មនុស្សដល់ទៅ ៨០នាក់ ក្នុងនោះមានស្រី ៧នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេសកាលពីថ្ងៃម្សិលមិញនេះ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់នគរបាលជាតិ។
របាយការណ៍ដែលផ្សាយលើវេបសាយនគរបាលជាតិ បានឲ្យដឹងថា បទល្មើសគ្រឿងញៀន ៣៦ករណី ត្រូវបានសមត្ថកិច្ចបង្ក្រាបបានត្រឹមតែមួយថ្ងៃម្សិលមិញនេះ ដោយចាប់ខ្លួនមនុស្សដល់ទៅ ៨០នាក់ ក្នុងនោះ ៧០នាក់ ត្រូវបានសង្ស័យពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
របាយការណ៍នគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនជាង ៨ពាន់នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងរយៈពេល ៥ខែដំបូងដើមឆ្នាំនេះ។
បញ្ហាគ្រឿងញៀន ត្រូវបានរកឃើញក្នុងការស្ទង់មតិមួយកាលពីឆ្នាំមុនថា ជាចំណុចខ្សោយធំមួយរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕