មេដឹកនាំគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ត្រូវបានរាយការណ៍ថា ត្រូវបាននាំខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញជាថ្មីម្ដងទៀតហើយនៅព្រឹកថ្ងៃនេះ ដើម្បីសាកសួរបន្តជុំវិញការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀននៅខេត្តកំពង់ស្ពឺកាលពី ១០ឆ្នាំមុន។
លោក ញឹក ប៊ុនឆៃ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញម្ដងរួចមកហើយកាលពីថ្ងៃម្សិលមិញ ហើយនៅវេលាម៉ោង ៥ល្ងាច សមត្ថកិច្ចក៏បាននាំរូបលោកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ។
អ្នកយកព័ត៌មានវីអូឌី លោក ឆន ចាន់រ៉េន ដែលបានតាមដានករណីនេះនៅឯតុលាការនោះ បានរាយការណ៍មកថា អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចរូបនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរបន្តទៀតនៅព្រឹកថ្ងៃនេះ។
ជាអតីតឧបនាយករដ្ឋមន្ត្រី និងជាឧត្ដមសេនីយ៍ផ្កាយ ៤ផងនោះ លោក ញឹក ប៊ុនឆៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅឯគេហឋានរបស់លោក កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ ដោយសមត្ថកិច្ចថា លោកមានជាប់ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀននៅឃុំត្រែងត្រយឹង ស្ថិតក្នុងស្រុកភ្នំស្រួច។
ទោះជាយ៉ាងណា អតីតមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលរូបនេះ ត្រូវបានចាប់ខ្លួន បន្ទាប់ពីលេចធ្លាយព័ត៌មានថា លោកមានបំណងចុះចូលជាមួយគណបក្សប្រឆាំង ដែលនាំឲ្យបក្សកាន់អំណាចមានមន្ទិលសង្ស័យពីភាពស្មោះត្រង់របស់លោក៕