហបុរី និង អាស៊ាន កិច្ចសហការលើផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ហិរញ្ញវត្ថុនិងអាកាសចរណ៍ស៊ីវិលជាដើម។ ក្នុងជំនួបនោះពួកគេក៏បានពិភាក្សាពីការចាប់ផ្តើមអនុវត្តន៍គោលនយោបាយអន្តរជាតិរបស់ចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ៕